ជាតិ
សេដ្ឋកិច្ច
ចំណូល​ពី​ការលក់​ប័ណ្ណ​ទស្សនា​អង្គរ​នៅ​ឆ្នាំ២០១៤មាន​ជិត៦០លាន​ដុល្លារ
21, Jan 2015 , 8:33 am        
រូបភាព
សៀមរាប៖ របាយការណ៍​បានសរសេរថា កាលពី​ឆ្នាំ២០១៣ ចំណូល​ពី​ការលក់​ប័ណ្ណ​ទស្សនា​ប្រាសាទអង្គរវត្ត ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន សុខាអូតែល មាន​ចំនួន​ជាង៥៧លាន​ដុល្លារ​សហរដ្ឋអាមេរិក ហើយ​នៅ​ឆ្នាំ២០១៤ ចំណូល​ដូចគ្នានេះ រកបាន​ជិត៦០លាន​ដុល្លារ សហរដ្ឋអាមេរិក។



របាយការណ៍​ថ្មី​របស់​អាជ្ញាធរ​អប្សរា ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី២០ ខែមករា បាន​បង្ហាញថា មាន​ភ្ញៀវទេសចរ​សរុប​ជាង៥លាន​នាក់ ដែល​បានមក​ទស្សនា​ខេត្តសៀមរាប នៅក្នុង​ឆ្នាំ២០១៤ ។ ក្នុងចំណោម​ភ្ញៀវ​ជាង៥លាន​នាក់​នោះ មាន​ភ្ញៀវ​អន្តរជាតិ​ចំនូ​ន ២,៣៥០,៩៣៧ នាក់។ ដោយឡែក​ភ្ញៀវ​អន្តរជាតិ​ដែល​ចូល​ទិញ​សំបុត្រ​ទស្សនា​ប្រាសាទអង្គរវត្ត​វិញ មាន​ចំនួន ២,០៥៩,៧០២នាក់ ដែល​ធ្វើ​ឲ្យ​រកចំណូលបាន​សរុប​ចំនួន ៥៩,៣៤២,០០០ ដុល្លារ​សហរដ្ឋអាមេរិក។

ចំនួន​នេះ បើ​ប្រៀបធៀប​ទៅនឹង​ការប្រកាស​របស់​តំណាងរាស្ត្រ​បក្សប្រឆាំង គឺមាន​ការខុស​គ្នា​ជាង២ដង។ លោក សុន ឆ័យ ធ្លាប់បាន​និយាយថា តាម​របាយការណ៍​ដែល​លោក​ទទួលបាន ចំណូល​ពី​ការលក់​ប័ណ្ណ​ចូល​ទស្សនា​ប្រាសាទអង្គរវត្ត មាន​ចំនួន​ប្រមាណ១៦០លាន​ដុល្លារ​ក្នុងមួយឆ្នាំៗ ។ ចំនួន​នេះ ដោយសារ​លោក សុន ឆ័យ អះអាងថា មាន​ភ្ញៀវ​មក​ទស្សនា​អង្គរវត្ត​ក្នុង​រង្វង់៤លាន​នាក់​ក្នុង​មួយឆ្នាំ។ អាជ្ញាធរ​អប្សរា ធ្លាប់ធ្វើ​ការបដិសេធ និង​បំភ្លឺ​ជាច្រើនលើក​ច្រើនសារ និង​បាន​និយាយថា ការលើកឡើង​របស់លោក សុន ឆ័យ ជា​រឿង​មិន​ពិត មានបំណង​ភូតកុហក​មហាជន​ទូទៅ ព្រោះ​សំដី​លោក សុន ឆ័យ មិនមាន​ឯកសារ​ត្រឹមត្រូវ​មក​បញ្ជាក់៕




© រក្សាសិទ្ធិដោយ thmeythmey.com