ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ឈឹម ផលវរុណ និង​មន្ត្រី​២រូប​ទៀត​ ក្លាយ​ជា​​អ្នក​នាំ​ពាក្យ​​របស់​បក្ស​ប្រជាជន​កម្ពុជា
06, Feb 2015 , 1:37 pm        
រូបភាព
លោក សុខ ឥសាន នៅខាងឆ្វេង លោក ឈឹម ផលវរុណ នៅកណ្តាល លោក សួស យ៉ារ៉ា នៅខាងស្តាំ
លោក សុខ ឥសាន នៅខាងឆ្វេង លោក ឈឹម ផលវរុណ នៅកណ្តាល លោក សួស យ៉ារ៉ា នៅខាងស្តាំ
ដោយ:

លោក ឈឹម ផល​វរុណ លោក សួស​ យ៉ា​រ៉ា និង​លោក សុខ ឥសាន ត្រូវបាន​គណបក្ស​ប្រជាជន​កម្ពុជា​តែងតាំង​ជា​អ្នកនាំពាក្យ​របស់​គណបក្ស។ នេះ​បើតាម​ប្រសាសន៍​របស់លោក​បណ្ឌិត ឈឹម ផល​វរុណ ។ ការតែងតាំង​នេះ គឺ​សម្រេច​ដោយ​គណៈអចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាលរ​បស់​បក្ស កាលពី​ថ្ងៃទី ៤ ខែកុម្ភៈ កន្លងទៅ។  មុននេះ លោក ខៀវ កាញារីទ្ធ ដែលជា​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ត្រូវបាន​គេ​ដឹងថា គឺជា​អ្នកនាំពាក្យ​របស់​គណបក្ស​ប្រជាជន​កម្ពុជា។ លោក​រដ្ឋមន្ត្រី​ក៏​ជា​អ្នកនាំពាក្យ​របស់​រដ្ឋាភិបាល​ផងដែរ។



«ប្រហែលជា​គណបក្ស​ប្រជាជន​កម្ពុជា ទទួលស្គាល់​ពី​ភាពស្មោះត្រង់ និង​សមត្ថភាព​របស់ខ្ញុំ​ហើយ បានជា​តែងតាំង​ខ្ញុំ​ជា​អ្នកនាំពាក្យ​របស់​គណបក្ស» ។ នេះ​ជាការ​ពន្យល់​របស់លោក ឈឹម ផល​វរុណ ដែល​ទើបតែ​ត្រូវ​គណបក្ស​ប្រជាជន​កម្ពុជា​តែងតាំង​ជា​អ្នកនាំពាក្យ។

ថ្លែងប្រាប់​សារព័ត៌មានថ្មីៗនៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ លោក ឈឹម ផល​វរុណ បាន​បញ្ជាក់ថា ក្នុងចំណោម​អ្នកនាំពាក្យ​ទាំង៣នាក់ ដែល​គណបក្ស​ប្រជាជន​កម្ពុជា​តែងតាំង​នោះ គឺ​ឈ្មោះ​របស់លោក ស្ថិតក្នុង​លំដាប់​លេខ​រៀង​ទី១ ។ « អ្នកនាំពាក្យ​ទាំង ៣នោះ មាន​រូបខ្ញុំ មាន​លោក សួស យ៉ា​រ៉ា លោក សុខ ឥសាន។ ដូច​មិនមាន​បែងចែក​ពី​ឋានៈ​របស់​ពួក​ខ្ញុំ​ទាំង ៣ ថា នរណា​ខ្ពស់ជាង​អ្នកណា​ទេ ដោយ​គ្រាន់តែ​ឈ្មោះ​ខ្ញុំ​នៅ​លេខ​រៀង​ទី១» ។ នេះ​ជាការ​បញ្ជាក់​របស់លោក​អ្នកវិភាគ​គាំទ្រ​បក្ស​កាន់អំណាច។

លោក សួស យ៉ា​រ៉ា គឺជា​អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តព្រះវិហារ រីឯ​លោក សុខ ឥសាន គឺជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្តព្រៃវែង។

លោក ឈឹម ផល​វរុណ ដែល​ទើប​ទទួលបាន​ដំណែង​ជា​សមាជិក​កណ្តាល​គណបក្ស​ថ្មី​ផង​នោះ បាន​ប្តេជ្ញាចិត្ត​យ៉ាងនេះ​ថា៖ « ខ្ញុំ​រីករាយ​នឹង​ទទួល​តំណែង​នេះ ព្រោះ​ខ្ញុំ​គាំទ្រ​បក្ស​ប្រជាជន​កម្ពុជា​តាំងពី​ឆ្នាំ ១៩៧៩ កន្លងមក។ ខ្ញុំ​នឹង​ខំប្រឹង​ធ្វើការ​បម្រើ​គណបក្ស​ប្រជាជន បម្រើ​ជាតិ ដើម្បី​ផលប្រយោជន៍​ប្រទេស និង​ប្រជាពលរដ្ឋ។ ខ្ញុំ​នឹង​ពន្យល់​ឲ្យ​មហាជន​យល់​ពី​សមិទ្ធផល​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​រយៈពេល ៣០ ឆ្នាំ​កន្លងមកនេះ ខណៈដែល​ក្រុមខ្លះ​កំពុង​ព្យាយាម​លុបចោល​សមិទ្ធផល​ទាំងនោះ។

អ្នកនាំពាក្យ​រូបនេះ បាន​អះអាងថា ក្នុងនាម​ខ្លួន​ជា​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា រូបលោក​នឹង​ផ្តល់ព័ត៌មាន​ឈរលើ​គោលការណ៍​សន្តិភាព សេរីភាព ដើម្បី​ប្រជាជាតិ។ លោក ឈឹម ផល​វរុណ បញ្ជាក់​យ៉ាងនេះ​ថា៖ «យើង​មិនមែន​សត្រូវ​គ្នា​ទេ តែ​យើង​គ្រាន់​តែមាន​ទស្សនៈ​ខុសគ្នា​តែប៉ុណ្ណោះ»៕




© រក្សាសិទ្ធិដោយ thmeythmey.com