ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សង្គមជាតិ
មិនមែន​មានតែ​កម្ពុជា​ទេ ដែលមាន​ការ​លួច​ថតរូប​អាក្រាត​ក្នុង​តំបន់​ទេសចរណ៍ល្បីៗ
08, Feb 2015 , 11:29 am        
រូបភាព
៣សប្តាហ៍​​ចុងក្រោយនេះ​ កម្ពុជា​បាន​ជួបប្រទះ​ករណី​ដែល​ទេសចរ​បរទេស​លួច​ថតរូប​អាក្រាត​នៅក្នុង​តំបន់​អង្គរ។ ការណ៍​នេះ​បាន​តម្រូវ​ឲ្យ​អាជ្ញាធរ​អប្សរា បង្កើន​ការ​ត្រូតពិនិត្យ និង​​ការ​យាមល្បាត​យ៉ាង​តឹងរ៉ឹង​ជាងមុន​។ អនុប្រធាន​ទី១ នៃ​នាយកដ្ឋាន​ផ្សព្វផ្សាយ​នៃ​អាជ្ញាធរ​អប្សរា លោក ឡុង កុសល បាន​ថ្លែងប្រាប់​សារព័ត៌មានថ្មីៗថា ករណី​លួច​ថតរូប​អាក្រាត ធ្លាប់បាន​កើតមាន​យូរ​ហើយ​នៅ​បរទេស។ ហើយ​កម្ពុជា​បានស្នើ​សុំ​កិច្ចសហការ​ដើម្បី​ចែករំលែក​ព័ត៌មាន និង​វិធានការ​ការពារ​បញ្ហា​នេះ។ ខាងក្រោម​គឺជា​បទសម្ភាសន៍​រវាង​លោក លាង ដឺ​លុច និពន្ធ​នាយក​សារព័ត៌មានថ្មីៗ ជាមួយ​លោក ឡុង កុសល អនុប្រធាន​ទី១ នៃ​នាយកដ្ឋាន​ផ្សព្វផ្សាយ​នៃ​អាជ្ញាធរ​អប្សរា អំពី​វិធានការ​ការពារ​ការថត​រូបអាក្រាត​លើ​តំបន់​អង្គរ។


លោក លាង ដឺ​លុច៖ ក្រោយពី​មានការ​ផ្សព្វផ្សាយ​រូបភាព​ប្រឌិត​នៃ​នារី​អាក្រាត(ខាងលើ) នៅលើ​រូបភាព​តំបន់​អង្គរ​ដោយ​ក្រុម​WANIMAL ហេតុការណ៍​ជាក់ស្តែង២ករណីដែល​ប្រព្រឹត្តិ​​ដោយ​ក្រុម​បុរស​ជនជាតិ​បារាំង និង​ស្ត្រី​ជនជាតិ​អាមេរិក​ដែល​ថតរូប​អាក្រាត ត្រូវបាន​អាជ្ញាធរ​កម្ពុជា​ចាប់​កាត់ទោស​ជា​បន្តបន្ទាប់។ តើ​នេះ​គឺ​ដោយសារតែ​អាជ្ញាធរ​អប្សរា បង្កើន​វិធានការ​​ការពារ​មែនដែរ​ឬទេ?

លោក ឡុង កុសល៖ ដំបូង​ខ្ញុំ​ចង់​បញ្ជាក់ថា ​តំបន់​រមណីយដ្ឋាន​អង្គរ​របស់​យើង​ធំធេង​ណាស់ គឺ​ទំហំ​ប្រមាណ៤០១គីឡូម៉ែត្រ​ការេ។ ប្រសាទនីមួយៗក៏​សុទ្ធ​តែមាន​ទំហំធំៗ ដូចជា​៣គីឡូម៉ែត្រ គុណ​នឹង៤គីឡូម៉ែត្រ​ជាដើម។ ទាក់ទង​នឹង​បញ្ហា​សុវត្ថិភាព ឬ​សន្តិសុខ អាជ្ញាធរ​អប្សរា​មាន​ភ្នាក់ងារ​ចំនួន៣អង្គភាព រួមមាន​ក្រុមការងារ​ការពារ​ផ្នែក​វប្បធម៌ ផ្នែក​សណ្តាប់ធ្នាប់ និង​ផ្នែក​ទេសចរណ៍។ ហើយ​យើង​បានធ្វើការ​ជិតស្និទ្ធ​ជាមួយ​នគរបាល​បេតិកភណ្ឌ និង​នគរបាល​ទេសចរណ៍​ផងដែរ។ ជាការ​ពិត បន្ទាប់ពី​មាន​ព័ត៌មាន​អំពី​ការលួច​ថត​រូប​​អាក្រាត​នៅ​តំបន់​អង្គរ យើង​បាន​បង្កើន​ការត្រួតពិនិត្យ និង​ការពង្រឹង​កិច្ចសហការ​ណ៍រ​វាង​ភ្នា​ក់ពាក់​ព័ន្ធ​ទាំងអស់។

