កីឡាជាតិ
ជាតិ
Hun Sen Cup៖ វគ្គ១៦ក្រុមរៀបចំនៅបាទី ហើយវគ្គបន្តបន្ទាប់ប្រព្រឹត្តនៅទីលានខេត្តស្វាយរៀង 
×![]()
ការប្រកួតកីឡាបាល់ទាត់វគ្គ១៦ក្រុមចុងក្រោយនៃពានរង្វាន់ សម្តេច ហ៊ុន សែន ឆ្នាំ២០១៥ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ខែមករា ខាងមុខនៅទីលានមណ្ឌលបាល់ទាត់ជាតិបាទី ខេត្តតាកែវ។ ព្រឹត្តិការណ៍ដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជាមួយនេះ ឈានដល់រដូវកាលទី៩របស់ខ្លួន ខណៈក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ គឺជាក្រុមដែលត្រូវការពារតំណែងជើងឯក។
ក្រុមកីឡាបាល់ទាត់ចំនួន១៦កំពុងត្រៀមខ្លួនប្រកួតដើម្បីស្វែងរកកៅអីទៅកាន់វគ្គបន្តនៃពានរង្វាន់សម្តេច ហ៊ុន សែន ឆ្នាំ២០១៥ ដោយការប្រកួតនឹងចាប់ដំណើរការពីថ្ងៃទី២១ ខែមករា ខាងមុខនេះ នៅលើទីលានចំនួន៤នៃមជ្ឈមណ្ឌលបាល់ទាត់ជាតិបាទីដែលមានចម្ងាយប្រមាណ៤០គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ នេះជាលើកដំបូងផងដែរដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) សម្រេចចិត្តរៀបចំព្រឹត្តិការណ៍ប្រកួតវគ្គ១៦ក្រុមចុងក្រោយនៃពានរង្វាន់សម្តេច ហ៊ុន សែន នៅក្រៅរាជធានីភ្នំពេញ ខណៈពហុកីឡដ្ឋានជាតិអូឡាំពិកកំពុងស្ថិតនៅក្រោមការជុសជុលនៅឡើយ។
សម្រាប់ការប្រកួតនៅពូល A ក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិដែលជាម្ចាស់ការពារតំណែងជើងឯក ត្រូវតទល់ជាមួយក្រុមខេត្តក្រចេះ ក្រុម Albirex Niigata Phnom Penh និងក្រុមខេត្តត្បូងឃ្មុំ។ ខេត្តក្រចេះគឺជាក្រុមចំណាត់ថ្នាក់លេខមួយនាការប្រកួតជម្រុះនៅមណ្ឌលខាងជើង ក្រុម Albirex Niigata Phnom Penh ដែលគ្រប់គ្រងដោយជនជាតិជប៉ុន ជាប់ពីការប្រកួតជម្រុះនៅមណ្ឌលរាជធានីភ្នំពេញ និងខេត្តត្បូងឃ្មុំ ដែលត្រូវបានជ្រើសរើស បន្ទាប់ពីការដកខ្លួនចេញរបស់ក្រុមសាកលវិទ្យាល័យអាស៊ីអឺរ៉ុប។
នៅក្នុងពូល B បៀលប្រាយដែលជាជើងឯករងឆ្នាំចាស់ ត្រូវប៉ះជាមួយត្រាយអាស៊ីភ្នំពេញ គិរីវង់សុខសែនជ័យ និងក្រុមខេត្តកំពត ដែលទទួលបានចំណាត់ថ្នាក់លេខមួយពីការប្រកួតជម្រុះនៅមណ្ឌលខាងត្បូង។ បៀលប្រាយ ត្រាយអាស៊ីភ្នំពេញ និងគិរីវង់ សុទ្ធតែមានកម្រិតប្រកួតប្រហាក់ប្រហែលគ្នា ខណៈក្រុមខេត្តកំពតត្រូវមានការប្រឹងប្រែងខ្ពស់។
