ជាតិ
សង្គមជាតិ
ជំនាន់​មុន ស្ថាបត្យករ ពិបាក​រកប្រពន្ធ​ជាង​វិស្វករ​សំណង់
12, Jan 2015 , 7:50 am        
រូបភាព
ភ្នំពេញ៖ លោក​ស្ថាបត្យករ វណ្ណ ម៉ូលីវណ្ណ កើត​នៅ​ឆ្នាំ១៩២៦ នៅក្នុង​ខេត្តកំពត ហើយ​នៅ​ឆ្នាំ២០១៥នេះ លោក​មាន​អាយុ៨៩ឆ្នាំ។ លោក វណ្ណ ម៉ូលីវណ្ណ គឺជា​សិស្ស​ទី១ដែល​បាន​ប្រឡង​ជាប់​បាក់​ឌុប​នៅ​វិទ្យាល័យ​ស៊ីសុវត្ថិ​នៅ​ឆ្នាំ១៩៤៤ ។ នៅ​ឆ្នាំ១៩៤៧-១៩៥៦ លោក​បាន​ទៅ​សិក្សា​ផ្នែក​ស្ថាបត្យកម្ម​នៅ​ទីក្រុង​បារី​ស ប្រទេស​បារាំង។ នៅ​ជំនាន់​នោះ កម្ពុជា​គ្មាន​ស្ថាបត្យករ​ច្រើន​ទេ ហើយ​ប្រជាជន​ទូទៅ​ក៏​មិនសូវ​ស្គាល់​អាជីព​នេះដែរ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ កាលពី​ជំនាន់​នោះ ស្ថាបត្យករ ពិបាក​រកប្រពន្ធ​ជាង​វិស្វករ​សំណង់។



នៅក្នុង​បទសម្ភាសន៍​ចុះផ្សាយ​កាលពីដើមឆ្នាំ២០០០ នៅក្នុង​សៀវភៅ​ដែលមាន​ចំណងជើង​ថា៖«ខ្មែរ​ប្រឈម​នឹង​វប្បធម៌» លោក វណ្ណ ម៉ូលីវណ្ណ បាន​រម្លឹក​អតីតកាល​ថា កាលពី​ជំនាន់​លោក​សិក្សា​ជំនាញ​ស្ថាបត្យកម្ម ពលរដ្ឋ​ខ្មែរ មិនសូវ​ស្គាល់​ជំនាញ​នេះ​ទេ។ កាលនោះ គេ​ពេញនិយម​តែ​ជំនាញ​វិស្វករ។

លោក វណ្ណ ម៉ូលីវណ្ណ បាន​បន្តទៀតថា ពលរដ្ឋ​ខ្មែរ​គិត​ស្មានថា ស្ថាបត្យករ គឺជា​ជាងគំនូរ។ លោក​បានបញ្ជាក់​នៅក្នុង​បទសម្ភាសន៍​ដដែល​នោះ​ថា៖«គេ​ស្រឡាញ់ គេ​និយម គេ​គោរព​តែ​ជាងសំណង់(វិស្វករ​សំណង់)ទេ។ ពេល​រកប្រពន្ធ​ស្ថាបត្យករ ត្រូវ​រកប្រពន្ធ​ដោយ​ខ្លួនឯង ព្រោះ គេ​មិនអោយ​កូន​គេ​ទេ គេ​អោយទៅ​ពួក​វិស្វករ​សំណង់»។

លោក វណ្ណ ម៉ូលីវណ្ណ បានអោយដឹង​តាមរយៈ​បទ​សម្ភា​ន៍​នោះ​ទៀតថា ដោយសារតែ​ស្រុក​ខ្មែរ​មិន​ស្គាល់​ជំនាញ​ស្ថាបត្យកម្ម ដូច្នេះ លោក​បាន​ខិតខំ​ប្រឹងប្រែង និង​ចង់បង្ហាញ​អោយគេ​ឃើញថា ស្ថាបត្យករ​មិន​ត្រឹមតែ​ចេះ​គូរ​ទេ តែ​ចេះ​សង់​បន្ថែមទៀត។

