ជាតិ
ម៉ា​នី​កា បង្ហើប​ប្រាប់​ពី​គំរោង​ជីវិត​ក្នុង​ឆ្នាំ​ថ្មី
31, Jan 2015 , 8:30 am        
រូបភាព
ដោយ:
ភ្នំពេញ៖តារា​សម្តែង​និង​បង្ហាញ​ម៉ូដ​កញ្ញា​ម៉ា​នី​កា​ដែល​លេច​វត្តមាន​ក្នុង​ខ្សែ​វីដេអូ​ភាគ​រឿង“កូនប្រសា​អ្នកទីក្រុង”បានប្រកាស​ប្រាប់​ពី​ជីវិត​ផ្ទាល់ខ្លួន​ថា​នាង​នឹង​បើកទ្វារ​បេះដូង​ទទួលយក​ស្នេហា​នៅ​ឆ្នាំ២០១៥នេះ​ខណៈដែល​នាង​មើលឃើញថា​កាលពី​ឆ្នាំ២០១៤តារា​សិល្បៈ​មួយចំនួន​បាន​រៀបការ​ជាបណ្តើរៗហើយ​ម្យ៉ាងទៀត​សព្វថ្ងៃ​នាង​ក៏មាន​វ័យ​ច្រើន​ហើយ​ដែរ​សមល្មម​ដល់ពេល​មានគូស្រករ​នឹង​គេ​ហើយ។



គេ​នៅ​ចាំបាន​ថា​កាលពីពេល​កន្លងទៅ​តារា​សម្តែង​និង​បង្ហាញ​ម៉ូដ​កញ្ញា​ម៉ា​នី​កា​បាន​ផ្ទុះ​រឿង​រសើប​មួយ​ចេញពី​ប្រភព​អ្នកសិល្បៈ​ដោយមាន​ការនិយាយ​ខ្សឹបខ្សៀវ​ថា​ស្រី​ស្រអែម​ស្រស់​មាន​មន្ត​ស្នេហ៍​រូបនេះ​បាន​លួច​បង្កាត់ភ្លើង​ស្នេហ៍​ជាមួយ​តារា​ប្រុស​រាង​សង្ហា​គឺ​លោក​ប៉ែន​ចំ​រ៉ុង​ខណៈដែល​គេ​សង្កេតឃើញជារឿយៗតារា​ទាំងពីរ​រូបនេះ​មាន​ភាពស្និទ្ធស្នាល​គ្នា​ខុស​ប្រក្រតី​ប៉ុន្តែ​រឿងនេះ​ម៉ា​នី​កា​បាន​ចេញមុខ​បដិសេធថា​នាង​និង​លោក​ប៉ែន​ចំ​រ៉ុង​រាប់អាន​គ្នា​ក្នុងនាម​ជា​អ្នកសិល្បៈ​រួម​អាជីព​ប៉ុណ្ណោះ​គ្មាន​រឿង​អ្វី​លើសពីនេះ​នោះទេ។

ទោះជា​យ៉ាងណា​រហូតមក​ដល់ពេលនេះ​តារា​បង្ហាញ​ម៉ូដ​សម្បុរ​ស្រអែម​ម៉ា​នី​កា​ក៏​នៅ​មិនទាន់​លេចឮ​ដំណឹង​ល្អ​ណាមួយ​ជុំវិញ​ជីវិត​ឯកជន​របស់​នាង​នៅឡើយ​ទេ។
ក្នុង​បទ​សម្ភាស​តាម​ទូរស័ព្ទ​ជាមួយថ្មី”កាលពីពេល​កន្លង​ទៅបាន​ប្រកាសថា​នាង​មាន​វ័យ​ជិត៣០ឆ្នាំ​ហើយ​ដែលជា​វ័យ​មួយ​សមល្មម​នឹងមាន​គូគ្រង​ផងដែរ​បើទោះជា​អាជីព​សិល្បៈ​នៅ​មិនទាន់មាន​ភាពល្បីល្បាញ​យ៉ាងណាក្តី​ក៏​មិនអាច​បណ្តោយ​ពេលវេលា​ឲ្យ​វែងឆ្ងាយ​តទៅទៀត​នោះទេ​ចំពោះ​រឿង​គូស្រករ។នាង​បាន​លើកឡើងថា​នៅក្នុង​ឆ្នាំ២០១៥នេះ​នាង​នឹង​បើក​បេះដូង​ទទួលយក​ស្នេហា​យ៉ាងពិត​ប្រាកដ​មួយ។

ទោះជា​បែបនេះ​ក្តី​នាង​បន្ត​និយាយ​ទាំង​ក្រែង​ចិត្ត​ខ្លួនឯង​ថា​ការ​បង្ហើប​បែបនេះ​វា​ហាក់ដូចជា​ការផ្សព្វផ្សាយ​ស្វែងរក​ស្វាមី​យ៉ាង​ដូច្នោះ​ដែរ​ប៉ុន្តែ​វា​ជា​រឿង​មួយ​ដែល​មនុស្ស​គ្រប់រូប​គួរតែ​និយាយ​ចេញមក។នាង​បន្ថែមថា​ចំពោះ​បុរស​ក្នុង​ក្តី​ស្រមៃ​របស់​នាង​គឺជា​មនុស្ស​មាន​វ័យ​ស្របាល​នាង​និង​មានចំណេះដឹង​សមល្មម​មិនមាន​ពេក​មិន​ក្រ​ពេក​ប៉ុន្តែ​អ្វីដែល​សំខាន់​នោះ​គឺ​នាង​ចង់បាន​ទំហំ​ទឹកចិត្ត​នៃ​សេចក្តីស្រលាញ់​សូម​មានចិត្ត​ស្មោះ​មួយ​នឹង​មួយ​និង​ចេះ​ស្រលាញ់​គ្រួសារ​របស់​នាង​ផងដែរ៕



© រក្សាសិទ្ធិដោយ thmeythmey.com