ជាតិ
សង្គមជាតិ
CCJ និង TI បណ្តុះបណ្តាល​ស្មេរ​ព័ត៌មាន​ចំនួន២០នាក់​ស្តីពី​ការប្រឆាំង​អំពើពុករលួយ
23, Jan 2015 , 11:05 am        
រូបភាព
ភ្នំពេញ៖ ក្លឹប​អ្នកកាសែត​កម្ពុជា(CCJ)ដោយមាន​ការសហការ​ពី​អង្គការ​តម្លាភាព​កម្ពុជា(TI Cambodia) គ្រោង​នឹង​បើក​វគ្គ​បណ្តុះបណ្តាល​អ្នក​កាសែត​អាជីព​ចំនួន១0នាក់ និង​អ្នក​មិនមែន​អាជីព​ចំនួន១០នាក់(អ្នកសរសេរ​តាម​បណ្តាញ​សង្គម ដូចជា Blogger) ស្តីពី​តួនាទី​អ្នកកាសែត​ក្នុងការ​រួមចំណែក​លើក​ស្ទួយ​អភិបាលកិច្ច​ល្អ និង​ប្រឆាំង​អំពើពុករលួយ។



វគ្គ​សិក្សា​មាន​រយៈពេល៥ថ្ងៃ​ដោយ​ចាប់ផ្តើម​ពីថ្ងៃ​ចន្ទ​ទី២៦ខែមករា​រហូតដល់​ថ្ងៃទី៣០ខែមករា​ឆ្នាំ២០១៥ ។ វគ្គ​សិក្សា​នេះ​នឹង​អនុញ្ញាតអោយ​អ្នកកាសែត​អាជីព​អាច​អភិវឌ្ឍន៍​ចំណេះដឹង​បន្ថែមទៀត។ ហើយ​អ្នក​មិនមែន​អាជីព​អាច​ទទួលបាន​ចំណេះដឹង​សារព័ត៌មាន​ច្រើន។ មេរៀន ព័ត៌មាន​ទាន់​ហេតុការណ៍ ព័ត៌មាន​បទ​យកការណ៍ ព័ត៌មាន​ជីវ​ព័ត៌មាន ព័ត៌មាន​ទស្សនៈ ព័ត៌មាន​វិភាគ។ល។ នឹងត្រូវ​បង្រៀន​នៅក្នុង​វគ្គ​សិក្សា​នេះ។ លើសពីនេះទៅទៀត មេរៀន​ស៊ើបអង្កេត(Investigative story) ក៏​នឹងត្រូវ​បង្រៀន​នៅក្នុង​វគ្គ​ពិសេស​នេះដែរ។

សាស្ត្រាចារ្យ​ឧទ្ទេសនាម​ផ្នែក​សារព័ត៌មាន​ក្នុង​វគ្គ​សិក្សា​នេះ សុទ្ធសឹង​ជា​សាស្ត្រាចារ្យ​ផ្នែក​សារព័ត៌មាន​ដែលមាន​បទពិសោធន៍​ខ្ពស់ ក្នុងនោះ​មាន៖ លោក ឆាយ សុផល សមាជិក​គណៈកម្មាធិកា​រ​នាយក​នៃ​ក្លឹប​អ្នកកាសែត​កម្ពុជា លោក ប៉ែន បូ​ណា និពន្ធ​នាយក​វិទ្យុ​បារាំង​អន្តរជាតិ លោក ពុ​យ គា អ្នកឆ្លើយឆ្លង​ព័ត៌មាន​ទីភ្នាក់ងារ​ជប៉ុន Kyodo លោក ខៀវ កូ​ឡា អ្នកសារព័ត៌មាន​ជើងចាស់​ប្រចាំ​ទូរទស្សន៍ C N C លោក គី សុខ​លីម អគ្គនាយក​សារព័ត៌មាន​អេឡិចត្រូនិកថ្មីៗនិង​សាស្ត្រាចារ្យដទៃៗទៀត។  វគ្គ​សិក្សា​ខាងលើ គឺជា​វគ្គ​សិក្សា​មិន​យក​កម្រៃ។

