កីឡាជាតិ
ជាតិ
លោក​ហែម ថុ​ន​ធ្លាប់ជា​អតីត​កីឡាករ​ហែល​ទឹក​ដែលមាន​សក្ដានុពល​រប​ស់​កម្ពុជា
13, Jan 2015 , 9:51 am        
រូបភាព
ដោយ:
លោក​ហែម ថុ​ន​អគ្គលេខាធិការរង​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​អូឡាំពិក​កម្ពុជា​និង ជា​អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក​បានទទួល​មរណភាព​កាលពី​ថ្ងៃទី១២ មករា ម្សិលមិញ​ដោយ​រោគាពាធ​ត្រឹម​វ័យ ៧២ ឆ្នាំ។



ងាក​ទៅ​អតីតកាល​វិញ​បុរស​ខ្លាំង​ក្នុង​វិស័យ​កីឡា​ជាតិ​រូបនេះ​ធ្លាប់​ដណ្ដើមបាន​មេដាយ​លើ​ឆាក​អន្តរជាតិ​រហូតដល់​ចំនួន១២ គ្រឿងក្នុង​នោះ​មាន​មេដាយមាស១ គ្រឿង ប្រាក់ ៥ និង សំរឹទ្ធ៥ គ្រឿង​លើ​ផ្នែក​កីឡាហែលទឹក​នេះ។

១)
ឆ្នាំ១៩៦៣លោក​ដណ្ដើមបាន​មេដាយ​សំរឹទ្ធ​ចំនួន​បី​ពី​ការប្រកួត​ជើងឯក​កីឡាហែលទឹក​ក្នុង​កម្មវិធី 1st Games of the New Emerging Forces (GANEFO) ដែល​បាន​រៀបចំឡើង​នៅ​ទីក្រុង​ហ្សា​កាតា​ប្រទេស​ឥណ្ឌូណេស៊ី។

២)
នៅ​ឆ្នាំ១៩៦៥លោក​បាន​ចេញទៅ​ប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី៣នៅ​ប្រទេស​ម៉ាឡេស៊ី ហើយ​ជា​លទ្ធផល​ដណ្ដើមបាន​មេដាយប្រាក់២និង សំរឹទ្ធ១ គ្រឿង។

៣) នៅ​ឆ្នាំ១៩៦៦ លោក​បាន​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ស្វី​មមី​ង( SEA SWIMMING) នៅ​ប្រទេស​សិង្ហ​បុរី​ហើយ​ថែមទាំង​ទទួលបាន​មេដាយមាស១និង ប្រាក់២ គ្រឿង​ថែម​ទៀតផង។
៤) នៅ​ឆ្នាំ១៩៦៦ លោក​ដណ្ដើមបាន​មេដាយប្រាក់ ១ និង សំរឹទ្ធ ២គ្រឿងក្នុង កម្មវិធី​ប្រកួត​កីឡា 1st Asian GANEFOដែល​ទីក្រុង​ភ្នំពេញ​ធ្វើជា​ម្ចាស់ផ្ទះ។

៥)
នៅក្នុង​កម្មវិធី​កីឡា​អាស៊ី (Asian Games) ឆ្នាំ១៩៧០ ដែល​រៀបចំ​នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ លោក ហែម ថុ​ន​ធ្លាប់​ដណ្ដើមបាន​ចំណាត់ថ្នាក់​លេខ​បួន​ក្នុងចំណោម​ប្រទេស​ជាច្រើន​ចូលរួម។

៦) នៅ​ឆ្នាំ១៩៧១លោក​ដណ្ដើមបាន​មេដាយប្រាក់​មួយគ្រឿង​ពី​ការប្រកួត​ក្នុង​កម្មវិធី​កីឡា​ស៊ី​ហ្គេម នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ​ប្រទេស​ម៉ាឡេស៊ី។

ក្រៅពី​ស្នាដៃ​សល់​ពី​សង្គមចាស់​អតីត​កីឡាករ​ហែល​ទឹក​ទសវត្សរ៍​ឆ្នាំ ១៩៦០ ដល់១៩៧០ នេះ​បាន​ស្រាវជ្រាវ​ឯកសារ​កីឡា​ពី​សម័យ​ដើម​ជាច្រើន​ទុកឱ្យ​ក្មេងជំនាន់ក្រោយ។ ចុងក្រោយ​នេះ​លោក​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុងការ​ចូលរួម​កសាង​អាង​ហែល​ទឹក​ខ្នាត​អន្តរជាតិ​មួយ​នៅឯ​ខេត្តកំពង់ចាម​ដែល​គ្រោង​នឹងដាក់​សម្ពោធ​ឱ្យប្រើ​ប្រាស់​ក្នុង​ខែមេសា ខាងមុខ៕

រូបថត៖សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក



© រក្សាសិទ្ធិដោយ thmeythmey.com