«ខ្ញុំ​ចង់អោយ​ពួកយើង​សាងសង់​អគារថ្មីៗរៀន​ពី​អតីតកាល ដូច​ជនជាតិ​អាល្លឺម៉ង់ ដែល​បានធ្វើអោយ​ស្ថាបត្យកម្ម​បុរាណ និង​សម័យ​រួមបញ្ចូល​គ្នា»។ នេះ​គឺជា​ឱវាទ​របស់លោក វណ្ណ ម៉ូលីវណ្ណ អត្ថាធិប្បាយ​នៅក្នុង​សៀវភៅ​ដែលមាន​ចំណងជើង​ថា«ស្នាដៃ​ស្ថាបនិក​សតវត្សរ៍​ទី២០»។

ស្ថាបត្យករ​ឯកនៃ​ប្រទេស​កម្ពុជា​រូបនេះ​បាន​រម្លឹកថា តាំងពី​សង្គ្រាមលោកលើកទី២ ប្រទេស​បារាំង​បាន​បង្កើត​ស្ថាបត្យកម្ម​បុរាណ​ទំនើប​លើ​ស្ថាបត្យកម្ម​ដែល​បន្សល់ទុក​ពី​សង្គ្រាម។ ជនជាតិ​អាល្លឺម៉ង់ បាន​ជួសជុល​ព្រះវិហារ​ដែល​ត្រូវបាន​បំផ្លាញ​ក្នុងពេល​សង្គ្រាម ដោយ​សាងសង់​ឡើងវិញ​ដូចដើម។

លោក វណ្ណ ម៉ូលីវណ្ណ ដែលមាន​អាយុ៨៩ឆ្នាំ​នៅ​ឆ្នាំ២០១៥នេះ បាន​និយាយថា៖«ខ្ញុំ​សង្ឃឹមថា កូនចៅ​ជំនាន់​ក្រោយ​នឹង​ខិតខំ​រក​គំនិត​ថ្មី ការឆ្នៃប្រឌិត​ថ្មី និង​បន្ថែម​លើ​សម័យបុរាណ»។ លោក​បាន​បន្តទៀតថា៖«ស្ថាបត្យកម្ម​នៅ​កម្ពុជា​ដែល​សាងសង់​ដោយ​ជនបរទេស​មិន​ប្រាកដថា​ត្រឹមត្រូវ​ទេ។ ខ្មែរ​គួរ​ខិតខំ​បង្កើត​ដោយ​ខ្លួនឯង​នូវ​អ្វីដែល​សម័យអង្គរ​បាន​បន្សល់ទុក»។

ស្ថិតក្នុង​វ័យ៨៩ឆ្នាំ បច្ចុប្បន្ន លោក វណ្ណ ម៉ូលីវណ្ណ កំពុង​រស់នៅ​ខេត្ត​សៀម​រាម ទីក្រុង​ប្រាសាទ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ លោក​បាន​ផ្លាស់ប្តូរ​ទីលំនៅ​ពី​ទីក្រុង​ភ្នំពេញ(ទីក្រុង​ទន្លេ) ទៅ​រស់នៅ​ទីក្រុង​ប្រាសាទ​កាលពី​ខែកក្កដា​ឆ្នាំ២០១៤កន្លងមក។ លោក​បាន​ថ្លែងថា លោក​ចង់​រស់នៅ​ទីក្រុង​សៀម​រាម​ជាង​ទីក្រុង​ភ្នំពេញ។ ប៉ុន្តែ​លោក​មិនបាន​ប្រាប់​ពី​មូលហេតុ​លម្អិត​នោះទេ។

