ជាតិ
សង្គមជាតិ
ទៅ​ថ្ងៃ​អនាគត​អ្នក​ម៉ាស្សា​នៅ​សៀមរាប​នឹង​ទទួលបាន​អត្តសញ្ញាណ​ពិតប្រាកដ
17, Feb 2015 , 5:20 pm        
រូបភាព
អ្នកជំនាញកំពុងបង្ហាញពីរបៀបម៉ាស្សាដល់សិក្ខាកាម។
អ្នកជំនាញកំពុងបង្ហាញពីរបៀបម៉ាស្សាដល់សិក្ខាកាម។
សៀមរាប៖ កន្លងមក ពាក្យ​ថា​ការងារ ម៉ាស្សា បាន​ក្លាយជា​ពាក្យ​មិនល្អ​នៅក្នុង​សង្គម។ ព្រោះថា មាន​មនុស្ស​មួយចំនួន បាន​យកមុខ​របរ​នេះ ទៅ​លាយឡំ​នឹង​មុខរបរ​ផ្សេង ដែល​ធ្វើ​ឲ្យ​ប៉ះពាល់ ដល់​អ្នកមាន​អាជីព​ចំពោះ​ច្បាស់លាស់។ ដូច្នេះហើយ ដើម្បី​ស្ថា​រ​មុខមាត់ និង​លើកស្ទួយ ឲ្យ​តម្លៃ​លើ​ការងារ​ម៉ាស្សា​សុខភាព និង​ស្ប៉ា​ឡើងវិញ ក្រសួងទេសចរណ៍ តាមរយៈ​មន្ទីរ​ទេសច​រណ៍​ខេត្តសៀមរាប បាន​ប្រមូល​អ្នក​ម៉ាស្សា​ក្នុង​ហាងធំៗក្នុង​ក្រុង​សៀមរាប មក​បណ្តុះបណ្តាល​លើ​ជំនាញ​នេះ ដើម្បី​ទទួលបាន​វិញ្ញាបនបត្រ និង​ការបញ្ជាក់​ពី​អត្ថ​សញ្ញាណ​ត្រូវ។



សិក្ខាកាម ដែលជា​អ្នក​ម៉ាស្សា​សុខភាព និង​ស្ប៉ា នៅតាម​ហាងធំៗក្នុង​ក្រុង​សៀមរាប ចំនួន១៩៨នាក់ បានទទួល​ការបណ្តុះបណ្តាល និង​ទទួលបាន​វិញ្ញាបនបត្រ​បញ្ជាក់​ពី​ការងារ​របស់​ពួកគេ។ ពួកគេ​ទាំងនោះ ខ្លះ​មាន​ជំនាញ និង​ខ្លះទៀត មិនទាន់មាន​ជំនាញ​ច្បាស់លាស់ តាម​ស្តង់ដា នៃ​វិជ្ជាជីវៈ។

ដោយសារ​ជា​ខេត្ត​ទេសចរណ៍ និង​សម្បូរ​ភ្ញៀវ​ដែលមាន​តម្រូវការ​ម៉ាស្សា ដើម្បី​សុខភាព ក្រសួងទេសចរណ៍ បានចាប់ផ្តើម​អនុវត្តន៍​គម្រោង​របស់​ខ្លួន​ដែលមាន​រយៈពេល១ឆ្នាំ ក្នុងនោះ អ្នក​ម៉ាស្សា​ប្រមាណ៨០០នាក់ ទូទៅ​ក្រុង​សៀមរាប នឹង​ទទួលបាន​បណ្តុះបណ្តាល​លើ​ជំនាញ​ម៉ាស្សា និង​ស្ប៉ា។ គ្រូ​បង្គោល សុទ្ធសឹង​ជា​អ្នកជំនាញ ខ្លះ​មកពី​មន្ទីរពេទ្យ​កាល់​ម៉ែត្រ និង​ខ្លះ​ជា​គ្រូបង្រៀន​ប្រចាំ​ហាង​ម៉ាស្សាធំ។

កញ្ញា ម៉ា កក្កដា ជា​អ្នក​ម៉ាស្សា និង​បាន​ចូលរួម​ក្នុង​វគ្គ​បណ្តុះបណ្តាល​ខាងលើ បាន​សម្តែង​ការរីករាយ​ចំពោះ​ក្រសួងទេសចរណ៍ ដែល​តែង​គិតគូរ និង​ជាពិសេស បាន​កែលម្អ និង​ស្តារ​កិត្តិយស​អ្នក​ម៉ាស្សា​ឡើងវិញ។ នាង​បញ្ជាក់ថា កន្លងមក នារី​ម៉ាស្សា ធ្លាប់​ទទួលរង​នូវ​ការវាយតម្លៃ​មិនល្អ​ពី​មជ្ឈដ្ឋាន​មួយចំនួន ថា​ជា​នារី​មិនល្អ ឫ​រកស៊ី​ផ្លូវភេទ​ជាដើម។

គួររម្លឹកថា វគ្គ​បណ្តុះបណ្តាល​ជំនា​ន់ទី១បានចាប់ផ្តើមនៅថ្ងៃទី៦ ហើយបានបញ្ចប់​កាលពី​ថ្ងៃទី១៧ ខែកុម្ភៈ។ បើតាម​មន្ត្រី​នៃ​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប គ្រូ​បង្គោល​នឹង​ចុះទៅ​បង្រៀន ឫ​បណ្តុះបណ្តាល​នៅតាម​ហាង​ម៉ាស្សា​មួយចំនួន ដែលមាន​សមាជិក​ចាប់ពី៧០នាក់​ឡើង ដើម្បី​កុំ​ឲ្យ​ខាត​ពេលវេលា។ គម្រោង​នេះ គ្រោង​នឹង​បណ្តុះបណ្តាល​អ្នក​ម៉ាស្សា​ប្រមាណ៨០០នាក់ ក្នុង​ហាង​ម៉ាស្សា​ចំនួន៥០ហាង ដើម្បី​ពង្រឹង​ចំណេះ ជំនាញ ដើម្បី​ប្រើប្រាស់​ទៅតាម​ស្តង់ដា៕


© រក្សាសិទ្ធិដោយ thmeythmey.com