កីឡាជាតិ
ជាតិ
បឹងកេត និងស្វាយរៀង ឈរលេខមួយក្នុងពូល ខណៈការពារជាតិ និងសៀមរាបឈ្នះបង្គ្រប់កិច្ច 
×![]()
ពូល C និងពូល D បានបញ្ចប់ការប្រកួតនៅវគ្គ១៦ក្រុមចុងក្រោយនៃពានរង្វាន់សម្តេច ហ៊ុន សែន ឆ្នាំ២០១៥ នៅលើទីលានមជ្ឈមណ្ឌលបាល់ទាត់បាទី ខេត្តតាកែវ កាលពីរសៀលថ្ងៃពុធ ទី២៨ ខែមករា ឆ្នាំ២០១៥។
ខ្សែប្រយុទ្ធ ឃួន ឡាបូរ៉ាវី បាននាំឲ្យបឹងកេតអង្គរទទួលជ័យជម្នះ ១-០ លើភ្នំពេញក្រោនដើម្បីដណ្តើមយកចំណាត់ថ្នាក់លេខមួយនៅក្នុងពូល C។ ក្រសួងការពារជាតិរកបាន៣ពិន្ទុក្នុងដៃក្រោយជ័យជម្នះ ៦-១ លើខេត្តបាត់ដំបង ប៉ុន្តែពួកគេបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខបីបន្ទាប់ពីភ្នំពេញក្រោន។
ចំណែកនៅក្នុងពូល D លទ្ធផលស្មើ ១-១ បាននាំឲ្យស្វាយរៀងឡើងឈរចំណាត់ថ្នាក់លេខមួយ ខណៈណាហ្គាវើលដែលជាគូប្រជែងស្ថិតនៅចំណាត់ថ្នាក់លេខពីរ ដោយមាន៧ពិន្ទុស្មើគ្នា ប៉ុន្តែខុសត្រង់ចំនួនគ្រាប់ស៊ុតបញ្ចូលទី។ អាជ្ញាធរអប្សរាខេត្តសៀមរាប រីករាយជាមួយនឹងការទទួលបានបីពិន្ទុត្រឡប់ទៅផ្ទះវិញក្រោយយកឈ្នះខេត្តព្រៃវែង ៤-២ ។
ការប្រកួតវគ្គ១/៤ផ្តាច់ព្រ័ត្រនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣១ ខែមករា និងថ្ងៃទី១ ខែកុម្ភៈ នៅលើទីលានខេត្តស្វាយរៀង។ នៅវគ្គនេះ គូប្រជែងវគ្គផ្តាច់ព្រ័ត្រឆ្នាំចាស់គឺ អគ្គស្នងការដ្ឋាននគរបាលជាតិ និងបៀលប្រាយយូណាយធីត អាល់ប៊ីរិចនីហ្គាតា ប៉ះជាមួយត្រាយអាស៊ីភ្នំពេញដែលមានម្ចាស់ជាជនជាតិជប៉ុនដូចគ្នា។ ម្ចាស់ផ្ទះស្វាយរៀង ត្រូវតទល់ជាមួយភ្នំពេញក្រោនដែលជាជើងឯកពីរជំនាន់ដូចគ្នា រីឯជើងឯកឆ្នាំ២០១៣ ណាហ្គាវើល ប៉ះជាមួយបឹងកេតអង្គរដែលធ្វើឲ្យពួកគេខកចិត្តនាការប្រកួតដណ្តើមយកលេខបីកាលពីឆ្នាំមុន៕
© រក្សាសិទ្ធិដោយ thmeythmey.com