សង្គមអន្តរជាតិ​
អន្តរជាតិ
តុលាការក្រុង​ញូវយ៉ក កាត់ទោស​ប្រហារជីវិត​ឆ្កែ​កំណាច​មួយ​ក្បាល
31, Jan 2015 , 7:30 pm        
រូបភាព
ដោយ:
ក្រសួងសុខាភិបាល​អាមេរិក បាន​នាំយក​រឿងក្ដី​មួយ​ពាក់ព័ន្ធ​នឹង​ករណី​ឆ្កែ​កាច​មួយ​ក្បាល បាន​ខាំ​មនុស្ស​ពីរ​នាក់​រហូតដល់​មាន​របួសធ្ងន់ ទៅកាន់​ការិយាល័យ​តុលាការ​រដ្ឋបាល និង​សវនាការ ក្នុង​ទីក្រុង​ញូវយ៉ក​ដើម្បី​កាត់ក្ដី។ ក្រោយពី​ការស៊ើបអង្កេត​តុលាការ​បានសម្រេច​កាត់​ទោស​ប្រហារជីវិត​ឆ្កែ​កំណាច​នោះ។ នេះ​បើ​យោងតាម​កាសែត New York Post ។



ប្រភព​ដដែល​បាន​ផ្សាយ​ថា ឆ្កែ​ឈ្មោល​មួយ​ក្បាល​ឈ្មោះ Bullmastiff mix Disel របស់លោក Kaseam Stanley បាន​ខាំ​មនុស្ស​ពីរ​នាក់​ធ្វើ​ឲ្យ​មាន​របួសធ្ងន់។ កាលពី​ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០១៤ Disel បាន​ខាំ​ជើង​ស្ត្រី​អាយុ ២០ ឆ្នាំ​ម្នាក់​ឈ្មោះ Humphrey ដែល​កំពុង​ឈរ​នៅខាងមុខ​ហាង​មួយ ធ្វើ​ឲ្យ​អ្នកស្រី​មាន​របួស​ជើង​យ៉ាងជ្រៅ។ ករណី​មួយទៀត​គឺ Disel បាន​ខាំ​ជើង​កម្មករ​ម្នាក់ កាលពី​ថ្ងៃទី ៤ ខែសីហា ក្នុងពេលដែល​កម្មករ​នោះ​កំពុង​ប្រលែង​លេង​ជាមួយ​វា ដោយបាន​ធ្វើ​ឲ្យ​កម្មករ​នោះ​ត្រូវ​បញ្ជូនទៅ​ជួយសង្គ្រោះ​ដោយ​វះកាត់​ជាបន្ទាន់​នៅ​មន្ទី​ពេទ្យ ។

ចៅក្រម​តុលាការ​រដ្ឋបាល លោក Tynia D. Richard  បាន​ឲ្យ​ដឹងថា នេះ​គឺជា​ករណី​ដ៏​កម្រ​មួយ​ក្នុង​រយៈពេល ៥ ឆ្នាំ​កន្លងមកនេះ ដែល​តុលាការ​ត្រូវ​កាត់ទោស​ប្រហារជីវិត​ឆ្កែ​កាច​មួយ​ក្បាល​នេះ។ បើ​យោងតាម​ក្រសួងសុខាភិបាល​អាមេរិក ក្នុងមួយឆ្នាំៗ យ៉ាង​ហ​ចណាស់​ក៏មាន​ករណី ឆ្កែ​កាច ត្រូវបាន​គេ​កាត់ទោស​នៅក្នុង​តុលាការ​រដ្ឋបាល និង​សវនាការ ៕


© រក្សាសិទ្ធិដោយ thmeythmey.com