អន្តរជាតិ
នយោបាយអន្តរជាតិ
បើក្រិកជាសំរាមរបស់អឺរ៉ុប ក្រិកគឺជាមាសក្នុងក្រសែភ្នែកចិន និងរុស្ស៊ី
× ខណៈសហភាពអឺរ៉ុបកំពុងតានតឹងជាមួយក្រិកក្នុងរឿងវិបត្តិបំណុលនោះ ចិននិងរុស្ស៊ីឯណោះវិញបាននាំគ្នាមកចែចង់ក្រិកអោយពង្រឹងទំនាក់ទំនងជាមួយខ្លួនយ៉ាងព្រងើយ។ ជាក់ស្តែង ប្រធានាធិបតីពូទីន និងនាយករដ្ឋមន្ត្រីចិន លី ខឺឈាំង បានអញ្ជើញនាយករដ្ឋមន្ត្រីក្រិកថ្មី អាឡិចស៊ិស ស៊ីប្រា អោយទៅបំពេញទស្សនកិច្ចនៅរុស្ស៊ី និងចិន។
សូមស្តាប់ការពន្យល់របស់ ព្រំសឿន សូលីណា ពីទីក្រុងប៉ារីស
ប្រសិនបើសហភាពអឺរ៉ុបបន្តតានតឹងរឿងបំណុលជាមួយក្រិក នោះក្រិកប្រហែលអាចរត់ចោលអឺរ៉ុប ទៅរករុស្ស៊ី រឺក៏ចិនវិញក៏ថាបាន។ ថ្វីបើថា ក្រិកកំពុងមានបំណុលវណ្ឌក រហូត ដល់ ១៧០ភាគរយ នៃផលិតផលសរុបក្នុងស្រុកក្តី ក៏ចិននិងរុស្ស៊ីមិនបានចាត់ទុកក្រិក ថាជាប្រទេសអន់បំផុត នៅអឺរ៉ុបដែរ។ មហាអំណាចទាំង២មានតែនាំគ្នាបញ្ចេញមន្តស្នេហ៍ ទាក់ទាញអោយរដ្ឋាភិបាលថ្មី របស់លោក ស៊ីប្រា បើកចំហរទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម រឺក៏វប្បធម៌ អោយកាន់តែទូលំទូលាយជាមួយខ្លួនថែមទៀត។ លោក ពូទីន បានសុំអោយលោកស៊ីប្រាទៅចូលរួមបុណ្យជាតិរុស្ស៊ី ដែលនឹងប្រព្រឹត្តទៅនៅខែឧសភាខាងមុខ។ រីឯលោក លី ខឺឈាំង វិញក្នុងសប្តាហ៍នេះ ក៏ទូរស័ព្ទសំណេះសំណាលពីទំនាក់ទំនងរវាងចិន និងក្រិកជាមួយនាយករដ្ឋមន្ត្រីក្រិកដែរ ហើយក៏មិនភ្លេចនឹងអញ្ជើញលោកស៊ីប្រាអោយទៅលេងក្រុងប៉េកាំងដែរ។
ត្បិតថា ក្រិកកំពុងធ្លាក់ដុនដាបក្នុងរឿងថវិកា និងកំពុងរងសម្ពាធពីម្ចាស់បំណុលដូចជាសហភាពអឺរ៉ុប រឺក៏មូលនិធិរូបិយវត្ថុអន្តរជាតិ រដ្ឋាភិបាលក្រិកដែលទើបជាប់ឆ្នោតថ្មី មិនមែនដូចរដ្ឋាភិបាលក្រិកចាស់ ដែលចេះតែដើរតាមសហភាពអឺរ៉ុបទេ។ រុស្ស៊ីនិងចិន ពិតជាមើលឃើញថា លោក ស៊ីប្រា ជានាយករដ្ឋមន្ត្រីក្រិកថ្មីនេះមានបុគ្គលិកលក្ខណៈមិនធម្មតាទេ ព្រោះនយោបាយដែលលោកធ្លាប់បង្ហាញក្នុងការឃោសនាបោះឆ្នោត កន្លងមក គឺជានយោបាយប្រឆាំងការត្បិតត្បៀតថវិកា ធ្វើអោយប្រជាជនក្រិកពេញចិត្តច្រើន មិនតែប៉ុណ្ណោះទេ បក្សនយោបាយផ្សេងៗនៅអឺរ៉ុប ក៏ដូចជាពេញចិត្តនឹងនយោបាយនេះដែរ។ គ្រាន់តែចូលកាន់តំណែងមិនបានប៉ុន្មានថ្ងៃផង លោក ស៊ីប្រា បានអនុវត្តផែនការមួយចំនួនស្របតាមការសន្យាក្នុងពេលបោះឆ្នោតកន្លងមកភ្លាម។ ក្នុងគោលនយោបាយប្រឆាំងការរឹតត្បិតថវិកានេះ រដ្ឋាភិបាលក្រិកថ្មីគ្រោងជួយអោយបុគ្គលិករដ្ឋដែលត្រូវបណ្តេញចេញពីការងារកន្លងមក ដើម្បីកាត់បន្ថយចំណាយជាតិនោះ អាចត្រលប់មកធ្វើការវិញបាន។
