ជាតិ
​​​ន​យោ​បាយ​ជាតិ​
អាមេរិក​នឹង​ដក​ឈ្មោះ​លោក​ ប៉ែន សុវណ្ណ​ ចេញពីបញ្ជីខ្មៅ
12, Jan 2015 , 4:57 pm        
រូបភាព
រដ្ឋាភិបាលអាមេរិក នឹងសម្រេចដកឈ្មោះលោក ប៉ែន សុវណ្ណ ចេញពី​បញ្ជីខ្មៅរបស់​ខ្លួន ។ នេះបើតាមសម្តី​របស់​មន្រ្តីស្ថានទូត​អាមេរិក​ ប្រចាំ​នៅកម្ពុជា ដែលនិយាយបន្តដោយ ​លោក ប៉ែន សុវណ្ណ​ អតីត​នាយករដ្ឋមន្រ្តីខ្មែរ។ ការសន្យាបែបនេះ បានធ្វើឡើងក្រោយពីលោក ប៉ែន សុវណ្ណ ដែលត្រូវ​រដ្ឋាភិបាលអាមេរិកសម្រេចដាក់ឈ្មោះ​ក្នុងបញ្ជីខ្មៅ​របស់​ខ្លួននោះ​ ចូលខ្លួនទៅបកស្រាយ​នៅ​ចំពោះ​មុខមន្រ្តី​ស្ថានទូត​អាមេរិក​ប្រចាំ​នៅកម្ពុជា នៅវេលាម៉ោង ​៣ រសៀល​ ថ្ងៃ​ចន្ទ ទី ១២ ខែ មករា នេះ​ ​ ។



លោក​ ប៉ែន សុវណ្ណ ដែលបច្ចុប្បន្ន មានវ័យ​ ៧៩ ​ឆ្នាំ​ទៅហើយ​នោះ​ បាន​អះអាង​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ក្រោយពីជំនួប​ជាមួយមន្រ្តីស្ថានទូត​អាមេរិក​រយៈពេល​កន្លះ​ម៉ោងដូច្នេះថា​៖ « ជំនួបនេះ ខ្ញុំ​ទៅ​ពី​រនាក់​ជំនួយការ​របស់ខ្ញុំ ដែលជាប់ពាក់ព័ន្ធនោះ។ ក្រោយខ្ញុំ​បកស្រាយ​ថា ជំនួយ​ការខ្ញុំ​គឺ លោក សេង វណ្ណា​ ​គាត់​សម្រាក​ព្យាបាល​ជំងឺនៅអាមេរិក និងបាន​ត្រឡប់​មក​កម្ពុជាវិញហើយ  តំណាងស្ថានទូតអាមេ​រិកក៏​បាន​យល់​ ហើយ​ប្រាប់​ខ្ញុំ​ថា នឹងដក​ឈ្មោះ​ខ្ញុំ​ចេញ​ពី​​បញ្ជី​ខ្មៅ​វិញ​» ។ នេះ​ជាការ​បញ្ជាក់​របស់​អ្នក​នយោបាយ​វ័យ​ចំណាស់​ខាង​លើ។

ជាមួយ​គ្នា​លោក​តំណាងរាស្ត​គណបក្ស​សង្គ្រោះជាតិ​មណ្ឌលកំពង់​ស្ពឺរូបនេះ​ បានច្រាន​ចោលការ​លើក​ឡើង​​មួយចំនួន​​ដែលនិយាយ​ថា រូប​លោកត្រូវ​អាមេរិក​ចោទ​ប្រកាន់​ពី​បទ​ជួយ​ដូរ​មនុស្ស​ផង​ដែរ។ លោក ប៉ែន សុវណ្ណ បញ្ជាក់​ដូច្នេះថា ៖  « ​ហេតុ​ផល​ដែល​គេ​ដាក់​ខ្ញុំ​ក្នុង​បញ្ជី​ខ្មៅ​ ដោយសារគេចោ​ទថា ខ្ញុំ​យកមនុស្សទៅ​អាមេរិក​នៅ​ឆ្នាំ​ ២០១១ ពេលនោះក្នុង​ឋានៈ​ខ្ញុំ​ជាមន្រ្តីបក្សសិទ្ធិមនុស្ស ហើយ​មិន​យក​មក​វិញ​។ ហើយ​ខ្ញុំ​មិនបានបក​ស្រាយប្រាប់​រដ្ឋាភិបាល​អាមេរិក​។ ចំពោះអ្នកនិយាយ​ថា ខ្ញុំ​ជួញ​ដូរ​មនុស្ស​នោះ ហួស​ហេតុ​ពេក​» ។

ដោយ​ឡែក​ចំពោះ​ជំនួយ​ការ​រ​បស់​ខ្លួន គឺ​ លោក សេង​ វណ្ណា លោក ប៉ែន សុវណ្ណ​ បានសម្រេច​បញ្ឈប់ពីការ​ងារ​ជា​ជំនួយ​ការ​ខ្លួន​ហើយ​ ៕


© រក្សាសិទ្ធិដោយ thmeythmey.com