ជាតិ
បទវិភាគ
នយោបាយជាតិ
រឿងងាយៗទាំង១០ ដែលគណបក្សប្រជាជនកម្ពុជា គួរធ្វើបាន
× ក្បួនសឹកពោលថា ច្បាំង១០០ដង ឈ្នះ១០០ដង មិនប្រសើរ ជាងឈ្នះ ១០០ដង ដោយមិនបាច់ច្បាំងនោះទេ។ បើច្បាំងក៏មិនប្រាកដថា ឈ្នះដដែល មិនបាច់ច្បាំងទេ។ បើឈ្លោះគ្នា ឃើញតែខាត ដដែល មិនបាច់ឈ្លោះទេ។ បើវាយប្រហារគ្នា មិនដែលចំណេញដដែល គួរតែមិនបាច់វាយប្រហារគ្នាទេ។ បានអំណាច តែមិនបានចិត្តរាស្ត្រ ចិត្តមន្ត្រី តើបានប្រយោជន៍អី? បើដូច្នេះ មានតែបង្ករគំនុំក្នុងចិត្តរាស្ត្រ និងមន្ត្រីតែប៉ុណ្ណោះ។ អោយតែ ពូកគេ មានឱកាស គឺ ច្បាស់ជា ជាន់ក ដកស្លាប ដើម្បីសងសឹក មិនខាន។ ខាងក្រោមនេះ ជាចំណុចងាយៗ ដែល បក្សប្រជាជន យកឈ្នះ ដោយមិនបាច់ច្បាំង ដោយមិនបាច់វាយប្រហារ ដោយមិនបាច់ ដើរឈ្លោះ ឬ ឈ្នះ ដោយមិនបាច់ ប្រើកងទ័ព ១សរសៃសក់៖
ទី១) រួចចុះបើរួមគ្នាដោះស្រាយ ទំនាស់ដីធ្លី ជូនប្រជាពលរដ្ឋ អោយចប់ចុង ចប់ដើម ទោះប្រជាពលរដ្ឋ ខុសក៏អនុគ្រោះតាមភាពជាក់ស្តែង តាមគោលការណ៍គុណធម៌ និង សច្ចៈធម៌ ទោះត្រូវ ក៏អោយយុត្តិធម៌ផ្តល់រង្វាន់ ដូច្នេះមិនរកសំឡេងឆ្នោត បានស្រួល ដោយមិនបាច់ តាមចាក់រុកបក្សប្រឆាំង នាំឈឺក្បាលវិលមុខ អីទេហី?
ទី២) រួចចុះ បើនិយាយអោយស្រួល ជាមួយបក្សប្រឆាំងជាសាធារណៈ បង្ហាញពីភាពចាស់ទុំ យកចិត្តមន្ត្រី និង អ្នកគាំទ្រ បក្សប្រឆាំង យកទន់បង្ក្រាបរឹង យោងតាម សុភាសិត ទឹកត្រជាក់ត្រីកុំ ឬ ឆ្មាសឆ្មាខ្មៅ មិនសំខាន់ សំខាន់ អោយតែចាប់កណ្តុរបាន ដូច្នេះមិនបាច់ ចំណាយលុយ ចំណាយពេល ទៅចាក់រុក បក្សប្រឆាំង គឺ បក្សប្រឆាំង នឹងរលាយឯង រាស្ត្រ ក៏បានសុខ ទោះបក្សប្រជាជន កាន់១០០ជំនាន់ទៀត ក៏រាស្ត្រ ខ្មែរ មិនឈឺក្បាលវិលមុខដែរ។
ទី៣) រួចចុះ បើគោរពព្រះមហាក្សត្រ ថ្វាយបង្គំ អោយអស់ពីចិត្ត ធ្វើបុណ្យ ដាក់ទាន ហែកថិន ជួយទុរ្ភិក្សជន ជួយមន្ទីរពេទ្យកុមារជាតិ មន្ទីរពេទ្យគន្ធៈបុប្ផា ពេលនោះ ចិត្តរាស្ត្រ ច្បាស់ជាបាក់ដូចទំនប់មិនខានទេ។ ពេលយកចិត្ត រាស្ត្របាន យកចិត្តទេវតាបាន ទោះកាន់អំណាច ១ម៉ឺនឆ្នាំទៀត ក៏គ្មាននរណាទៅឈឺក្បាលវិលមុខដែរ។ ដូចសម័យរាជវង្សជ័យវរ្ម័នដែលកាន់អំណាច ជិត១០០ឆ្នាំអ៊ីចឹង រាស្ត្រនៅតែសប្បាយ នៅតែគោរព។