បើលោកស៊ីប្រាមុតមាំចង់ស្រោចស្រង់ក្រិកតាមផែនការថ្មី ដែលលោកគិតថា មិនចាំបាច់ពឹងសហភាពអឺរ៉ុបទៀតនោះ វាជាឱកាសល្អសម្រាប់ចិន និងរុស្ស៊ីដែលត្រូវការការវិនិយោគនិងពង្រីកឥទ្ធិពលនៅអឺរ៉ុប។ រុស្ស៊ីកំពុងតានតឹងជាមួយសហភាពអឺរ៉ុបក្នុងសំណុំរឿងអ៊ុយក្រែន ដូច្នេះ បើរុស្ស៊ីជួយជាលុយកាក់ដល់ក្រិក នោះក្រិកនឹងក្លាយជាដៃគូសំខាន់មួយជួយពង្រឹងជំហររុស្ស៊ី នៅអឺរ៉ុបថែមទៀត។ ចិនឯណោះវិញ ក៏មិនងាយព្រលែងក្រិកចោលដែរ។ នាយករដ្ឋមន្ត្រីក្រិកថ្មីសម្រេចលែងអោយមានការទិញយកកម្មសិទ្ធិរដ្ឋក្រិក មកធ្វើជាកម្មសិទ្ធិឯកជន ធ្វើអោយក្រុមហ៊ុនចិនមិនអាចទិញយកភាគហ៊ុនរដ្ឋ ដើម្បីវិនិយោគនៅកំពង់ផែ Pirée របស់ក្រិកបានទៀត។ ទោះដូច្នេះក្តី រដ្ឋាភិបាលចិននៅតែបបោសអង្អែលរដ្ឋាភិបាលក្រិក ដើម្បីបន្តនិងពង្រីកដៃគូរកស៊ី ក្នុងវិស័យផ្សេងៗទៀត។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ចិនក្លាយជាដៃគូចំបងជាមួយក្រិក បើចិនចង់ពង្រឹកឥទ្ធិពលខ្លួននៅអឺរ៉ុប ចិនមិនងាយបោះបង់ក្រិកស្រួលៗទេ។ ចិនហ៊ានទៅរកស៊ីឆ្ងាយៗរហូតដល់ទ្វីបអាហ្វ្រិក ដែលក្រីក្រផង រឿងអីមិនហ៊ានរកស៊ីនៅប្រទេសក្រិកដែលធ្លាប់មានអរិយធម៌រុងរឿងនៅអឺរ៉ុបនោះ។
បើយើងមើលផែនការរដ្ឋាភិបាលក្រិកថ្មីក៏ហាក់ដូចជាមិនអន់ដែរ។ ជាផែនការមានទិសដៅជំរុញសំទុះសេដ្ឋកិច្ចឡើងវិញ អាចទាក់ទាញប្រទេសផ្សេងៗ អោយចូលមកវិនិយោគនៅក្រិកផងក៏ថាបាន។ ថ្មីៗនេះ រដ្ឋមន្ត្រីការពារជាតិក្រិក លោកPanos Kammenos បានព្រលយពាក្យបង្អួតទៀតថា បើការចរចាបំណុលក្រិកជាមួយសហភាពអឺរ៉ុបបរាជ័យ ក្រិកប្រហែលអាចនឹងរកថវិកាពីចិន អាមេរិក រុស្ស៊ី រឺក៏ពីប្រទេសផ្សេងៗទៀត។ នេះសបង្ហាញថា បើសហភាពអឺរ៉ុបបោះបង់ក្រុងអាថែនចោល មិនខ្វះទេប្រទេសដែលមកចែចង់ក្រិក សូម្បីអាមេរិកក៏សម្លឹងក្រិកដែរ។
តាមមើល សហភាពអឺរ៉ុបមិនហ៊ានបោះបង់ក្រិកអោយឯការទេ ព្រោះបើក្រិករត់ទៅរករុស្ស៊ី វាអាចជះឥទ្ធិពលមិនល្អដល់នយោបាយសេដ្ឋកិច្ចតំបន់អឺរ៉ូបាន។ ស្រួលមិនស្រួល ប្រទេសផ្សេងៗទៀតអាចធ្វើនយោបាយតាមក្រិកផងក៏ថាបាន ព្រោះថា ប្រជាជនអឺរ៉ុបកំពុងមានជីវភាពលំបាកជាងមុនផងនោះ។ ម្យ៉ាងទៀត រុស្ស៊ីកំពុងប្រឈមនឹងអឺរ៉ុបក្នុងរឿងអ៊ុយក្រែនទៀត ហើយចិនដែលកំពុងចែចង់ក្រិកដែរនោះ ក៏ជាមិត្តនឹងរុស្ស៊ីដែរ។ អឺរ៉ុបប្រហែលមិនអាចបោះបង់ក្រិកអោយរត់ទៅរករុស្ស៊ី ធ្វើអោយរុស្ស៊ីកាន់តែបានចិត្តនោះទេ។
ពេលនេះ ពេលក្រិកកំពុងចរចាបំណុលយ៉ាងលំបាក អ្នកការទូតអឺរ៉ុបនៅតែបង្ហាញសុទិដ្ឋិនិយមថា សហភាពអឺរ៉ុបអាចនឹងសម្រេចបានកិច្ចព្រមព្រៀងមួយជាមួយក្រិក នៅទីបញ្ចប់។ ថ្ងៃព្រហស្បតិ៍ម្សិលមិញ ធនាគារកណ្តាលអឺរ៉ុបដែលជាម្ចាស់បំណុលរបស់ក្រិកមួយដែរនោះ ហាក់ចង់សម្រួលភាពតានតឹងជាមួយក្រិកមកវិញ ដោយបានសម្រេចចិត្តថា អាចអោយក្រិកខ្ចីបាន៦៥ពាន់លានអឺរ៉ូថែមទៀតក្នុងករណីបន្ទាន់៕
© រក្សាសិទ្ធិដោយ thmeythmey.com