ជាតិ
អាជ្ញាធរខេត្ត​ព្រះសីហនុ ហាម​មិន​ឲ្យ​ក្រុមហ៊ុន Kazantipប្រគំ​តន្ត្រី​អាសអាភាស
03, Feb 2015 , 3:22 pm        
រូបភាព
ដោយ: ថ្មីៗ
អាជ្ញាធរខេត្ត​ព្រះសីហនុ បង្គាប់​ឲ្យ​នាយក​ក្រុមហ៊ុន Kazantip Asia Co,Ltd.  ផ្អាក​នូវ​សកម្មភាព រៀបចំ​ដំណើរ​កម្សាន្ត ការប្រគំ​តន្ត្រី និង​ល្បែង​កម្សាន្ត អាសអាភាស ដែល​គ្រោង​នឹង​រៀបចំ​ចាប់ពី​ថ្ងៃទី១៨ ដល់​ថ្ងៃទី ២៨ខែកុម្ភៈ​ខាងមុខ នៅលើ​កោះពស់ សង្កាត់​លេខ៣ ក្រុងព្រះសីហនុ។



យោងតាម​សេចក្តីជូនដំណឹង​របស់​សាលា​ខេ​តុ្ត​ព្រះសីហនុ កាលពី​ថ្ងៃទី២ ខែកុម្ភៈ បាន​ឲ្យ​ដឹងថា អាជ្ញាធរខេត្ត​ព្រះសីហនុ នឹង​ចាត់វិធានការ​ផ្លូវច្បាប់ បើសិនជា​ក្រុមហ៊ុន Kazantip Asia រឹងរូស មិន​អនុវត្តតាម​សេចក្ដីជូនដំណឹង​នេះ។

ជាមួយគ្នានេះ​សាលា​ខេ​តុ្ត​ព្រះសីហនុ បន្ថែមថា តាមរយៈ​គេហទំព័រ របស់​ក្រុមហ៊ុន​Kazantip Asia សកម្មភាព​ប្រគំ​តន្ត្រី​ខាងលើ មាន​លក្ខណៈ​ប្រាសចាក ពី​ប្រពៃណី វប្បធម៌ និង​កិត្តិយស​ជាតិខ្មែរ ពិសេស​ផ្ទុយ​ពី​កម្មវត្ថុ នៃ​ការស្នើសុំ​កន្លងមក​ដូចនេះ​រដ្ឋបាលខេត្ត​ព្រះសីហនុ សម្រេច​ផ្អាក​ជាបន្ទាន់ នូវ​សកម្មភាព​រៀបចំ​គម្រោង នៃ​ការប្រគំ​តន្ត្រី និង​ល្បែង​កម្សាន្ត​អាសអាភាស​នេះ។

ការប្រគំ​តន្ត្រី Kazantipបានចាប់ផ្តើម​ឡើង តាំងពី​ឆ្នាំ ១៩៩២ ដល់​ឆ្នាំ២០១៣ នៅ​ប្រទេស​អ៊ុយ​ក្រែ​ន ក្នុង​តំបន់​គ្រី​មៀ ។ ការប្រគំ​តន្ត្រី​នេះ​ភាគច្រើន គេ​តម្រូវ​ស្លៀកពាក់​ពណ៌​ទឹកក្រូច និង​ខោអាវ​ពណ៌​លឿង។ពិធី​ប្រគំ​តន្ត្រី​នេះ​លាយឡំ​ដោយ​ការដើរ​ស្រាត និង​ខ្លះទៀត រួមភេទ​គ្នា​ផងដែរ៕



© រក្សាសិទ្ធិដោយ thmeythmey.com