ទី៤) រួចចុះបើដំឡើងប្រាក់ខែគ្រូបង្រៀន អោយបានសមរម្យ កាត់បន្ថយថវិកាលើវិស័យកងទ័ព យកមកឧបត្ថម្ភ លើវិស័យអបរំ តើវាមិនល្អទេឬ? គេថា អ្នកដែលយកចិត្តគ្រួបង្រៀនបាន គឺដូចយកចិត្តម៉ែឪ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃបានអ៊ីចឹងដែរ ដូចសុំភ្លៀងបានភ្លៀង សុំព្រិលបានព្រិល។ ចង់គ្រប់គ្រងផែនដី១ម៉ឺនជំនាន់ទៀត ក៏គ្មាននរណាទៅថាអីដែរ។
ទី៥) រួចចុះ បើស្រឡាញ់ជនជាតិខ្មែរឯង ជាងជនជាតិយូន ស្រឡាញ់ជាតិឯង ជាងខ្លាចរដ្ឋាភិបាលយូួន តើវាយ៉ាងម៉េច? តាំងពីដើមមក អ្នកដែលបោកឆ្នាំងបាយខ្លួនឯង ទៅពឹងបាយផ្ទះគេ គឺតែងតែដាច់ពោះស្លាប់។ អ្នកដែល ដុតផ្ទះឯង ទៅជ្រកផ្ទះគេ តែងតែអត់ដីកប់ខ្មោចខ្លួនឯង។ អ្នកដែលស្រឡាញ់ កូនគេជាងកូនខ្លួនឯង តែងតែនៅឯកោ។ មិនមែនអោយប្រកាន់ពូជសាសន៍ទេ គ្រាន់តែអោយគិតជាតិសាសន៍ខ្លួនឯង ជាងទៅបានហើយ។ គេថា បើម៉ែឪស្រឡាញ់ ឃុំគ្រងកូនបានល្អ ម៉ែឪនោះនឹងកើតជាទេវតា។ ឬថា បើជាអ្នកបម្រើ បម្រើម្ចាស់ អោយអស់ពីចិត្ត នឹងក្លាយជាទេវទ្រព្យ។ មិនថាជាម៉ែឪ ឬជាអ្នកបម្រើនោះទេ អោយតែស្រឡាញ់ជាតិសាសន៍ខ្លួនឯង បម្រើជាតិសាសន៍ខ្លួនឯង អនុវត្តច្បាប់អន្តោប្រវេសន៍អោយបានម៉ត់ចត់ ពេលនោះ ព្រៃព្រឹក្សា អ្នកតាវល្ល៍ ត្រីក្នុងទន្លេបឹងបួរ ច្បាស់ជាសំបូរហូរហៀរ។ អ៊ីចឹង ទោះលោកអ្នក កាន់អំណាច ១០០ជំនាន់ទៀត ក៏គ្មាននរណា ឈឺក្បាល វិលមុខអ្វីដែរ។
ទី៦) រួចចុះបើគិតគូ សុខមាលភាពកម្មករ អោយច្រើនជាងហ្នឹងបន្តិច វាយ៉ាងម៉េច? បើគ្នាបាតុកម្ម គឺគ្រាន់តែដូចក្មេងយំទារចំណីប៉ុណ្ណោះ តើចាំបាច់តែប្រើដំបង ប្រើកំលាំងបាយ ធ្វើអ្វី? បើឲ្យនេះមិនបាន យើងឲ្យនោះ។ បើឲ្យអាធំមិនបាន យើងឲ្យអាតូច។ ពេលខ្លះ លុយកាក់គ្រាន់តែជារបស់ក្រៅខ្លួនប៉ុណ្ណោះ ទោះជាឲ្យប៉ុន្មាន ក៏មិនគ្រាន់ដែរ។ អញ្ចឹង គឺត្រូវតែឲ្យរបស់ជាប់ខ្លួន គឺភាពកក់ក្តៅ។ ដូចជា ឧស្សាហ៍ទៅជួបកម្មករ សួរសុខទុក្ខ។ ចេញលុយ ចេញកាក់ ចេញមុខ ចេញមាត់ ពេលគ្នាមានអាសន្ន