ចម្ការកៅស៊ូបឹងកេតដែលប្តូរឈ្មោះទៅជា បឹងកេតអង្គរស្ថិតក្នុងពូល C ជាមួយជើងឯកពីរជំនាន់ភ្នំពេញក្រោន និងជើងឯកឆ្នាំ២០១០ ក្រសួងការពារជាតិ រួមទាំងខេត្តបាត់ដំបង ដែលទទួលបានចំណាត់លេខមួយនាការប្រកួតជម្រុះពីមណ្ឌលខាងលិច។ គ្រូបង្វឹកបឹងកេត លោក John Mcglynnត្រូវប្រឈមជាមួយភ្នំពេញក្រោនដែលលោកមាននាទីជាជំនួយការកាលពីរដូវកាលមុន។
ជំនួបដែលគួរឲ្យចាប់អារម្មណ៍ផ្សេងទៀតនោះ គឺការប៉ះគ្នារវាងជើងឯកឆ្នាំ២០១៣ ណាហ្គាខបដែលប្តូរឈ្មោះទៅជាណាហ្គាវើល និងជើងឯកពីរសម័យកាល ស្វាយរៀង នៅក្នុងពូល D។ កាលពីឆ្នាំ២០១២ ស្វាយរៀង បានក្លាយជាជើងឯក បន្ទាប់ពីយកឈ្នះណាហ្គាខប ដោយការទាត់បាល់ប៉េណាល់ទី។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមខ្លាំងពីរក៏មិនអាចមើលរំលងក្រុមពីរផ្សេងទៀតក្នុងពូល គឺ ក្រុមអាជ្ញាធរអប្សារា ខេត្តសៀមរាប (លេខមួយមណ្ឌលកណ្តាល) និងក្រុមខេត្តព្រៃវែង (លេខមួយមណ្ឌលខាងកើត) នោះដែរ។
ពីរក្រុមកំពូលនៃពូលនីមួយៗ ត្រូវឈានបន្តទៅកាន់វគ្គមួយភាគបួនផ្តាច់ព្រ័ត្រ ដោយការប្រកួតនឹងប្រព្រឹត្តទៅចន្លោះថ្ងៃទី៣១ ខែមករា និងថ្ងៃទី១ ខែកុម្ភៈ ដោយកីឡដ្ឋានខេត្តស្វាយរៀងទទួលបន្ទុកធ្វើជាម្ចាស់ផ្ទះ រហូតដល់វគ្គផ្តាច់ព្រ័ត្រនាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៥ ។
សូមបញ្ជាក់ថា ពានរង្វាន់កីឡាបាល់ទាត់ដែលមានឈ្មោះថា សម្តេច ហ៊ុន សែន បានចាប់ដំណើរការតាំងពីឆ្នាំ២០០៧មក ដោយខេមករាកីឡាក្លាយជាម្ចាស់ជើងឯកនាព្រឹត្តិការណ៍បើកឆាក ភ្នំពេញក្រោន និងស្វាយរៀង ធ្លាប់ឈ្នះបានពីរលើករៀងៗ ខណៈ ក្រសួងការពារជាតិ ណាហ្គាខប និងអគ្គស្នងការដ្ឋាននគរបាលជាតិ ធ្លាប់ឈ្នះបានមួយលើក។
ក្រុមចំណាត់ថ្នាក់លេខមួយនឹងទទួលបានប្រាក់រង្វាន់៨០លានរៀល លេខពីរបាន៤០លានរៀល និងលេខបីបាន២០លានរៀល បន្ថែមពីនេះ ក៏មានការផ្តល់រង្វាន់ផ្សេងៗទៀតផងដែរ ដូចជាពាន Fair Play កីឡាករឆ្នើម អ្នកចាំទីឆ្នើម និងកីឡាករដែលស៊ុតបាល់បញ្ចូលទីបានច្រើនជាងគេ។
កាលពីរដូវកាលមុន អគ្គស្នងការដ្ឋាននគរបាលជាតិបានបំបាក់បៀលប្រាយយូណាយធីត ២-០ ដើម្បីដណ្តើមយកជើងឯក ខណៈចម្ការកៅស៊ូបឹងកេតទទួលបានចំណាត់ថ្នាក់លេខបី។ ខ្សែបម្រើ ទិត្យ ឌីណា នៃក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ក្លាយជាកីឡាករឆ្នើមប្រចាំព្រឹត្តិការណ៍ ស្របពេលដែលមិត្តរួមក្រុមរបស់គេ គឺ ប្រាក់ ភារុន ជាប់ជាអ្នកចាំទីឆ្នើម រីឯអ្នកស៊ុតបាល់បញ្ចូលទីច្រើនជាងគេ គឺខ្សែប្រយុទ្ធ ឃួន ឡាបូរ៉ាវី នៃក្លិបចម្ការកៅស៊ូបឹងកេត៕
© រក្សាសិទ្ធិដោយ thmeythmey.com