អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
កូរ៉េខាងជើង​បានទាមទា​រ១០ពាន់​លាន​ដុល្លា​សម្រាប់​កិច្ចប្រជុំ​កំពូល​ជាមួយ​ខាងត្បូង
30, Jan 2015 , 8:00 pm        
រូបភាព
ដោយ:

នៅក្នុង​កំណត់ហេតុ​របស់​អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក លី​ម្យ៉ុ​ង​បាក់​បាន​បង្ហាញថា​កូរ៉េខាងជើង​បានទាមទា​រ​ដប់​ពាន់​លាន​ដុល្លា​សហរដ្ឋអាមេរិក​កាលពី​ឆ្នាំ២០០៩ដើម្បី​ជា​ថ្នូរ​នៅក្នុង​កិច្ចប្រជុំ​កំពូល​រវាង​កូរ៉េខាងជើង​និង​កូរ៉េខាងត្បូង។យ៉ាងណាមិញ​សំណើរ​នេះ​ត្រូវបាន​ច្រានចោល​ព្រោះ​ដោយសារ​មិនមាន​ភាពសមហេតុ​សម​ផល។


រាយការណ៍​ព័ត៌មាន​លម្អិត​ដោយ លោក រឿន ភា​រុន



នៅ​ថ្ងៃទី២៩ មករា​ម្សិលមិញ​នេះ​មានការ​បែកធ្លាយ​នូវ​កំណត់ហេតុ​មួយចំនួន​របស់​អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក​លី​ម្យ៉ុ​ង​បាក់​ដែល​បានបង្ហាញ​ពី​ការទាមទារ​នូវ​ជំនួយ​របស់​អតីត​ប្រធានាធិបតី​កូរ៉េខាងជើង​គីម​ជុងអ៊ីល​ចំនួន​ដប់​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​និង​ស្បៀង​ប្រមាណ​មួយ​លាន​តោន​ដើម្បី​ជា​ថ្នូរ​ក្នុង​កិច្ចប្រជុំ​កំពូល​រវាង​ប្រទេស​ទាំងពីរ​នៅក្នុង​ឆ្នាំ២០០៧។

សៀវភៅ​កំណត់ហេតុ​ប្រវត្តិសាស្ត្រ​ដែលមាន​កំរាស់​ប្រមាណ៨០០ទំព័រ​ដែលមាន​ចំណងជើង «The President’s Time »របស់​អតីត​ប្រធានាធិបតី​លី​ម្យ៉ុ​ង​បាក់​ដែល​នឹងត្រូវ​បោះពុម្ពផ្សាយ​នៅ​សប្តាហ៍​ក្រោយ​នោះបាន​បែកធ្លាយ​នូវ​គោល​គំនិត​និង​ខ្លឹមសារ​មួយចំនួន​ដែល​ពាក់​ព​ន្ធ័​ទៅនឹង​យន្តការ​នៃ​ការចរចារ​របស់​កូរ៉េខាងជើង និង​កូរ៉េខាងត្បូង​ក្នុង​កិច្ចប្រជុំ​កំពូល​រវាង​ប្រទេស​ទាំងពីរ។

នៅក្នុង​កំណត់ហេតុ​ប្រវត្តិសាស្ត្រ​នោះ​ផងដែរ​អតីត​ប្រធានាធិបតី​លោក​លី​ម្យ៉ុ​ង​បាក់​ដែលមាន​អាណត្តិ​ចាប់​តាំង​ឆ្នាំ២០០៨ដល់២០១៣ បាន​បង្ហាញថា កូរ៉េខាងជើង​បានទាមទា​រ​អោយ​កូរ៉េខាងត្បូង​ផ្តល់នូវ​ជំនួយ​ហិរញ្ញវត្ថុ​ចំនួន​ដប់​ពាន់​លាន​ដុ​លា្ល​សហរដ្ឋអាមេរិក​ដើម្បី​ស្ថាបនា​ធនាគារជាតិ​របស់​ខ្លួន និង​ជំនួយ​ជា​អាហារ​ប្រមាណ​មួយ​លាន​តោន ដើម្បី​សង្គ្រោះ​នូវ​ភាពខ្វះខាត​របស់​ប្រជាជន​កូរ៉េខាងជើង។

ទោះបីយ៉ាងណា​ក៏ដោយ​សំណើរ​របស់​អតីត​ប្រធានាធិបតី​កូរ៉េខាងជើង​ទៅកាន់​កូរ៉េខាងត្បូង​នៅ​ឆ្នាំ២០០៩មិនបាន​សម្រេច​នោះឡើយ ព្រោះថា ហេតុផល​នៃ​កិច្ចប្រជុំ​កំពូល​ទាំងពីរ​ដើម្បី​ជា​ថ្នូរ​នឹង​ការ​ផ្តល់ជំនួយ​មិនមាន​លក្ខណៈ​សម​ហេតុ​សម​ផល។លោក លី ម្យ៉ុ​ង​បាក់ បាន​បន្ថែមទៀតថា​ការចចារ​មិនបាន​បញ្ចប់​នោះទេ ហើយ​កូរ៉េខាងជើង​បាន​បន្ត​ស្នើ​នៅ​ឆ្នាំ២០១០ម្តងទៀត ក៏ប៉ុន្តែ​កូរ៉េខាងត្បូង​បាន​ច្រានចោល​សារជាថ្មី ព្រោះ​ដោយសារ​កូរ៉េខាងជើង​បាន​បដិសេធ​នូវ​ការមិន​សុំ​អភ័យទោស​ចំពោះ​ឧបទ្ទវហេតុ​នៃ​ការ​លិច​នាវា​របស់​កូរ៉េខាងត្បូង​ដែល​បាន​បង្កឡើង​ដោយ​កូរ៉េខាងជើង។

គួរ​បញ្ជាក់ថា​សៀវភៅ​កំណត់ហេតុ​របស់​អតីត​ប្រធានាធិបតី​របស់​កូរ៉េខាងត្បូង​ដែល​បាន​បែកធ្លាយ​នូវ​ខ្លឹមសារ​សំខាន់​ខ្លះ​នោះ​អាច​ចាត់ទុកជា​កម្រង​នៃ​ការចរចារ​រវាង​កូរ៉េខាងជើង និង​កូរ៉េខាងត្បូង ហើយក៏​ជា​បញ្ជី​ដែល​រាយ​ពី​សំណើរ​នៃ​ការសុំ​ផ្តល់ជំនួយ​ពី​កូរ៉េខាងជើង​ដោយ​លើក​ការប្រជុំ​កំពូល​មក​ធ្វើជា​ថ្នូរ។ ដោយឡែក​បើ​យើង​ក្រឡេកមើល​កិច្ចប្រជុំ​កំពូល ពោល​គឹ​កិច្ចប្រជុំ​រវាង​ប្រធានាធិបតី​ប្រទេស​ទាំងពីរ ក្រោយពី​ការបែងចែក​ឧបទ្វីប​កូរ៉េ​នោះ ត្រូវបាន​ធ្វើឡើង​តែ​ពីរលើក​តែប៉ុណ្ណោះ​ដែល​លើក​ទី១នៅ​ឆ្នាំ២០០០និង​លើក​ទី២នៅ​ឆ្នាំ២០០៧៕


© រក្សាសិទ្ធិដោយ thmeythmey.com