ជាតិ
កែម សុខពិសី ច្រានចោលព័ត៌មានដែលថា នាងមានស្នេហាលួចលាក់ 
×![]()
ភ្នំពេញ៖ ជាតារាសម្តែង និងបង្ហាញម៉ូដ កញ្ញា កែម សុខពិសី វ័យ២៤ឆ្នាំ នាពេលកន្លងមកថ្មីៗនេះ ត្រូវបានគេសង្ស័យថា មានទំនាក់ទំនងស្នេហាជាមួយបុរសម្នាក់ដោយលាក់កំបាំង។ ប៉ុន្តែនាងបានច្រានចោលព័ត៌មាននេះទាំងស្រុងថា មិនមែនជាការពិតនោះទេ។ លើសពីនេះ នាងអះអាងថា បេះដូងនៅទំនេរស្អាត គ្មានជាប់ពាក់ព័ន្ធនឹងបុរសណាម្នាក់ឡើយ។
គ្រូបង្ហាត់ផ្នែកដើរម៉ូដ កញ្ញា កែម សុខពិសី ថ្វីបើធ្លាប់បានអះអាងថា នាពេលកន្លងមក នាងមិនដែលមានស្នេហាជាមួយបុរសណាម្នាក់ក្តី ប៉ុន្តែត្រូវបានគេសង្ស័យថា ថ្មីៗនេះ នាងមានទំនាក់ទំនងស្នេហាជាមួយបុរសម្នាក់ ប៉ុន្តែមិនមានសកម្មភាពបើកចំហតែពីរនាក់នោះទេ។
ក្នុងជំនួបមួយ នៅថ្ងៃក្រុងពាលីថតរឿង “កំណប់បះសក់” ដែលនាងក៏មានវត្តមានសម្តែងក្នុងរឿងនេះដែរ បានឲ្យដឹងជុំវិញរឿងរ៉ាវផ្ទាល់ខ្លួនថា សព្វថ្ងៃ បេះដូងទំនេរស្អាតល្អណាស់ តាំងពីពេញវ័យមក មិនដែលមានជាប់ពាក់ព័ន្ធរឿងស្នេហាជាមួយបុរសណាម្នាក់នោះទេ ហើយក៏មិនទាន់ចង់បានដែរ ព្រោះជាប់រវល់ការងារច្រើន គឺរវល់សិក្សាផង ការងារក្រុមហ៊ុនផង និងការងារសិល្បៈផងដែរ។
ឆ្លើយតបជុំវិញការលើកឡើងថា នាងធ្លាប់មានសង្សារនោះ ពិសី បកស្រាយប្រាប់ថា កន្លងមក នាងធ្លាប់ឮព័ត៌មាននេះ និងមានអ្នកសារព័ត៌មានទូរស័ព្ទមកសួរនាងពីរឿងនេះដែរ តែដោយសារនាងអង្វរមិនចង់ឲ្យគេចុះផ្សាយ ព្រោះថា ជារឿងមិនពិត បើចុះផ្សាយទៅ នាំតែធ្វើឲ្យទស្សនិកជនមានការយល់ច្រឡំ។
គ្រូបង្ហាញម៉ូដប្រចាំក្រុម Pop Model រូបនេះបានប្រាប់ឲ្យដឹងបន្ថែមទៀតថា “ខ្ញុំសុំនិយាយដោយស្មោះអស់ពីចិត្តថា ខ្ញុំមិនមានទំនាក់ទំនងស្នេហាជាមួយបុរសណាម្នាក់នោះទេ ធាតុពិត ការងារបស់ខ្ញុំភាគច្រើនត្រូវនៅជាមួយមនុស្សប្រុស-ស្រីជាច្រើន ពិសេសមិត្តរួមក្រុមម៉ូដែលក៏មានប្រុសច្រើនដែរ គឺជាង២០ នាក់ឯណោះ ហើយពេលចេញទៅសម្តែងម្តងៗ ពួកខ្ញុំតែងទៅជាមួយគ្នា និងមានភាពស្និទ្ធស្នាលជាមួយគ្នាជារឿងធម្មតា។ ហើយខ្ញុំក៏មិនមានពេលវេលាទំនេរ គិតពីរឿងស្នេហាដែរ” ។
ស្រីស្រស់សម្បូរមន្តស្នេហ៍រូបនេះ បានប្រាប់ឲ្យដឹងទៀតថា នាងសង្ឃឹមថា ក្រោយពីបកស្រាយនៅយ៉ាងនេះហើយ អាចធ្វើឲ្យទស្សនិកជនលែងយល់ច្រឡំទៀតហើយ នាងក៏មិនទាន់ចង់គិតពីរឿងស្នេហាអ្វីឡើយ ដោយសារតែពេលនេះ នាងមានការមមាញឹកជាមួយការងារច្រើន ទាំងការដើរម៉ូដ និងការសម្តែងរឿងថ្មីសម្រាប់ទូរទស្សន៍ផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com