ជាតិ
​​​ន​យោ​បាយ​ជាតិ​
ក្រសួងយុត្តិធម៌​បង្កើត​ច្បាប់៣ ដើម្បី​ផ្លាស់ប្ដូរ​ប្រព័ន្ធយុត្តិធម៌
12, Feb 2015 , 8:30 pm        
រូបភាព

 
ក្រសួងយុត្តិធម៌​បង្កើត​ច្បាប់​ចំនួន៣  ដើម្បី​ឲ្យ​មានការ​ផ្លាស់ប្ដូរ​ប្រព័ន្ធយុត្តិធម៌​នៅ​កម្ពុជា។ នេះ​បើតាម​លោក ជិន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ ។ លោក ជិន ម៉ា​លីន អះអាងថា ការបង្កើត​ច្បាប់​នេះ​ឡើង គឺ​ក្រសួងយុត្តិធម៌ មិនមែន​បង្កើតឡើង​ដើម្បី​លូកដៃ​ចូល​ប្រព័ន្ធតុលាការ​នោះទេ។



ឆ្លើយតប​នឹង​គណៈកម្មការ​ទី ៦ នៃ​រដ្ឋសភា ដឹកនាំ​ដោយ​លោក ប៉ែន បញ្ញា ដែល​បាន​សាកសួរ​លោក​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​លោក  អង្គ វង្ស​វ​ឌ្ឍ​នា នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​នៅ​ក្រសួងយុត្តិធម៌ ស្តីពី​ដំណើរការ​នៃ​ការអនុវត្ត​ប្រព័ន្ធយុត្តិធម៌​នៅ​កម្ពុជា​កន្លងមក និង​ផែនការ​របស់​ក្រសួង​សម្រាប់​ប្រព័ន្ធយុត្តិធម៌​ទៅ​ថ្ងៃ​ខាងមុខ។ ក្រសួងយុត្តិធម៌​បាន​បង្កើត​ច្បាប់​ចំនួន៣ ដើម្បី​ធ្វើការ​ផ្លាស់ប្ដូរ​ប្រព័ន្ធយុត្តិធម៌​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​នៅ​កម្ពុជា ជាពិសេស​ប្រព័ន្ធតុលាការ។ នេះ​បើតាម​លោក ជិន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ ។

តាមរយៈ​ស​ន្នី​សីទ​កាសែត លោក ជិន ម៉ា​លីន បាន​បញ្ជាក់ថា ច្បាប់​ទាំង៣នេះ​គឺ​ក្រសួងយុត្តិធម៌ បង្កើតឡើង​ដើម្បី​សម្រួល​កិច្ចការងារ​នៅក្នុង​ប្រព័ន្ធតុលាការ​តែប៉ុណ្ណោះ ។ ហើយ​ក្រសួង​ក៏​មិន​មានបំណង​លូកដៃ​ចូលក្នុង​ប្រព័ន្ធតុលាការ ដូចជា​មតិ​មួយចំនួន​ដែល​បានលើកឡើង​នោះទេ។ អ្នកនាំពាក្យ​រូបនេះ​ពន្យល់​យ៉ាង​ដូច្នេះ​ថា៖«ក្រសួងយុត្តិធម៌​យើង​បាន​បង្កើត​ច្បាប់​ចំនួន ដើម្បី​ជួយ​ដល់​កែសម្រួល​ដល់​ប្រព័ន្ធតុលាការ ក្នុងនោះ​មានដូចជា​ការបង្កើត​ឲ្យ​មាន​រដ្ឋបាល​តុលាការ​តាម​សាលា​ជំនុំជម្រះ​គ្រប់​ជាន់ថ្នាក់​ជួយ​សម្រួល​ទៅលើ​ការងារ​របស់​ចៅក្រម ព្រះរាជអាជ្ញា ការងារ​រដ្ឋា​បាល ហិរញ្ញវត្ថុ និង​ផែនការ​នានា ។ កុំ​ឲ្យ​ចៅក្រម ព្រះរាជអាជ្ញា​រវល់​គិតពី​បញ្ហា​នេះ​ដូច​មុន គឺ​ឲ្យ​ពួកគេ​គិតតែ​ពី​ការងារ​កាត់ក្ដី​បាន​ហើយ។ ហើយ​ច្បាប់​នេះ​មិនបាន​បង្កើតឡើង​ដើម្បី​ផ្ដល់​អំណាច​ឲ្យ​ក្រសួងយុត្តិធម៌​ដូច​ការលើកឡើង​របស់​សង្គម​ស៊ីវិល​មួយចំនួន​ដែរ»។

បើតាម​លោក ជិន ម៉ា​លីន ច្បាប់​ទាំង៣នេះ​រួមមាន៖ ច្បាប់​ស្ដីពី​ការរៀបចំ​អង្គការ​តុលាការ ច្បាប់​ស្តីពី លក្ខន្តិក​ចៅក្រម ព្រះរាជអាជ្ញា និង​ច្បាប់​ស្តីពី ការរៀបចំ​នឹង​ការប្រព្រឹត្តិទៅ​នៃ​ឧ​ត្ត​ម​ប្រឹក្សា​អង្គចៅក្រម។ ចំពោះ​ច្បាប់​នេះ​ក៏​ត្រូវបាន​គណៈកម្មការ​ទី៦នៃ​រដ្ឋសភា សាទរ​ក្នុង​ការបង្កើត​ផងដែរ។ នេះ​ជាការ​អះអាង​របស់លោក ជិន ម៉ា​លីន។

ជាមួយគ្នានេះ សមាជិក​នៃ​គណៈកម្មការ​ទី៦ មកពី​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ក៏បាន​ចោទសួរ​ទៅ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ពាក់ព័ន្ធ​នឹង​ការចាប់ខ្លួន​សកម្មជន​ដីធ្លី និង​សកម្មជន​គណបក្សប្រឆាំង​កន្លងមក ដោយ​តម្រូវ​ឲ្យ​មានការ​ចូលរួម​ដោះស្រាយ​ពី​ក្រសួងយុត្តិធម៌។ តែ​បញ្ហា​នេះ​ក្រសួងយុត្តិធម៌ បដិសេធថា ខ្លួន​មិនមាន​សមត្ថកិច្ច​លូកដៃ​ចូលក្នុង​ប្រព័ន្ធតុលាការ​នោះទេ ព្រោះនេះ​ឯករាជ្យភាព​របស់​តុលាការ។ ហើយ​ក្រសួងយុត្តិធម៌​គ្រាន់តែ​អាច​កសាង ច្បាប់​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស ផ្សព្វផ្សាយ​ច្បាប់ និង​តាមដាន​ពិនិត្យ​មន្ត្រី​អនុវត្ត​ច្បាប់ និង​តុលាការ​ប៉ុណ្ណោះ។ នេះ​ជាការ​បញ្ជាក់​របស់លោក ជិន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌៕



© រក្សាសិទ្ធិដោយ thmeythmey.com