កីឡាជាតិ
ជាតិ
U23 កម្ពុជា ប្រកួតមិត្តភាពជាមួយក្រុមមកពីកូរ៉េខាងត្បូងត្រូវលើកថ្ងៃ 
×![]()
កម្មវិធីប្រកួតមិត្តភាពអន្តរជាតិរបស់ក្រុមបាល់ទាត់ក្រោមអាយុ ២៣ ឆ្នាំរបស់កម្ពុជា (U23) ជាមួយក្រុមមកពីកូរ៉េខាងត្បូង ត្រូវលើកពេល គឺដំបូងឡើយគ្រោងធ្វើនៅថ្ងៃទី ២ ខែ កុម្ភៈ ប៉ុន្ដលើកទៅធ្វើនៅថ្ងៃទី ៧ ខែកុម្ភៈ វិញ។
តាមការឱ្យដឹងរបស់ថ្នាក់ដឹកនាំក្រុម U23 កម្ពុជា ការលើកពេលនេះធ្វើឡើងឱ្យចំថ្ងៃចុងសប្ដាហ៍ ដើម្បីអំណោយផលដល់ទស្សនិកជនបានចូលទស្សនាប៉ុណ្ណោះ។ ការប្រកួតជាមួយក្រុមជើងឯកលីកលំដាប់ទី៣របស់ប្រទេសកូរ៉េខាងត្បូង Hwasungនឹងធ្វើឡើងនៅកីឡដ្ឋានខេត្តស្វាយរៀង ស្របពេលម៉ោងប្រកួតនៅមិនទាន់កំណត់នៅឡើយនោះទេ។
លោកគ្រូបង្វឹកក្រុមកម្ពុជា Lee Tae Hoonប្រើពេល ៣ ថ្ងៃដើម្បីជ្រើសរើសកីឡាករចំនួន ៣០ នាក់ក្នុងចំណោម ៣៧ នាក់ដែលស្ថិតក្នុងបញ្ជីរបស់ខ្លួន ចាប់ពីថ្ងៃទី ១៥ ដល់ ១៧ ខែ មករា ដោយ ២ ថ្ងៃដំបូងធ្វើឡើងនៅទីលានស្មៅសិប្បនិមិត្ត រ៉ាម៉ា ម្ដុំទួលគោក ចំណែកថ្ងៃចុងក្រោយធ្វើឡើងនៅកីឡដ្ឋាន RSN Stadium របស់ភ្នំពេញក្រោន។ ការប្ដូរកន្លែងប្រកួតនិងកន្លែងហ្វឹកហាត់នេះក៏ព្រោះតែពហុកីឡដ្ឋានជាតិ ជាប់ជួសជុលប្ដូរដាក់ស្មៅសិប្បនិមិត្ត។
សកម្មភាពរបស់ក្រុម U23 នេះគឺដើម្បីត្រៀមចូលរួមប្រកួតក្នុងពានទ្វីបអាស៊ី AFC U-23 Championship 2016 នៅចុងខែមីនា ឆ្នាំ ២០១៥ ខាងមុខក្នុងពូល G ជាមួយក្រុមថៃ, កូរ៉េខាងជើង និង ហ្វីលីពីន។ ម្យ៉ាងវិញទៀតដូចជាការកម្ដៅសាច់ដុំចូលរួមប្រកួតកីឡាស៊ីហ្គេមឆ្នាំ ២០១៥ នៅប្រទេសសិង្ហបុរី ផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com