ក្រៅពី​ចំណេះដឹង​សារព័ត៌មាន សិក្ខាកាម​ទាំងអស់​នឹង​ទទួលបាន​ចំណេះ​ជាច្រើន​ផ្សេងទៀត​ទាក់ទង​នឹង​អំពើរ​ពុករលួយ ដូចជា ប្រវត្តិ​នៃ​អំពើពុករលួយ ប្រភេទ​នៃ​អំពើពុករលួយ ប្រទេស​ណា​ពុករលួយ​ច្រើនជាងគេ ច្បាប់​ប្រឆាំង​អំពើពុករលួយ​នៃ​ប្រទេស​កម្ពុជា។ល។ 

លោក គី សុខ​លីម សមាជិក​គណៈកម្មាធិកា​រ​នាយក​នៃ​ក្លិប​អ្នក​ក​សែត​កម្ពុជា​និង​ជា​អ្នកសម្របសម្រួល​គម្រោង​បណ្តុះបណ្តាល​ស្មេរ​ព័ត៌មាន​ចំនួន២០នាក់ បាន​មានប្រសាសន៍ថា ៖«វគ្គ​បណ្តុះបណ្តាល​នេះ​នឹង​ជំរុញ​អោយ​អ្នកកាសែត​អាជីព និង​អ្នកសរសេរ​តាម​បណ្តាញ​ហ្វេ​ស​ប៊ុ​ក​មានគំនិត​កាន់តែច្រើន​ដើម្បី​ចូលរួម​សរសេរ​អត្ថបទ​ទាក់ទង​ទៅនឹង​អំពើពុករលួយ​នៅក្នុង​សង្គម​ខ្មែរ»។

ស្មេរ​ព័ត៌មាន​មាន​តួនាទី​សំខាន់​ណាស់ ទាំង​នៅក្នុង​អតីតកាល បច្ចុប្បន្នកាល និង​អនាគតកាល​ខាងមុខ ក្នុងការ​ចូលរួម​ធ្វើ​យ៉ាងដូចម្តេច​ដើម្បីអោយ​សង្គម​ធ្វើដំណើរ​ទៅមុខ​ដោយ​តម្លាភាព សុចរិត​ភាព និង​គ្មាន​អំពើពុករលួយ។ តាមរយៈ​ការចូលរួម​សរសេរ​ពី​អំពើពុករលួយ​កាន់​ច្រើន​ពី​អ្នក​ស្មេរ​ទាំងឡាយ ពេលនោះ អំពើពុករលួយ​នៅ​នឹងត្រូវ​កាន់​បន្ថយ​នៅក្នុង​សង្គម​ខ្មែរ។ «អ្នកកាសែត​មាន​តួនាទី​សំខាន់​ណាស់​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​អំពើពុករលួយ»។

សូមបញ្ជាក់ថា ក្រោយពី​បញ្ចប់​វគ្គ​សិក្សា​នេះ សិក្ខាកាម​ទាំងអស់​អាច​សរសេរ​អត្ថបទ​ព័ត៌មាន​ចូលរួម​ប្រឡង​ជ្រើសរើស​អ្នកកាសែត​ឆ្នើម​ប្រចាំឆ្នាំ២០១៥ ។ អ្នកកាសែត​នៅក្នុង​ប្រទេស​កម្ពុជា​ទាំងអស់​ក៏​អាច​ចូលរួម​សរសេរ​អត្ថបទ​ប្រឡង​ប្រកួតប្រជែង​យក​រង្វាន់​ខាងលើនេះ​បានដែរ។ ប្រាក់រង្វាន់​អ្នកកាសែត​ឆ្នើម២០១៥ នឹងមាន​រហូតដល់​ជាង១ពាន់​ដុល្លារ​សម្រាប់​អ្នក​ជាប់​លេខ១ និង​បន្ត​បន្ទាប់មកទៀត សម្រាប់​អ្នក​លេខ២ លេខ៣ និង​លេខ៤ ៕ 



© រក្សាសិទ្ធិដោយ thmeythmey.com