ប៉ុណ្ណឹងគឺ គ្នាដូចបានមេឃមកពាក់ ធ្វើជាមូក ធ្វើជាអាវក្រោះការពារអ៊ីចឹង។ អ្វីដែលគ្នាបារម្ភនោះគឺ ទំនិញឡើងថ្លៃ អគ្គិសនីឡើងថ្លៃ ពេលឈឺអត់មានលុយព្យាបាលជំងឺ ពេលកូនធំ អត់មានលុយឲ្យកូនរៀន គឺតែប៉ុណ្ណឹងទេ។ ព្យាបាលជំងឺ កម្មករ៤០ម៉ឺននាក់ អត់យកលុយ គឺដូចដំឡើង ប្រាក់ខែ អោយគ្នាម្នាក់ ១០០$ ទៀតអ៊ីចឹង។ យ៉ាងណាមិញ មិនមែន១ថ្ងៃ ឈឺ ២០ម៉ឺននាក់ឯណា? នេះគ្រាន់តែ គិតត្រួសៗ មិនទាន់ បានកាន់ ម៉ាស៊ីនគិតលេខ គិតគួរច្បាស់លាស់ផង។ ម៉េច ក៏មិនធ្វើ? ចាំបាច់អី បញ្ជូនគ្នា ទៅធ្វើការខាងក្រៅ? ចាំបាច់អី ត្រូវទៅដំឡើងប្រាក់ខែនាំតែឈ្លោះគ្នាជាមួយនិយោជក? គេថា បើយកចិត្តកម្មករ បាន គឺស្មើរនឹងមានកងទ័ព មិនបាច់បើកប្រាក់ខែ ជាងពាក់កណ្តាលប្រជាជនក្នុងប្រទេស។ ឬថា នៅក្នុងបរិបទ នយោបាយស្រុកខ្មែរ អ្នកដែលយកចិត្តកម្មករបាន គឺស្មើនឹងមានកងទ័ព ៤០ម៉ឺន ទៅ ៦០ម៉ឺននាក់ ។ ដូច្នេះ រឿងអី វាមិនងាយស្រួល ក្នុងការកាន់កាប់អំណាច? គឺស៊ីផុយ? តើហេតុអ្វីបានជាធ្វើឲ្យតែខ្លួនឯងពិបាក?
ទី៧) រួចចុះ បើស្តាប់សំដី ចេញពីចិត្តមន្ត្រីស្មោះ តើវាអស់ថ្ម ឬយ៉ាងម៉េច? ម៉េចបានជាចេះ តែស្តាប់សំដី បញ្ចើច បញ្ចើអ៊ីចឹង? គេថាថ្នាំល្វីង ព្យាបាលជំងឺ។ សំដីស្មោះ ទាស់ត្រចៀក។ បើគ្រាន់តែសំដីមន្ត្រីស្មោះ គំនិតបណ្ឌិតខ្ពស់ មិនចង់ស្តាប់ផងនោះ ស្រុកមិនកើតចលាចល ប្រជាជនមិនរងទុក្ខ មិនតវ៉ា ទើបចម្លែក។ គេថាទម្រាំរៀនបានបណ្ឌិត អានសៀវភៅគក្លាយជាភ្នំ រៀនអស់រនូត អស់រនាប តែបែរជាអ្នកដឹកនាំ មិនស្តាប់សំដីស្មោះទៅវិញ។ ស្តាប់សំដីបណ្ឌិតម្នាក់អង្គុយក្បែខ្លួន គឺ ដូចអង្គុយទទូលពរជ័យ ពីព្រះឥន្ទ។ ឬថា មានមនុស្សយុទ្ធសាស្ត្រម្នាក់នៅក្នុងជំរំទ័ព គឺដូចមានកងទ័ព ១សែននាក់។ យកចិត្តបណ្ឌិតដែលហ៊ាននិយាយ សំដីស្មោះម្នាក់ គឺស្មើនឹងយកចិត្តរាស្ត្រ បាន១សែននាក់។ ប្រើបណ្ឌិតចិត្តស្មោះធ្វើការ គឺ ស្រួលជាង ធ្វើការខ្លួនឯង ឆ្ងាយណាស់។ ឧទាហរណ៍. ដូចជា បណ្ឌិតរដ្ឋមន្ត្រីក្រសួងអបរំ ជាដើម។ គ្រាន់តែ ចេញក្បាលមក គឺ យកចិត្តរាស្ត្រ បានមួយចំហៀងនគរបាត់ ទៅហើយ។ វិធីងាយៗយ៉ាងនេះ បែរជាមិនធ្វើ ទៅធ្វើតែអារឿងពិបាក នាំតែអំពល់ទុក្ខខ្លួនឯង។ ពាក្យចាស់ លោកពោលថា ចិញ្ចឹមបណ្ឌិតចិត្តស្មោះ គឺ ដូចមានតោយាមទ្វានៅមុខផ្ទះ។ ចិញ្ចឹមបណ្ឌិត ចិត្តពាល គឺដូចចិញ្ចឹមឆ្កែព្រៃ ក្នុងទ្រុងមាន់ទា ខ្លួនឯង។
