ជាតិ
​​​ន​យោ​បាយ​ជាតិ​
សហភាព​ការងារ​បង្ហាញ​របាយការណ៍​រំលោភ​សេរីភាព​កម្មករ​ប្រចាំឆ្នាំ២០១៤
15, Jan 2015 , 8:45 pm        
រូបភាព
ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន បានចេញ​សេចក្ដីថ្លែងការណ៍ នៅ​ថ្ងៃទី១៥មករា​នេះ ស្ដីពី អំពី​ហិង្សា និង​ការរំលោភផ្សេងៗ មកលើ​កម្មករនិយោជិត​ឆ្នាំ២០១៤ ក្នុងអំឡុងពេល​កម្មក​រ​និយោជិត​នាំគ្នា​តវ៉ា ដើម្បី​ទាមទារ​លក្ខខណ្ឌ​ការងារ​របស់​ពួកគេ។



ក្នុង​សេចក្ដីថ្លែងការណ៍​បាន​បង្ហាញថា ក្នុងអំឡុង​ពេលចេញ​សកម្មភាព​តវ៉ា ជាមួយ​ក្រុមហ៊ុន និង​រដ្ឋាភិបាល​កាលពី​ឆ្នាំ២០១៤កន្លងមក សហភាព​ការងារ​កម្ពុជា ត្រូវបាន​ក្រុមហ៊ុន និង​រដ្ឋាភិបាល​ប្ដឹងទៅ​តុលាការ​ចំនួន២០ករណី ។កម្មករនិយោជិត​បញ្ឈ​ប់​ពី​ការងារ​មាន​ចំនួន ៦៧១៥នាក់ ក្នុងនោះ​បុរស៤០ភាគរយ។ ប៉ុន្ដែ​បាន​ចូលធ្វើការ​វិញ​មាន​ចំនួន ៤២៦៦នាក់។

កម្មករ​ទាមទារ​ប្រាក់​សំណង​មាន​ចំនួន ៣៤៦នាក់ ដែលមាន​ទឹកប្រាក់​ចំនួន ២៣៨,២៨២ដុល្លារ។ អំពើហិង្សា​បង្ក​របួសស្នាម​មាន​ចំនួន៥ ករណី មាន​មនុស្ស​រងគ្រោះ​ចំនួន១០០នាក់ ជនរងគ្រោះ​ជា​បុរស៨០ភាគរយ។

បើតាម​សេចក្តី​ថ្លែង​ការ​ដដែល កម្មករនិយោជិត ដែល​ត្រូវបាន​តុលា​ការចាប់​ដាក់ពន្ធនាគា​រ មាន​ចំនួន២៣នាក់ ដោយសារ​ក្រុមហ៊ុន​និង​មន្ត្រី​រដ្ឋាភិបាល​ប្ដឹង​មាន​ចំនួន ៣ករណី ។ កម្មករនិយោជិត​ជាង១៨០០នាក់ បាន​ដួលសន្លប់​ក្នុងអំឡុងពេល​បំពេញការងារ ដោយសារ​ការ​ថែម​ម៉ោង​ធ្វើការ​ហួសកម្លាំង និង​បរិយាកាស​មិនល្អ រួមជាមួយ​ជាតិគីមី​ពុល។

កម្មករនិយោជិត​គ្រោះថ្នាក់​មាន​ចំនួន ៣៨០០ករណី មាន​អ្នក​គ្រោះថ្នាក់​សរុប​ចំនួន៤៧៣៧នាក់ ដោយ​ក្នុងនោះ​មាន​អ្នកស្លាប់​រហូតដល់៧៣នាក់។

សហភាព​ការងារ​កម្ពុជា យល់ឃើញថា ទោះបីជា​មានការ​អនុវត្ត​ការងារ​បាន​ប្រសើរ​យ៉ាងណាក៏ដោយ ប៉ុន្ដែ​កម្មក​និយោជិត​នៅតែ​រងគ្រោះ និង​ទទួល​ភាពអយុត្តិធម៌​នៅឡើយ។

ដូចនេះ​សហភាព​ការងារ និង​សហជីព​ឯករាជ្យ​ផ្សេងទៀត នៅតែ​បន្ដសកម្មភាព​តស៊ូ​មតិ ដើម្បី​ជំរុញ​ឲ្យ​រដ្ឋាភិបាល និង​និយោជក​ដោះស្រាយ​សិទ្ធិសេរីភាព និង​លក្ខខណ្ឌ​ការងារ​ឲ្យ​បានល្អ​ប្រសើរ​ដូច​ប្រទេស​ជឿនលឿន៕


© រក្សាសិទ្ធិដោយ thmeythmey.com