ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
កីឡាជាតិ
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក វណ្ណ វីរៈ ពីក្មេងរើសអេតចាយក្លាយជាគ្រូបង្វឹកកីឡាបាល់ឱបជម្រើសជាតិ
15, Feb 2015 ,
3:30 pm
រូបភាព
×
ដោយ:
ភ្នំពេញ៖ លោក វណ្ណ វីរៈ ជាគ្រូបង្ហាត់កីឡាករបាល់ឱបជម្រើសជាតិកម្ពុជា ដោយនៅក្នុងខែ មិថុនា ឆ្នាំ២០១៥ខាងមុខនេះ លោកនឹងដឹកនាំកីឡាករបាល់ឱបជម្រើសជាតិកម្ពុជាចំនួន ១០រូប ទៅចូលរួមប្រកួតកីឡា Sea Game ក្នុងប្រទេសសិង្ហបុរី ផងដែរ។ កាលពី ២០ឆ្នាំ គ្រូបង្វឹករូបនេះ ជាក្មេងដើររើសអេតចាយតាមជញ្ចើមផ្លូវម្នាក់ ហើយក្រោយមកត្រូវបានអង្គការដើម្បីភាព ញញឹមនៃកុមារ ( Pour un Sourire d'Enfant) ទទួលយកមកចិញ្ចឹម និងផ្តល់ការអប់រំ ។
«កាលពីខ្ញុំមានអាយុជាង ១០ឆ្នាំ ខ្ញុំគឺជាក្មេងដើររើសអេតចាយ តាមគំនរសំរាម និងមុខផ្ទះគេ រកបានព្រឹកហូបព្រឹក រកបានល្ងាចហូបល្ងាច ដើម្បីចិញ្ចឹមជីវិតប្រចាំ»។ នេះជាការរម្លឹកកាល ពីកុមារភាពរបស់លោក វណ្ណ វីរៈ ។
លោក វីរៈ មិននឹកស្មានថា ជីវិតរបស់លោកមានដូចសព្វថ្ងៃនេះឡើយ។ បុរសវ័យ ៣១ឆ្នាំ ដែលមានស្រុកកំណើតក្នុងខេត្តពោធិ៍សាត់រូបនេះ និយាយថា លោកបានក្លាយជាគ្រូបង្វឹក កីឡាបាល់ឱបជម្រើសជាតិកម្ពុជានេះ គឺជា ដោយសារការជួយជ្រោមជ្រែងពីអង្គការដើម្បីភាព ញញឹមនៃកុមារ ( Pour un Sourire d'Enfant) ទាំងការបរិភោគ ការស្នាក់នៅ និងការសិក្សា។
បុរសដែលមានឳពុកជាអតីតទាហានចូលនិវត្ត និងម្តាយជាអ្នកដេរសំលៀកបំពាក់បានធ្វើ ចំណាកស្រុកកំណើតជាមួយគ្រួសារមករាជធានីភ្នំពេញ ដើម្បីរកការងារចិញ្ចឹមក្រពះតាំងពី ១៩៩៧មកម្លេះ។ ជាកូនទី៤ ក្នុងចំណោមគ្រួសារក្រីក្រធំដែលមានបងប្អូនបង្កើតចំនួន ៨នាក់ បុរសសម្បុរខ្មៅស្រអែមមាឌធំមាំរូបនេះ និយាយទាំងនឹកគិតបន្តិចថា នៅពេលដែលលោកមក ដល់ភ្នំពេញដំបូងនោះ លោកមិនមានការងារអ្វីប្រសើរជាងដើររើសអេតចាយទេ ដើម្បីជួយរក លុយដោះបន្ទុកជីវភាពម្តាយឪពុកដែលក្រីក្រស្រាប់នោះ។
ឱកាសល្អបានមកដល់ហើយ ដោយសារតែភាពក្រីក្រ លោក វីរៈ ដែលជាក្មេងរើសអេត ចាយនាពេលនោះ ត្រូវបានអង្គការដើម្បីភាពញញឹមនៃកុមារ ( Pour un Sourire d'Enfant) រើសយកមកចិញ្ចឹម និងផ្គត់ផ្គង់ការសិក្សា។ លោកនិយាយរម្លឺកទាំងទឹកមុខញញឹមថា៖«ពេល នោះ ខ្ញុំសប្បាយចិត្តណាស់ ព្រោះខ្ញុំបានចូលសាលារៀនក្នុងអង្គការដូចកុមារដ៏ទៃដែរ»។
