ជាតិ
សង្គមជាតិ
ក្រសួង​កិច្ចការនារី​ប្រកាស​យុទ្ធសាស្ត្រ៥ចំណុច​ទប់ស្កាត់​អំពើហិង្សា​លើ​ស្ត្រី
10, Feb 2015 , 4:49 pm        
រូបភាព

 
ក្រសួង​កិច្ចការនារី ប្រកាស​ដាក់​ឲ្យ​អនុវត្តន៍​នូវ​យុទ្ធសាស្ត្រ​គោល​ចំនួន៥ ចំណុច និង​យុទ្ធសាស្ត្រតូចៗចំនួន១៦ ដើម្បី​បញ្ឈប់​អំពើហិង្សា​លើ​ស្ត្រី នៃ​ផែនការ​សកម្មភាព​ជាតិ​លើក​ទី២ សម្រាប់​ឆ្នាំ២០១៤-២០១៨ ។យុទ្ធសាស្ត្រ​ចំនួន៥ចំណុច​នោះ​មានដូចជា​ទី១ ការទប់ស្កាត់​បឋម ទី ២ ការការពារ​ផ្នែក​ច្បាប់ និង​សេវាកម្ម​ពហុ​វិស័យ ទី ៣ ការកសាង និង​ការអនុវត្ត​គោលនយោបាយ និង​ច្បាប់ ទី ៤ ការកសាង​សមត្ថភាព និង ទី៥ ការតាមដាន ការត្រួតពិនិត្យ និង​ការវាយតម្លៃ។



រដ្ឋមន្ត្រីក្រសួង​កិច្ចការនារី​លោកស្រី អ៊ឹង កន្ថាផាវី​បាន​ថ្លែងថា ផែនការ​សកម្មភាព​ទាំង ៥ ចំណុច​នេះ ធ្វើឡើង​ក្នុង​គោលដៅ​កាត់បន្ថយ​អំពើហិង្សា​លើ​ស្ត្រី​ក្នុង​គ្រួសារ និង​កុមារី​ងាយ​រងគ្រោះ ពី​ការរំលោភ​សេពសន្ថវៈ។ ក្នុង​ពិធី​ប្រកាស​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ ដើម្បី​ទប់​ស្តា​ត់​អំពើហិង្សា​លើ​ស្ត្រី​នៅ​ថ្ងៃ​អង្គារ​នេះ លោកស្រី​រដ្ឋមន្ត្រី​បន្ថែមថា ផែនការ​នេះ ក៏​ដើម្បី​ផ្លាស់ប្ដូរ​ឥរិយាបថ​សង្គម​ដែលមាន​ការរើសអើង​ចំពោះ​ស្ត្រី ធ្វើ​ឲ្យ​មាន​សមភាព​រវាង​បុរស​និង​ស្ត្រី និង​ការពារ​តាមផ្លូវ​ច្បាប់​ប្រកបដោយ​យុត្តិធម៌​ដល់​ស្ត្រី។

តំណាង​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា លោកស្រី ក្លៀ​រ វ៉ាន​ឌឺ​វេ​រ៉ែ​ន មាន​ប្រសា​ស​ន៏​នៅក្នុង​ពិធី​នោះដែរ​ថា ផែនការ​នេះ​គឺជា​សមិទ្ធផល​ដ៏​សំខាន់​មួយ ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​សិទ្ធ​របស់​ស្ត្រី និង​ក្មេងស្រី ។ ហើយ​រដ្ឋាភិបាល​ត្រូវ​ផ្លាស់ប្ដូរ​សង្គម ដែល​ចាំបាច់​ទប់ស្កាត់​អំពើហិង្សា​ប្រកបដោយ​ប្រសិទ្ធភាព ។ លោកស្រី​បន្ថែមថា៖«ប្រទេស​កម្ពុជា​កំពុង​នាំមុខគេ នៅលើ​ឆាក​អន្តរជាតិ ក្នុងការ​ឆ្លើយតប​ចំពោះ​អំពើហិង្សា​លើ​ស្ត្រី និង​ក្មេងស្រី​ដើម្បី​ឈានទៅ​សម្រេច​គោលដៅ​ទប់ស្កាត់​អំពើហិង្សា។ ការសម្រេច​គោលដៅ​នេះ នាំ​ឲ្យ​មានការ​ផ្លាស់ប្ដូរ​ក្នុងសង្គម​យ៉ាង​ធំធេង ដែល​ផ្ដល់​ប្រយោជន៍​ដល់​សង្គមជាតិ​ទាំងមូល​ផងដែរ»។

ក្រសួង​កិច្ចការនារី បាន​បង្កើត​ក្រុមការងារ​ឆ្លើយតប​អំពើហិង្សា​ទាក់ទង​នឹង​យេនឌ័រ​នេះ ដោយមាន​ការចូលរួម​ពី​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ចំនួន១៥ និង​អង្គការក្រៅរដ្ឋាភិបាល​ចំនួន១៤ នៅក្នុង​ដំណើរការ​រៀបចំ​ផែនការ​សកម្មភាព​ជាតិ​ឆ្នាំ២០១៤-២០១៨នេះ ដើម្បី​ជា​ទុន​ក្នុងការ​ឆ្លើយតប​ឲ្យ​បាន​សមស្រប​ទៅតាម​តម្រូវការ នៃ​ស្ថានភាព​របស់​ជនរងគ្រោះ ក្នុងការ​ទប់ស្កាត់ និង​ការផ្ដល់​សេវាកម្ម​នានា ៕



© រក្សាសិទ្ធិដោយ thmeythmey.com