ជាតិ
សង្គមជាតិ
ពិធី​ក្រុង​ពាលី​អង្គ​រស​ង្គ្រា​ន្ត​ឆ្នាំ២០១៥នឹង​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃស្អែក
28, Jan 2015 , 9:57 am        
រូបភាព
សៀមរាប៖ ពិធី​ក្រុង​ពាលី សុំ​ម្ចាស់​ទឹក​ម្ចាស់​ដី ដើម្បី​រៀបចំ​ព្រឹត្តិការណ៍​ជាតិ អង្គ​រស​ង្គ្រា​ន្ត​ឆ្នាំ ២០១៥ នឹង​ប្រព្រឹត្តិ​ទៅ​ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៥ ស្អែក​នេះ។ ការធ្វើ​ពិធី​ក្រុង​ពាលី​នេះ ក៏​ដើម្បី​បើក​ការដ្ឋាន​សាងសង់ និង​រៀបចំ​ទីតាំង​រៀបចំ​អង្គ​រស​ង្គ្រា​ន្ត២០១៥នេះ​ផងដែរ។



ពិធី​ក្រុង​ពាលី តាម​ទំនៀម​ទំលាប់​ប្រពៃណី​ខ្មែរ នឹង​ចាប់ផ្តើម​នៅ​ម៉ោង៧ព្រឹក ថ្ងៃទី២៩ ខែមករា ស្អែក​នេះ នៅ​បរិវេណ​ទី​លានជល់ដំរី។ យោងតាម​សេចក្តីជូនដំណឹង​របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​ឲ្យ​ដឹង ថ្នាក់ដឹកនាំ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា នឹង​រៀបចំ​ពិធី​ក្រុង​ពាលី ដើម្បី​បួងសួង​សុំ​សេចក្តីសុខ សម្រាប់​បើក​ការដ្ឋាន​សាងសង់ និង​រៀបចំ​ជា​ផ្លូវការ នៃ​ព្រឹត្តិការណ៍​អង្គ​រស​ង្គ្រា​ន្ត​លើក​ទី៣ ឆ្នាំ២០១៥ ដើម្បី​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ ដែល​នឹង​ប្រារព្ធ​ធ្វើ​នៅ​ខែមេសា​ខាងមុខនេះ។

ពិធី​ក្រុង​ពាលី ដែលមាន​ការចូលរួម​ពី​ប្រធាន​សហព័ន្ធ លោក ហ៊ុន ម៉ា​នី និង​តំណាង​ស្ថាប័ន​ពាក់ព័ន្ធ​ប្រមាណ៣០០នាក់ តាម​ការគ្រោងទុក​នោះ រំពឹងថា ពិធី​នេះ​ក៏​ដើម្បី​ជាការ​សុំ​ពរជ័យ ថែរក្សា​គ្រប់​ថ្នាក់ដឹកនាំ និង​យុវជន ដែលជា​អ្នករៀបចំ​ព្រឹត្តិការណ៍​អង្គ​រស​ង្គ្រា​ន្ត២០១៥ ឲ្យ​មាន​សេចក្តីគ្រប់ៗគ្នា និង​ទទួលបាន​ជោគជ័យ តាម​ការគ្រោងទុក។

គួររំលឹកថា ព្រឹត្តិការណ៍​អង្គ​រស​ង្គ្រា​ន្ត បានរៀបចំ​ធ្វើ​រយៈពេល៣ឆ្នាំ​មកហើយ បើ​គិត​ត្រឹម​ឆ្នាំ២០១៥នេះ។ ក្រោយពី​ទទួលបាន​ការគាំទ្រ នៅក្នុង​ឆ្នាំ២០១៣ ដែលជា​ឆ្នាំ​ដំបូង សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដែលជា​អ្នករៀបចំ បាន​បន្តធ្វើ​នៅ​ឆ្នាំ២០១៤ ដែល​គេ​ដឹងថា មាន​ទ្រង់ទ្រាយ​ធំ​ជាង​ឆ្នាំ​ចាស់ ហើយក៏​មានការ​វេច​នំអន្សម​យក្ស ដាក់តាំង​បង្ហាញ​ក្នុង​ព្រឹត្តិការណ៍​នោះ ហើយ​មានការ​ចាប់អារម្មណ៍​ច្រើន​ពី​ភ្ញៀវទេសចរ។ នៅ​ឆ្នាំនេះ គម្រោង​រៀបចំ​នំអន្សម​យក្ស​នេះ អាច​នឹងមាន​ទំហំ​ធំ​ជាង​ឆ្នាំទៅ ដែលមាន​ទម្ងន់២តោន ទទឹង១ម៉ែត្រ និង​បណ្តោយ៥ម៉ែត្រ​នោះ៕



© រក្សាសិទ្ធិដោយ thmeythmey.com