អន្តរជាតិ
នាយក​រដ្ឋ​សិង្ហ​បុរី​ត្រូវ​វះកាត់​មហារីក​ក្រពេញ​ប្រូ​ស្តា​ត
15, Feb 2015 , 5:34 pm        
រូបភាព
ដោយ: ថ្មីៗ
នៅ​ថ្ងៃអាទិត្យ​នេះ គេ​ទទួលដំណឹង​ថា នាយករដ្ឋមន្ត្រី​សិង្ហ​បុរី​លោក Lee Hsien Loong នឹងត្រូវ​វះកាត់​ដើម្បី​កម្ចាត់​មហារីក​ក្រពេញ​ប្រូ​ស្តា​ត​នៅ​ថ្ងៃស្អែក​នេះ​នៅ​មន្ទីរពេទ្យ​មួយ​របស់​សិង្ហ​បុរី។ គ្រូពេទ្យ​បាន​ត្រួតពិនិត្យ​ឃើញថា​លោកនាយក​រដ្ឋមន្ត្រី​ខាងលើ​មាន​ជំងឺមហារីក​កាលពី​ខែមករា ហើយ​លោក​ទើប​សម្រេចចិត្ត​ទទួល​ការវះកាត់​ក្រោយ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ​ហើយ។


ការិយាល័យ​របស់​នាយ​ក​រដ្ឋមន្ត្រី​សិង្ហ​បុរី​បានប្រកាស​នៅ​ថ្ងៃអាទិត្យ​នេះ​ថា នាយករដ្ឋមន្ត្រី​សិង្ហ​បុរី​លោក Lee Hsien Loong ត្រូវ​បានទទួល​ការត្រួតពិនិត្យ​និង​រកឃើញថា​លោក​មាន​ជំងឺ​មហា​រី​ក្រពេញ​ប្រូ​ស្តា​ត។ លោក​នឹងត្រូវ​ទទួល​ការវះកាត់​ដើម្បី​កម្ចាត់​មហារីក​នេះ​នៅ​ថ្ងៃ​ចន្ទ​ស្អែក​នេះ។ តាមពិតទៅ​លោក​ត្រូវបាន​គ្រូពេទ្យ​ជំនាញ​ប្រាប់ថា​លោក​កើត​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​នេះ​តាំងពី​ខែមករា​មកម្ល៉េះ ប៉ុន្តែ​លោក​ទើបតែ​សម្រេចចិត្ត​ទទួល​ការវះកាត់​ក្រោយពេល​ចំណាយពេល​វេលា​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិតជំនាញៗកន្លងមក។

បើតាម​ការ​អោយដឹងពី​សំណាក់​ការិយាល័យ​នាយករដ្ឋមន្ត្រី លោកនាយក​រដ្ឋមន្ត្រី​នឹង​ជាសះស្បើយ​ពេញលេញ​ក្រោយ​ទទួល​ការវះកាត់​រួចរាល់​ហើយ​នោះ។ លោក Lee នឹងត្រូវ​ស្ថិតក្រោម​ការថែទាំង​វេជ្ជសាស្ត្រ​ក្រោយ​ការវះកាត់​ក្នុង​រយៈពេល ១សប្តាហ៍ ហើយ​ក្នុង​រយៈពេល​នោះ​លោក Teo Chee Hean ជា​ឧបនាយករដ្ឋមន្ត្រី​នឹង​ឡើងកាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​ស្តីទី​ជំនួស​សិន៕


© រក្សាសិទ្ធិដោយ thmeythmey.com