លោក លាង ដឺ​លុច៖ តើ​ការ​លួច​ថតរូប​អាក្រាត​នៅក្នុង​តំបន់​ទេសចរណ៍ល្បីៗកម្រិត​ពិភពលោក​យ៉ាង​ដូច្នេះ ធ្លាប់​កើតមាន​នៅ​ប្រទេស​ណា​ផ្សេងទៀត​ដែរឬទេ? ឬក៏​ថា​មានតែ​នៅ​កម្ពុ​ជាមួយ​ប៉ុណ្ណោះ?

លោក ឡុង កុសល៖
ហេតុការណ៍​លួច​ថតរូប​អាក្រាត គឺជា​រឿង​ថ្មី​សម្រាប់​កម្ពុជា។ ប៉ុន្តែ​វា​មិនមែនជា​រឿង​ថ្មី​សម្រាប់​ប្រទេសមួយ​ចំនួន​ក្នុង​ពិភពលោក​ដែលមាន​តំបន់​ទេសចរណ៍​ល្បីៗនោះឡើយ។ ក្រោយពី​មាន​ហេតុការណ៍​នេះ​កើតឡើង យើង​បាន​ទាក់ទង​ធ្វើ​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​មួយចំនួន​ដើម្បី​ទទួល​ព័ត៌មាន និង​ចែករំលែក​ពិសោធន៍​ដែល​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ។ ខ្ញុំ​គ្រាន់តែ​អាច​ជម្រាប​បាន​ថា នៅ​ប្រទេស​ខ្លះ ហេតុការណ៍​ដូចនេះ បាន​កើតមាន​​តាំងពី២០ឆ្នាំមុន ក៏មានដែរ។

លោក លាង ដឺ​លុច៖ លោក ឡុង កុសល លោក​ទើបតែ​មានប្រសាសន៍ អំពី​ការសហការ​ចែករំលែក​បទពិសោធន៍​ពី​ប្រទេស​ដែល​ធ្លាប់​កើតមាន​ករណី​លួច​ថតរូប​អាក្រាត​ក្នុង​តំបន់​ទេសចរណ៍ល្បីៗរបស់​ពួកគេ។ តើ​អ្វីខ្លះ ជា​វិធានការ​ការពារ​បញ្ហា​ទាំងនេះ ដែលអាជ្ញាធរ​​អប្សរា​បានទទួល?

លោក ឡុង កុសល៖ យើង​ពិត​ជាមាន​វិធានការ​តឹងតែង​ជាង​មុន ហើយ​យើង​កំពុង​រៀបចំ​វិធានការ​ទាំងនេះ​ដែរ។ ខ្ញុំ​មិនអាច​ជម្រាប​លោក​បានទេ។ វា​មាន​ទាំង​ការពិភាក្សា​ផ្លូវច្បាប់​ទៀតផង។

លោក លាង ដឺ​លុច៖ តើ​លោក​អាច​យល់​បានទេ អំពី​មូលហេតុ​ដែលនាំអោយ​ទេសចរ​បរទេស ឬ​ក្រុម​ផលិត​រូបភាព ចង់​ផ្តិត​យក​រូបភាព​អាក្រាត​ជាមួយ​រមណីយដ្ឋាន​ទេសចរណ៍​ថ្នាក់​ពិភពលោក​យ៉ាង​ដូច្នេះ?

លោក ឡុង កុសល៖ តាម​យោបល់​ខ្ញុំ​ផ្ទាល់ ខ្ញុំ​មិនបាន​មើលឃើញ​មូលហេតុ​អ្វី​ផ្សេង ក្រៅពី​ការធ្វើ​អាជីវកម្ម​លើ​ភាពល្បីល្បាញ ឬ​ភាព​អស្ចារ្យ​នៃ​តំបន់​ទេសចរណ៍​ថ្នាក់​ពិភពលោក ដែលជា​កម្មវត្ថុ​នៃ​ការលក់ដូរ​រូបភាព​របស់​ពួកគេ​នោះឡើយ៕




© រក្សាសិទ្ធិដោយ thmeythmey.com