អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អូស្ត្រាលី​បដិសេធ​ការដាក់​សម្ពាធ​​ឥណ្ឌូនេស៊ី​រឿង​បញ្ហា​អ្នកទោស និង​ជំនួយ
19, Feb 2015 , 3:30 pm        
រូបភាព
ដោយ:
លោកនាយក​រដ្ឋមន្ត្រី​អូស្ត្រាលី តូ​នី​អាប បត (Tony Abbott) បាន​ច្រានចោល​នូវ​ការ​ចោទ ប្រកាន់​ដែលថា​អូស្ត្រាលី​បានធ្វើការ​គាបសង្កត់​លើ​ឥណ្ឌូនេស៊ី​ដោយ​ការលើកឡើង​ពី​ការផ្តល់​ជំនួយ​របស់​អូស្ត្រាលី​ទៅកាន់​ឥណ្ឌូនេស៊ី​ជាមួយនឹង​អ្នកទោស​អូស្ត្រាលី​ពី​នាក់​ដែល​បាន​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់​ហើយ​ត្រូវបាន​រដ្ឋាភិបាល​ឥណ្ឌូនេស៊ី​កាត់ទោស​ប្រហារ​ជិវិត។



រាយការណ៍​ព័ត៌មាន​លម្អិត​ដោយ លោក រឿន ភា​រុន




ដោយមាន​ការរិះគន់​លើ​បញ្ហា​អ្នកទោស​អូស្ត្រាលី​ដែល​ត្រូវបាន​តុលាការ​ឥណ្ឌូនេស៊ី​កាត់ទោស​ប្រហារ​ជិវិត លោកនាយក​រដ្ឋមន្ត្រី​អូស្ត្រាលី តូ​នី​អាប បត នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​បាន​ថ្លែង ការណ៍ បដិសេធ​ដែល​ចោទ​រដ្ឋាភិបាល​អូស្ត្រាលី​ថា បាន​គាបសង្កត់​លើ​ឥណ្ឌូនេស៊ី​ដោយបាន លើកយក​ការផ្តល់​ជំនួយ​របស់​អូស្ត្រាលី​ដើម្បី​ជា​ថ្នូរ​នៃ​ការដោះដូរ​អ្នកទោស​ដែល​កំពុង​ជាប់​ឃុំឃាំង​នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី។

ក្រោយពី​តុលាការ​ឥណ្ឌូនេស៊ី​បានសម្រេច​កាត់ទោស​ប្រហារ​ជិវិត​អ្នកទោស​ជនជាតិ​បរទេស​ដែល​បាន​ជួញដូរ​គ្រឿងញៀន ដែល​រួមមាន​ទាំង​អ្នកទោស​ជនជាតិ​អូស្ត្រាលី​ពីរ​នាក់ នៅក្នុង ប្រទេស​ឥណ្ឌូនេស៊ី​នោះ លោកនាយក​រដ្ឋមន្ត្រី​អូស្ត្រាលី​បានចេញ​មុខ​ធ្វើ​អ្នកតំណាង​របស់ អ្នកទោស​ទាំងពីរ​តាមរយៈ​ចំណង​ការទូត​ដោយ​ស្នើរ​សុំអោយ​មានការ​លើកលែង​ទោស។

ជាមួយគ្នានេះដែរ​លោក តូ​នី​អាប បត បាន​លើកយក​នូវ​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ និង​ស៊ីជម្រៅ​រវាង​ប្រទេស​អូស្ត្រាលី និង​ឥណ្ឌូនេស៊ី​តាមរយៈ​ការ​ផ្តល់ជំនួយ​ជាច្រើន​របស់​អូស្ត្រាលី ទៅកាន់​ឥណ្ឌូនេស៊ី​កន្លងមក ក្នុងនោះ​រួមមាន ទាំង​ជំនួយ​មនុស្សធម៌ និង​ជំនួយ​លើ​វិស័យ យោធា​ផងដែរ។ យ៉ាងណាមិញ​ដោយសារតែ​បញ្ហា​នេះ​ធ្វើអោយមាន​ការរិះគន់​ពី​រដ្ឋាភិបាល ទីក្រុង​ចា​កាតា​ទៅលើ​លោកនាយក​រដ្ឋមន្ត្រី​អូស្ត្រាលី​ថា​កំពុងតែធ្វើការ​គាបសង្កត់​និង​គំរាមកំហែង​ឥណ្ឌូនេស៊ី​តាម​រូបភាព​នៃ​ការ​ផ្តល់ជំនួយ​ដើម្បី​ថ្នូរ​នៃ​ការសុំ​លើកលែងទោស​អ្នកទោស របស់ខ្លួន​ដែល​ត្រូវបាន​កាត់ទោស​ប្រហារ​ជិវិត​ដោយ​អនុលោម​តាមច្បាប់​កំពូល​របស់​ឥណ្ឌូនេស៊ី។

បន្ថែម​ពីនេះ​អ្នកនាំពាក្យ​ក្រសួងការបរទេស​ឥណ្ឌូនេស៊ី​លោក Arrmanatha Nasir ក៏បាន​ប្រតិកម្ម​ជាមួយនឹង​ការលើកឡើង​ពី​ការផ្តល់​ជំនួយ​របស់​នា​យក​រដ្ឋមន្ត្រី​អូស្ត្រាលី លោក​សង្ឃឹមថា​ការលើកឡើង​នេះ​មិនមាន​ការឆ្លុះបញ្ចាំង​ពីមុខ​មាត់​ពិត​របស់​អូស្ត្រាលី​នោះទេ។ អ្នកនាំពាក្យ​ក៏បាន​បញ្ជាក់ថា ការគំរាមកំហែង​នេះ​គឺ​មិនមែនជា​ភាសា​ការទូត​នោះទេ ហើយក៏​គ្មាន​ការឆ្លើយតប​ណាមួយ​នឹងត្រូវ​ធ្វើឡើង​ក្រោម​ការគំរាមកំហែង​នេះដែរ។

ទោះបីជា​យ៉ាងណាក៏ដោយ​បញ្ហា​នេះ​បានក្លាយ​ទៅជា​ភាព​តានតឹង​រវាង​ចំណង​ការទូត​ប្រទេស​ទាំងពីរ​ហើយ​ឆ្លើយតប​នឹង​ការចោទប្រកាន់​នេះ​នាយករដ្ឋមន្ត្រី​អូស្ត្រាលី​បាន​បញ្ជាក់ថា លោក​គ្រាន់តែ​ចង់បង្ហាញ​អ្វីដែល​ប្រទេស​ទាំងពីរ​បានសម្រេច​ជាមួយគ្នា​កន្លងមក ហើយ ការលើកឡើង​ពី​ការផ្តល់​ជំនួយ​នោះ​ក៏​មិនមាន​ជាការ​គំរាមកំហែង​នោះដែរ។ ក៏ប៉ុន្តែ​អ្វី​ដែលជា ចំណុច​សំខាន់​នោះ​លោកនាយក​រដ្ឋមន្ត្រី​បាន​លើកឡើងថា វា​ជា​ជម្រើស​ល្អ​ប្រសិនបើ​អ្នក ទោស​ទាំងពីរ​នោះ​នឹង​ត្រូវបាន​លើកលែងទោស​ពី​ការកាត់ទោស​ប្រ​ជិវិត។

គួរបញ្ជាក់​ផងដែរ ចំណង​ការទូត​រវាង​អូស្ត្រាលី និង​ឥណ្ឌូនេស៊ី​ធា្ល​ប់​មាន​បញ្ហា​ជាមួយគ្នា​ម្តង រួច​ទៅ​ក្រោយពី​មានការ​រកឃើញថា​អូស្ត្រាលី​បានធ្វើ​ចារកម្ម​នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី កាលពី​ឆ្នាំ២០១៤ ហើយ​នៅពេលថ្មីៗនេះ​ភាព​តានតឹង​នៃ​ចំណង​ការទូត​បាន​កំពុងតែ​ចាប់ផ្តើម សារជាថ្មី ក្រោយពី​មាន​ការធ្វើអន្តរាគមន៍​របស់​លោកនាយ​រដ្ឋមន្ត្រី​អូស្ត្រាលី តូ​នី​អាប បត ទៅលើ​ការកាត់ទោស​ប្រហារជីវិត​ជនជាតិ​អូស្ត្រាលី​ពីរ​នាក់​ដោយ​តុលាការ​ឥណ្ឌូនេស៊ី៕


© រក្សាសិទ្ធិដោយ thmeythmey.com