កីឡាជាតិ
ជាតិ
E-Sports អាចមានមុខនៅស៊ីហ្គេម២០២៣ បើរក្សាភាពខ្លាំងរបស់ខ្លួនជារៀងរាល់ឆ្នាំ 
×![]()
អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) លោក វ៉ាត់ ចំរើន បានផ្តល់កម្លាំងចិត្តដល់ក្រុមកីឡាករ E-Sports ឲ្យរក្សាភាពខ្លាំងរបស់ខ្លួនជារៀងរាល់ឆ្នាំ ដោយលោកបានបង្ហើបឲ្យដឹងថា ថ្នាក់ដឹកនាំនឹងពិចារណាដាក់បញ្ចូលកីឡាបែបទំនើបនេះនៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ ខណៈកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
លោក វ៉ាត់ ចំរើន បានលើកឡើងបែបនេះ នាពិធីសន្និសីទសារព័ត៌មានអបអរជ័យជម្នះរបស់ក្រុមកីឡាករអេឡិចត្រូនិកកម្ពុជា ដែលបានទទួលជោគជ័យយ៉ាងធំធេងក្នុងព្រឹត្តិការណ៍ MATIC 2015 (Mission Against Terror International Championships) លើកទី៤នៅប្រទេសចិនកាលពីថ្ងៃទី១៧-១៨ ខែមករា កន្លងមក។
ក្រុមចំនួន២ក្នុងចំណោម៣ក្រុមដែលសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាបានបញ្ជូនឲ្យទៅប្រកួតនោះ បានត្រឡប់មកវិញជាមួយនឹងជ័យលាភី។ ក្រុម Secret បានទទួលចំណាត់ថ្នាក់លេខមួយជាជើងឯកប្រចាំព្រឹត្តិការណ៍ ខណៈក្រុម MD ជាប់ចំណាត់ថ្នាក់លេខបី។
ក្នុងព្រឹត្តិការណ៍ប្រកួតដែល២០ក្រុមមកពីប្រទេសចំនួន៧ចូលរួមនោះ ក្រុម Secret បានប្រកួតឈ្នះ៦ប្រកួត (ក្រុមចិន HuaDong ក្រុមចិន HuaBei ក្រុមឥណ្ឌូនេស៊ី GNOX ក្រុមតៃវ៉ាន់ Gather ក្រុមចិន YouXi និងក្រុមសិង្ហបុរី EDP Broth) និងចាញ់បីប្រកួត (ក្រុមចិន ShiXue ក្រុមម៉ាឡេស៊ី EDP Team AK និងក្រុមថៃ Superior នៅវគ្គជម្រុះតាមពូល A ។
នៅវគ្គ៨ក្រុមចុងក្រោយ Secret បានយកឈ្នះក្រុមចិន Xiao Yao ៥-២ បន្តយកឈ្នះក្រុមម៉ាឡេស៊ី EDP RoG ៥-៤ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងឈានដល់បំបាក់ក្រុមម៉ាឡេស៊ីមួយទៀត គឺ EDP Team AK ៥-៤ នៅវគ្គផ្តាច់ព្រ័ត្រដើម្បីលើកពានជើងឯកកីឡាអេឡិចត្រូនិចអន្តរជាតិ MATIC 2015 ជាលើកដំបូង។
ក្រុម MD បានខកឱកាសទៅកាន់វគ្គផ្តាច់ព្រ័ត្រ ដោយសារចាញ់ក្រុមម៉ាឡេស៊ី EDP Team AK ៥-២ ប៉ុន្តែពួកគេបានយកឈ្នះក្រុម EDP RoG ៥-៤ នាការប្រកួតដណ្តើមយកចំណាត់ថ្នាក់លេខបី។
សម្រាប់តំណែងម្ចាស់ជើងឯក ក្រុម Secret ទទួលបានមេដាយមាស ពានរង្វាន់ និងប្រាក់រង្វាន់១,៥ម៉ឺនដុល្លារអាមេរិក ខណៈក្រុម MD បានមេដាយសំរឹទ្ធ ពានមួយ និងប្រាក់រង្វាន់៤០០០ដុល្លារអាមេរិកសម្រាប់តំណែងលេខបី។ ស្របពេលជាមួយគ្នានោះ កីឡាករ លី ជីងហាវ ដែលជាប្រធានក្រុម Secret បានក្លាយជាកីឡាករឆ្នើមជាងគេប្រចាំព្រឹត្តិការណ៍ ខណៈ កីឡាករ លាង ចាន់រស្មី ជាប់លេខ១លើវិញ្ញាសាឯកត្តជនក្រោយផ្តួលកីឡាករ៣០នាក់ផ្សេងទៀត។ ជ័យលាភីឯកត្តជនក៏ទទួលប្រាក់រង្វាន់ម្នាក់ៗចំនួន៥០០ដុល្លារអាមេរិកផងដែរ៕
(ព័ត៌មានសហការផ្តល់ដោយលោក Shing Long)
© រក្សាសិទ្ធិដោយ thmeythmey.com