ដោយរួចផុតពីទុក្ខលំបាកហើយនោះ អំឡុងពេលស្នាក់នៅ និងសិក្សាក្នុងអង្គការដែរ លោក វីរៈ បានចាប់អារម្មណ៍លេងកីឡាបាល់ឱប តាមរយៈការរៀបចំប្រកួតដើម្បីសុខភាពកុមារ របស់អង្គការ PSE ពេលនោះ។
លោកប្រាប់ទាំងទឹកមុខរឹងមាំថា៖«ពេលនោះខ្ញុំចាប់អារម្មណ៍បាល់ឱប ព្រោះវាប្រភេទកីឡា ថ្មីប្លែក។ ខ្ញុំចង់លេង»។
អំឡុងឆ្នាំ ២០០៤ លោក វីរៈ បានក្លាយជាកីឡាករបាល់ឱបវ័យក្មេងមួយរូប ដែលមាន ការកោតសរសើពីមិត្តភក្តិ និងគ្រូបង្វឹកជនជាតិបារាំង។ បុរសដែលភ័ព្វវាសនាបញ្ចប់ការ សិក្សាទាំងសញ្ញាបត្របាក់ឌុប នៅថ្នាក់វិទ្យាល័យ រហូតដល់ថ្នាក់បរិញ្ញបត្រផ្នែកទេសចរណ៍ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង ក្រោមជំនួយឧបត្ថម្ភអាហារូបករណ៍របស់អង្គកុមារក្រីក្រ នោះ បានទទួលទាំងចំណេះវិជ្ជា និងជំនាញមួយជាក់លាក់។
ទោះបីជាបានបញ្ចប់ថ្នាក់បរិញ្ញបត្រផ្នែកទេសចរណ៍ នៅក្នុងឆ្នាំ ២០០៨ ហើយក៏ដោយ លោក វីរៈ មិនបានបោះបង់អាជីពជាកីឡាករបាល់ឱបឡើយ។
ដោយមើលឃើញពីសមត្ថភាពក្នុងពិសោធន៍ក្នុងការប្រកួតទាំងក្នុងប្រទេស និងក្រៅប្រទេស អស់ជាង ១០ឆ្នាំកន្លងមកនោះ លោក វណ្ណ វីរៈ ត្រូវបានគណៈកម្មការសហព័ន្ធបាល់ឱបកម្ពុជា (Cambodia Federation Rugby) ជ្រើសតាំងធ្វើជាគ្រូបង្វឹកជម្រើសជាតិ ដើម្បីដឹកនាំ កីឡាករទៅចូលរួមការប្រកួត Sea Game នៅប្រទេសសិង្ហបុរី ក្នុងខែមិថុនា ឆ្នាំ២០១៥ ខាងមុខនេះ។
គ្រូបង្វឹកវ័យ ៣១ឆ្នាំ ដែលមានប្រពន្ធ និងកូនរូបនេះ បានប្តេជ្ញាថា លោកនឹងបន្តចូលរួមពង្រឹង និងផ្ទេរបច្ចេកទេសលេងបាល់កីឡាបាល់ឱបដល់អ្នកជំនាន់ក្រោយៗទៀតផងដែរ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
លោក អុឹម ហាច ដែលអះអាងជាអ្នកកាសែត និងពលរដ្ឋមួយក្រុម ព្រមព្រៀងគ្នា ទទួលកំហុសរៀងខ្លួន
6 ថ្ងៃ
វៀតណាមបន្ទាបតម្លៃ អ្នកស្រី ឡៃហួត ប្រឹងច្នៃចន្ទីខ្មែរនាំចេញទៅជប៉ុន
3 ថ្ងៃ
បុរសម្នាក់ដើរប្រមូលព្រះពុទ្ធបដិមាបែកបាក់តាមវត្ត មកជួសជុលឡើងវិញ ដើម្បីសន្សំកុសល
7 ថ្ងៃ
សង្ក្រាន្តថៃចូលក្នុងបញ្ជីយូណេស្កូផ្លូវការ ដោយកាសែតថៃថា ពិធីនេះមានតាំងពីសម័យចក្រភពខ្មែរ
4 ថ្ងៃ
ជប៉ុនកម្ទេចទុរេន និងម្ទេសវៀតណាម ក្រោយរកឃើញសារធាតុគីមីលើសលុប
6 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម