អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
កូរ៉េខាងជើង​ចង់​ជួប​អាមេរិក​ដើម្បី​តទល់​រឿង​បញ្ហា​សិទ្ធិមនុស្ស
17, Feb 2015 , 8:15 pm        
រូបភាព
ដោយ:

រដ្ឋាភិបាល​ទីក្រុង​ព្យ៉ុ​ង​យ៉ាង​បានប្រកាសថា គ្មាន​ហេតុផល​ណាមួយ​ដែល​ធ្វើអោយ​កូរ៉េខាងជើង ត្រូវ​ព្រួយបារម្ភ​ក្នុងការ​បញ្ជូន​សំណុំរឿង​សិទ្ធិមនុស្ស​របស់ខ្លួន ទៅកាន់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ(ICC) ពីបទ​ឧ​ក្រិដ​កម្ម​ប្រឆាំងនឹង​មនុស្សជាតិ ព្រោះ​កូរ៉េ​ខាង​ខាងជើង​មិនបាន​ប្រព្រឹត្ត​អ្វី​ខុស​នោះទេ។ ជាពិសេស​នោះ​កូរ៉េខាងជើង​មានបំណង​ចង់​ចូលរួម​ប្រជុំ​ជាមួយ​សហរដ្ឋអាមេរិក​ដើម្បី​តទល់​រឿង​បញ្ហា​សិទ្ធិមនុស្ស។


មានសំឡេង



រដ្ឋាភិបាល​ទីក្រុង​ព្យ៉ុ​ង​បានប្រកាស​ជំហរ​របស់ខ្លួន ដោយ​ចង់​តទល់​ជាមួយ​សហរដ្ឋអាមេរិក ដើម្បី​ជជែក​ពី​ស្ថានភាព​សិទ្ធិមនុស្ស​រវាង​ប្រទេស​ទាំងពីរ​កាលពី​ថ្ងៃ​ម្សិលមិញ​នេះ។ បន្ថែម​ពីនេះ​កូរ៉េខាងជើង​ក៏បាន​បញ្ជាក់ថា​គ្មាន​ហេតុផល​ណាមួយ​ដែល​រដ្ឋាភិបាល​កូរ៉េខាងជើង ត្រូវ​ព្រួយបារម្ភ​ពី​ការបញ្ជូន​សំណុំរឿង​ដែល​ចោទថា​កូរ៉េខាងជើង​បាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ​កម្ម​ប្រឆាំងនឹង​មនុស្សជាតិ ព្រោះ​កូរ៉េខាងជើង​មិនបាន​ធ្វើ​អ្វី​ខុស​នោះទេ។

ក្រោយពី​របាយការណ៍​ស្តីពី​សិទ្ធិមនុស្ស​របស់​កូរ៉េខាងជើង ត្រូវបាន​ផ្សព្វផ្សាយ​ដោយ​អ្នក​អង្កេត​ការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ មហាសន្និបាត​បានធ្វើកា​របោះ​ឆ្នោត​សម្រេច​លើ​សេចក្តីព្រាង នៃ​សេចក្តីសម្រេច​ដែល​បាន​ធ្វើឡើង​ដោយ​ប្រទេស​ជប៉ុន និង​សហភាព​អឺរ៉ុប ដើម្បី​បញ្ជូន​សំណុំរឿង​សិទ្ធិមនុស្ស​កូរ៉េខាងជើង ទៅកាន់​ក្រុមប្រឹក្សាសន្តិសុខ​ដើម្បី​សម្រេច​ចុងក្រោយ​ទើប​បញ្ជូន​ទៅកាន់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ។

ជា​លទ្ធផល​សំណុំរឿង​ដែល​ចោទ​កូរ៉េខាងជើង​ពីបទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​នោះ​មិនបាន​សម្រេច​នោះទេ​ព្រោះ​ដោយសារ​មានការ​បោះឆ្នោត​ជំទាស់​ពី​សមាជិក​អចិន្ត្រៃយ៍​របស់​ក្រុមប្រឹក្សាសន្តិសុខ​រួមមាន​ចិន​និង​រុស្សី។

ទោះបីយ៉ាងណា​ក៏ដោយ​បញ្ហា​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​កូរ៉េខាងជើង​ត្រូវបាន​ក្លាយជា​ប្រធានបទ​ដែល​លើក​យកទៅ​ពិភាក្សា​នៅក្នុង​សន្និសីទ​នានា។តួយ៉ាងថ្មីៗនេះ​កូរ៉េខាងត្បូង​បានធ្វើ​សន្និសីទ​ស្តីពី​សិទ្ធិមនុស្ស​ក្រោម​របប​ផ្តាច់ការ​របស់​មេដឹកនាំ​កូរ៉េខាងជើង​នៅក្នុង​ទីក្រុង​ចា​កាតា និង​នៅ​ថ្ងៃ​អង្គារ​ប្រធានបទ បញ្ហា​សិទ្ធិមនុស្ស​របស់​កូរ៉េខាងជើង​ក៏ត្រូវ​ធ្វើឡើង​នៅក្នុង​ទីក្រុង​វ៉ា​ស៊ិន​តោន​ដែរ​ដោយ​ក្រុមអ្នកវិភាគ​នៅក្នុង​មជ្ឈមណ្ឌល​យុទ្ធសាស្ត្រ​និង​សិក្សា​អន្តរជាតិ​ផងដែរ។

យ៉ាងណាមិញ​អគ្គរដ្ឋទូត​កូរ៉េខាងជើង ប្រចាំ​អង្គការសហប្រជាជាតិ លោក ចាង អ៊ី​ល​ហ៊ុន (Jang Il Hun )បាន​ប្រតិកម្ម​ទៅនឹង​ការធ្វើ​សន្និសីទ ដើម្បី​រិះគន់​របប​គ្រប់គ្រង​ទីក្រុង​ព្យុងយ៉ាង​ថា​កូរ៉េខាងជើង​មិនមាន​ការព្រួយបារម្ភ​ចំពោះ​ការបញ្ជូន​សំណុំរឿង​សិទ្ធិមនុស្ស​ទៅកាន់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​នោះទេ ព្រោះ​រដ្ឋាភិបាល​កូរ៉េខាងជើង​មិនបាន​ប្រព្រឹត្ត​អ្វី​នោះទេ។

បន្ថែម​ពីនេះ​លោក​ក៏បាន​ស្នើ​ទៅកាន់​សហរដ្ឋអាមេរិក ដើម្បី​សុំចូល​រួម​ក្នុង​សន្និសីទ​ដែល​ធ្វើ​នៅក្នុង​ទីក្រុង​វ៉ាស៊ីនតោន ដើម្បី​ធ្វើការ​តទល់​ជាមួយនឹង​សន្និសីទ​នោះ ប៉ុន្តែ​សហរដ្ឋអាមេរិក​បាន​ជំទាស់​ដោយ​លើកឡើងថា​សន្និសីទ​នេះ​មិនបាន​ធ្វើឡើង​ដោយ​សហរដ្ឋអាមេរិក​នោះទេ។

គួរបញ្ជាក់​ផងដែរ​ក្នុង​របប​នៃ​ការគ្រប់គ្រង​របស់​រដ្ឋា​ភិ​បាល​ទីក្រុង​ព្យុងយ៉ាង អំពើ​ប្រឆាំង​មនុស្សជាតិ​ជាច្រើន​ករណី​បានកើត​ឡើង រួមមាន​ភាពអត់ឃ្លាន​ការសម្លាប់​ក្នុង​ជំរុំ ការធ្វើ​ទារុណកម្ម និង​ការសម្លាប់​ជា​លក្ខណៈ​សាធារណៈ​ដែល​អំពើ​ទាំងនេះ​គឺជា​អំពើ​ដែល​ពិភពលោក​ធ្វើការ​ថ្កោលទោស។ ដោយឡែក​ដោយសារ​តែមាន​ការជំទាស់​ពី​ចិន​និង​រុស្ស៊ី នៅក្នុង​ការសម្រេច​រប​ស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ក្នុងការ​បញ្ជូន​សំណុំ​រឿងនេះ​ទៅកាន់​តុលាការអន្តរជាតិ​ទើប​សំណុំរឿង​កូរ៉េខាងជើង​មិនត្រូវ​ជំនុំជម្រះ​ក្នុង​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​នោះទេ៕




© រក្សាសិទ្ធិដោយ thmeythmey.com