ទី៨) រូួចចុះ បើមេដឹកនាំបក្សប្រជាជន ឧស្សាហ៍ទៅជូប មេដឹកនាំបក្សប្រឆាំង ផឹកកាហ្វេ លេងអុក ពិភាក្សា រឿងប្រទេសជាតិជាមួយគ្នា តើមិនល្អទេ? រួចចុះ បើមេដឹកនាំបក្សកាន់អំណាច ឧស្សាហ៍លេងផ្ទះ តំណាងរាស្ត្រ បក្សប្រឆាំង តើមិនឈ្នះ ដោយមិនបាច់ច្បាំង មិនបាច់ឈ្លោះគ្នា តាមក្បាលមេក្រូទេហ្អី? បើធ្វើចំនុចនេះបាន កុំថាឡើយ មានបក្សប្រឆាំង សូម្បីអ្នកប្រឆាំង ក៏គ្មានផង។ មិនមែន អោយតែឆ្មា និងឆ្កែ សុទ្ធតែជាសត្រូវនឹងគ្នាឯណា? នៅផ្ទះជាមួយគ្នា បម្រើម្ចាស់រួមគ្នា ចាំបាច់អីទាល់តែឈ្លោះគ្នា បានស៊ីបាយឆ្ងាញ់? នយោបាយ ស្រួលបែបនេះ គ្មានអស់ស្អីទេ គឺអស់តែ ថ្លៃស្រា ថ្លៃកាហ្វេ តែប៉ុណ្ណឹង។ ចាំបាច់ ធ្វើអោយស្មុគស្មាញធ្វើស្អី?
ទី៩) រួចចុះ បើគិតគូរកងទ័ព អោយល្អជាងហ្នឹងបន្តិចទៅ មិនបានទេហ្អី? ដីរាប់សឹបម៉ឺនហិចតា អោយទៅឈ្មូញបាន ម៉េចមិនចែកអោយកងទ័ព ធ្វើស្រែ ធ្វើចំការខ្លះទៅ? អោយម្នាក់ ១០ហិចតា ក៏មិនអស់ដីស្រុកខ្មែរផង ហើយគ្មានទៅខាតអ្វីដែរ គ្រាន់តែដាក់លក្ខខណ្ឌ មិនអោយលក់ដូរទៅបានហើយ។ កងទ័ពសម័យនេះ មិនមែន ដូចសម័យសង្គ្រាមឯណា ដែលគ្រប់គ្នា ត្រូវតែនៅសមរភូមិនោះ? កងទ័ព ក៏អាចរស់ជូបជុំប្រពន្ធកូន ដាំដំណាំ ធ្វើស្រែចម្ការលើដី១០ហិចតា តើមួយជីវិតមានប៉ុន្មានដង? ហើយ បង្កើតថវិកា ព្យាបាល ក្រុមគ្រួសារ កងទ័ព ដោយឥតគិតថ្លៃ អោយក្រុមគ្រួសារ កងទ័ពរៀនសូត្រ ដោយមិនបាច់បង់ប្រាក់ គឺមិនល្អទេហ្អី? ធ្វើបែបនេះ មិនបាច់ ទៅដំឡើងប្រាក់ខែ ប្រាក់ឆ្នាំអ្វីទេ នាំតែគិតគូរច្រើន។ បើគាត់ មានបាយហូប មានបន្លែបង្កាលក់ដូរ យកលុយកាក់បន្តិចបន្តួច គ្មានបារម្ភ ពេលឈឺថ្កាត់ កូនរៀនដោយមិនបាច់ខ្វល់ គាត់ច្បាស់ សុខចិត្តដាច់ក្បាល នៅសមរភូមិ បម្រើប្រទេសជាតិ។ ពូកគាត់ មិនចង់បានអ្វី លើសពីហ្នឹងទេ។ អ្នកដែលយកចិត្តក្រុមគ្រួសារកងទ័ពបាន គឺស្មើនឹងយកចិត្តកងទ័ព។ អ្នកដែលយកចិត្តកងទ័ពបាន គឺច្បាស់ជាមានអំណាច ជាងព្រះឥន្ទទៅទៀត។ ចង់កាន់អំណាច ១០០ជំនាន់ទៀត ក៏មិនព្រួយបារម្ភអ្វីដែរ។
