ជាតិ
សង្គមជាតិ
ស្ថិតិ​សាសនាផ្សេងៗនៅ​ទូទាំងប្រទេស​កម្ពុជា​ប្រចាំ​ឆ្នាំ២០១៤
11, Jan 2015 , 8:00 pm        
រូបភាព
ដោយ: ថ្មីៗ
តាមរយៈ​របាយការណ៍​ស្ថិតិ​សាសនា​ទូទាំងប្រទេស​កម្ពុជា​ប្រចាំ​ឆ្នាំ២០១៤ របស់​សៀវភៅ​កម្ពុជសុរិយា ដែល​រៀបចំឡើង​ដោយ​ក្រសួង​ធម្មការ​និង​សាសនា បាន​បង្ហាញថា ពលរដ្ឋ​កម្ពុជា​កាន់​ព្រះពុទ្ធសាសនា​ចំនួន៩៥ភាគរយ។ ក្រៅពី​សាសនាព្រះពុទ្ធ ក្នុងនោះ​ក៏មាន​សាសនា​ផ្សេងទៀត​ដែល​ប្រជាពលរដ្ឋ​មួយចំនួន​ក្នុងប្រទេស​កម្ពុជា​គោរព​ផងដែរ។



ក្នុង​របាយការណ៍​ស្ថិតិ​បាន​បង្ហាញថា សាសនា​ឥស្លាម​មាន​ពលរដ្ឋ​គោរព ចំនួន ៣៤,២៩៩០នាក់ ។ ទីកន្លែង​ថ្វាយបង្គំ​មាន​ចំនួន៩១៤កន្លែង។ សាលា​ឥស្លាម​មាន​ចំនួន៣០៤កន្លែង។ អង្គការ​សមាគម​មាន​ចំនួន៣៩កន្លែង។ សាសនា​ឥស្លាម​មាន​បែង​ចែកជា និកាយ​ស៊ី​ទី និកាយ​សា​ហ្វា​អ៊ី និង​និកាយ​សាឡា​ស​ហ្វី។

ចំណែក​សាសនា​គ្រី​ស្ទ​មាន​ពលរដ្ឋ​គោរព​ចំនួន ៩៦,០៥៩ នាក់។ កន្លែង​ថ្វាយបង្គំ​មាន​ចំនួន១៥១៤កន្លែង។ អង្គការ​សមាគម៩៤កន្លែង។ ជាមួយគ្នានេះ​សាសនា​គ្រី​ស្ទ​មាន​បែង​ចែកជា​និកាយ​កាតូលិក ប្រូ​តេស្ដ​ង់ សាក្សី​ព្រះ​យេ​ហូ​រ៉ា ជាដើម។ ដោយឡែក​សាសនា​មហាយាន មាន​ពលរដ្ឋ​គោរព​ចំនួន២៥,៣៧៥នាក់។ ទីកន្លែង​ថ្វាយបង្គំ​មាន​ចំនួន១៧៤កន្លែង។ សាសនា​មហាយាន ដែល​ពលរដ្ឋ​គោរព​មានដូចជា ម៉ី​ឡឹ​ក ខុង​ម៉ី​ង ព្រះ​នាង​គង់​ស៊ី​អ៊ី​ម អ្នកតាចិន អ៊ី​ក្វាន់​តាវ ជប៉ុន និង​វៀតណាម។

ចំពោះ​សាសនា​បា​ហៃ និង​សាសនា​កៅ​ដាយ គឺ​ប្រជាពលរដ្ឋ​កម្ពុជា​ភាគច្រើន​មិនសូវ​បាន​ឭ និង​ស្គាល់​នោះទេ។ ប៉ុន្ដែ​សាសនា​នេះ​ក៏មាន​ពលរដ្ឋ​មួយចំនួន​គោរព​ផងដែរ ដោយ​សាសនា​បា​ហៃ មាន​ចំនួន ៦,១៦៨នាក់ និង​មាន​វិហារ​ចំនួន២៥កន្លែង។ រីឯ​សាសនា​កៅ​ដាយ មាន​ពលរដ្ឋ​គោរព​ចំនួន១,៧៧៧នាក់ និង​មាន​កន្លែង​ថ្វាយបង្គំ​ចំនួន៤កន្លែង៕




© រក្សាសិទ្ធិដោយ thmeythmey.com