នៅក្នុង​ទស្សនៈវិស័យ​របស់លោក​នៅក្នុង​សៀវភៅ«ស្នាដៃ​ស្ថាបនិក​សតវត្សរ៍​ទី២០»ដដែល លោក វណ្ណ ម៉ូលីវណ្ណ បានលើកឡើង​របៀប​ជា​សំណួរ​ថា៖«ខ្ញុំ​មិនដឹងថា អ្នកជំនាន់ក្រោយ​របស់​ខ្ញុំ នឹង​អាចធ្វើអោយ​កម្ពុជា​ត្រូវបានគេទទួលស្គាល់​ឬ​យ៉ាងណា​នោះទេ។ យើង​ត្រូវការ​គំនិត​ថ្មី និង​អោយមាន​ការផ្លាស់ប្តូរ​គ្រប់យ៉ាង ដោយ​មិន​ត្រាប់​តាម​អ្វីដែល​របប​ប្រល័យពូជសាសន៍​ខ្មែរក្រហម​បាន​បំ​ផ្លិ​ញ​បំផ្លាញ»។ លោក​បាន​បន្ថែមទៀតថា៖«ត្រូវ​ថែរក្សា​សំណង់​បុរាណ​អោយបាន​គង់វង្ស និង​សង់​ថ្មី​បន្ថែម​អោយបាន​ច្រើន​ទៀត»។

ក្នុង​បទ​សម្ភា​ន៍​ជាមួយ​សារព័ត៌មានថ្មីៗកាលពី​ថ្ងៃ​ចន្ទ​ទី៥ខែមករា​ឆ្នាំ២០១៥កន្លងមក នៅក្នុង​ទីក្រុង​សៀមរាប​អង្គរ លោក វណ្ណ ម៉ូលីវណ្ណ បានបញ្ជាក់​ជំហរ​របស់លោក​យ៉ាង​ដូច្នេះ​ថា៖«ខ្ញុំ​ខ្មែរ ខ្ញុំ​ធ្លាប់​រស់នៅ​ក្នុងផ្ទះ​ឈើ ប្រក់​ក្បឿង ដូច្នេះ ខ្ញុំ​ត្រូវតែ​ស្រឡាញ់​របស់​ហ្នឹង។ ខ្ញុំ​កើត​ក្នុង​អត្តសញ្ញាណ​ខ្មែរ ដូច្នេះ ខ្ញុំ​ត្រូវតែ​រក្សា​អត្តសញ្ញាណ​របស់​ខ្មែរ​ក្នុង​ស្ថាបត្យកម្ម​រហូតដល់​ជីវិតចុងក្រោយ​របស់ខ្ញុំ»។

អង្គុយ​នៅលើ​កៅអី​សាមញ្ញ​ក្នុងផ្ទះ​រចនាបទ​ខ្មែរ​នៅក្នុង​ខេត្តសៀមរាប លោក វណ្ណ ម៉ូលីវណ្ណ បានស្នើ​ដល់​ស្ថាបត្យករ​ជំនាន់​ក្រោយ​យ៉ាង​ដូច្នេះ​ថា៖«ត្រូវ​រក្សា​អត្តសញ្ញាណ​ខ្មែរ​នៅក្នុង​សំណង់​ទាំងអស់»។

លោក​បាន​រម្លឹកថា កាលពី​ជំនាន់​មុន គេ​ថា​លោក​បាន​ជួយ​បង្កើត​ចលនា​មួយ​ដែល​គេ​ហៅថា ស្ថាបត្យកម្ម​ខ្មែរ​បែប​ទំនើប។ ប៉ុន្តែ​សម្រាប់​សាស្ត្រ​ចា​រ្យ​ជនជាតិ​ជប៉ុន​ខ្លះ​វិញ គេ​បាន​ហៅ​លោ​កថា៖«លោក​មិន​ត្រឹមតែ​ជា​អ្នកបង្កើត​ចលនា​ស្ថាបត្យកម្ម​ខ្មែរ​ទំនើប​ប៉ុណ្ណោះ​ទេ។ តែ​លោក គឺជា​អ្នកបង្កើត​ចលនា​អោយ​វប្បធម៌​ខ្មែរ​រស់​ឡើងវិញ»។ ស្ថាបត្យកម្ម គឺជា​ផ្នែក​មួយ​នៃ​វប្បធម៌៕

 


© រក្សាសិទ្ធិដោយ thmeythmey.com