ទី១០) រូួចចុះ បើយកចិត្តមន្ត្រីរាជការ បន្តិចទៅ វាខាតប៉ុន្មាន? មានមន្ត្រីមិនស្មោះ មកពីមានចៅហ្វាយ មិនស្មោះដែរ។ ឆ្នាំងណា ច្បាស់ជាគ្របហ្នឹងហើយ។ រឿងងាយៗ ដែលធ្វើដោយមិនបាច់គិតគូរច្រើន គឺថាមនុស្ស រស់នៅ ត្រូវការ តែសេចក្តីសុខ៣ ដែលសំខាន់ជាងគេ៖ ទី១ សេចក្តីសុខផ្ទាល់ខ្លួន ទី២ សេចក្តីសុខក្រុមគ្រួសារ ទី៣ សេចក្តីសុខក្នុងសហគមន៍។ មិនមែនដំឡើងប្រាក់ខែហើយ អាចដោះស្រាយ បញ្ហាបានឯណា? បុគ្គលិក មន្ត្រីរាជការ មិនដល់ ១ភាគ១០នៃប្រជាជនទាំងមូលផង ម៉េចមិនអាច ធ្វើអោយពូកគាត់ រស់នៅ ដោយសេចក្តីថ្លៃថ្នូរ និង មានសេចក្តីសុខទៅ? សេចក្តីសុខ ផ្ទាល់ខ្លួន គឺថា គាត់មានកិត្តិយស មានអភ័យឯកសិទ្ធិពិសេស បើមិនដូចតំណាងរាស្ត្រ ក៏១ភាគ ១០នៃតំណាងរាស្ត្រ។ សេចក្តីសុខ ក្នុងក្រុមគ្រួសារ គឺថា ក្រុមគ្រួសារគាត់ មិនបារម្ភ ពេលឈឺ មិនបារម្ភពេលកូនរៀន មិនបារម្ភរកការងារអោយកូនធ្វើ មិនបារម្ភក្រុមគ្រួសារ បានអ្វីហូប។ សេចក្តីសុខក្នុងសហគមន៍ គឺថា គាត់ទទូលការគោរព ពីអ្នកនៅជំវិញខ្លួន ចេះចែកគ្នារស់។ វិធីទាំងនេះ ដូចជា មិនអស់ថវិកាជាតិច្រើនទេ។ តែបើអោយគាត់គិតគូរ រឿងកូនឈឺ ប្រពន្ធឈឺ គឺច្បាស់ជាឈឺ ដល់គាត់ដែរហើយ។ បើគាត់ឈឺ ក្រុមគ្រួសារ ក៏ឈឺ សហគមន៍គាត់រស់នៅក៏ឈឺ ពេលនោះ ប្រទេសដែលគាត់រស់នៅក៏ឈឺ លោកអ្នកជាអ្នកដឹកនាំ ក៏កាន់តែឈឺ។ បើមួយប្រទេស ឈឺទាំងអស់គ្នា រឿងអី យើងមិនខ្សោយ? រឿងងាយៗសោះ មិនបាច់ធ្វើអោយខ្លួនយើងពិបាកអីសោះ សូម្បី តែកូនក្មេង ក៏វាដេកយល់សប្តិគិតឃើញ វិធីងាយៗដែរ។
ត្រូវចាំថា ដំឡើងប្រាក់ខែ អោយដល់ម្នាក់១ម៉ឺនដុល្លារទៀត ក៏នៅតែបញ្ហាដែរ បើមិនព្យាបាល ផ្លូវចិត្ត អោយជ្រះថ្លានោះ៕
ដោយ ធូ វាសនា អ្នកអភិរក្សសត្វព្រៃ និងធនធានធម្មជាតិ
រស់នៅខេត្ត រតនគិរី
Email: [email protected]
© រក្សាសិទ្ធិដោយ thmeythmey.com