ជាតិ
បទវិភាគ
នាពេល​អនាគត តើ​ចូលឆ្នាំ​ចិន-វៀតណាម​អាច​នឹង​ក្លាយជា​បុណ្យ​របស់​ខ្មែរ​ឬទេ?
01, Feb 2022 , 10:10 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ ជា​រៀងរាល់ឆ្នាំ និង​មាន​និន្នាការ​កាន់តែ​កើន​ខ្លាំង​ឡើង ពលរដ្ឋ​ខ្មែរ​កាត់​ចិន ចិន​កាត់​ខ្មែរ ខ្មែរ​កាត់​វៀតណាម វៀតណាម​កាត់​ខ្មែរ ឬ​ខ្មែរ​សុទ្ធ​បាននាំគ្នា​ប្រារព្ធ​ពិធីបុណ្យ​ប្រពៃណី​ចូលឆ្នាំ​ចិន និង​វៀតណាម យ៉ាង​គគ្រឹកគគ្រេង។ ស្ថាប័នរដ្ឋ​បើកទ្វារ​តែ​ខ្វះ​មន្ត្រី​ធ្វើការ សាលារៀន​រដ្ឋ និង​ឯកជន​បិទទ្វារ ផ្សារធំៗនៅ​ទីក្រុង​ភ្នំពេញ​បិទទ្វារ ក្រុមហ៊ុន​ឯកជន​បិទទ្វារ។ល។ តើ​មាន​កត្តា​មូលដ្ឋាន​អ្វីខ្លះ​ដែលនាំឱ្យ​ខ្មែរ​ទទួលយក​ឥទ្ធិពល​វប្បធម៌​ចិន? តើ​ពិធីបុណ្យ​ប្រពៃណី​ចិន​និង​វៀតណាម អាច​ក្លាយជា​របស់​ខ្មែរ​នាពេល​អនាគត​ដែរឬទេ?



រៀងរាល់ឆ្នាំ ពិសេស ក្នុងឱកាស​ចូលឆ្នាំ​ចិនម្ដងៗ តែងតែមាន​ការលើកឡើង​នូវ​មតិដដែលៗ ខ្លះ​រិះគន់ ខ្លះ​គាំទ្រ ប្រជាជន​ខ្មែរ​មួយចំនួន​ដែល​បាន​សែន​ចូលឆ្នាំ​ចិន។ យោងតាម​ការវិភាគ យើង​អាច​មើលឃើញ​កត្តា​មូលដ្ឋាន​មួយចំនួន ដែល​រួមផ្សំ​ជំ​រុញឱ្យ​ពលរដ្ឋ​ខ្មែរ​ទទួល​ឥទ្ធិពល​នៃ​វប្បធម៌​ចិន​ដោយ​ងាយ កត្តា​ទាំងនោះ រួមមាន កត្តា​ប្រវត្តិសាស្ត្រ អន្តរ​កម្ម​សង្គម វប្បធម៌ នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម...។

ទីមួយ ឆ្លងកាត់​ពេលវេលា​ដ៏​យូរអង្វែង មិន​ថា​ជនជាតិខ្មែរ ឬ​ជនជាតិ​ដទៃ​ទេ តែងតែមាន​ទំនាក់ទំនង​ជាមួយ​ជនជាតិ​ដទៃទៀត ក្នុង​ទំនាក់ទំនង​នេះ រួមមាន​ទាំង​ការទទួលយក​ឥទ្ធិពល​ពីគ្នា​ទៅវិញទៅមក និង​ការរៀប​អា​ពា​ហ៍​ពិ​ពារ​ជាមួយគ្នា​ផងដែរ។ ដោយសារ​ទំនាក់ទំនង​ដូច​បាន​រៀបរាប់​ខាងលើ​នេះហើយ ដែល​បាន​ជំរុញឱ្យមាន​កូន​ខ្មែរ​កាត់​ចិន ឬ​ចិន​កាត់​ខ្មែរ​ជាច្រើន​និង​មាន​ទំនាក់ទំនង​ខាង​វប្បធម៌​ជា​បន្តបន្ទាប់។ ប្រសិនបើ យើង​ពិនិត្យ​ឱ្យ​ស៊ីជម្រៅ យើង​ស្ទើរតែ​អាច​សន្និដ្ឋានបានថា អ្នកទីក្រុង ឬ​អ្នក​ដែល​កំពុង​តែមាន​ឥទ្ធិពល​ក្នុងសង្គម​ខ្មែរ​បច្ចុប្បន្ននេះ មិនមែនជា​ពលរដ្ឋ​ខ្មែរ​ដែលមាន​ដើមកំណើត​ជា​ខ្មែរ​សុទ្ធ​នោះទេ។

កត្តា​ទី​ពីរ ខ្មែរ​កាត់​ចិន ឬ​ចិន​កាត់​ខ្មែរ​នេះ ភាគច្រើន​រស់នៅ​តាម​ទីក្រុង ទីប្រជុំជន ពីព្រោះ​ពួកគេ​ចូលចិត្ត​ប្រកបមុខរបរ​ពាណិជ្ជក​ម្ម ដែល​ធ្វើឱ្យ​ពួកគេ​មាន​ជីវភាព​ធូរធារ និង​មានឱកាស​រៀនសូត្រ ទទួលបាន​មានចំណេះដឹង​ខ្ពស់។ ចំពោះ​ជនជាតិខ្មែរ​ដើម​ភាគច្រើន​ចូលចិត្ត​រស់នៅ​បែប​បុរាណ​តាម​ជនបទ តាម​តំបន់​ព្រៃភ្នំ មិនសូវមាន​ចំណេះដឹង​ខាង​អក្សរសាស្ត្រ​ខ្ពង់ខ្ពស់ ហើយ​ជីវភាព​ក៏​មិនសូវ​ធូរធារ​ដែរ ដែល​ជំរុញ​ឱ្យ​ពួកគេ​សម្លឹងមើល​មក​អ្នកមានចំណេះដឹង​ខ្ពស់ អ្នកមាន​ទ្រព្យ និង​អ្នករស់នៅ​ទីក្រុង​ក្នុង​ក្រសែភ្នែក​វិជ្ជមាន និង​ចង់យក​គំរូ​តាម។

កត្តា​នេះហើយ​ដែល​ធ្វើ​កូនចៅ​ចិន ឬ​ខ្មែរ​កាត់​ចិន មាន​ឥទ្ធិពល​ខ្លាំង​ក្នុងសង្គម​ខ្មែរ ឬ​អាច​និយាយបានថា ជា​ស្ពាន​ចម្លង​វប្បធម៌​ចិន​មក​ក្នុងសង្គម​ខ្មែរ។
ទី​បី ម្ចាស់​រោងចក្រ ម្ចាស់​សហគ្រាស ចៅ​កែ​ក្រុមហ៊ុន ម្ចាស់​សាលារៀន ម្ចាស់​សាកលវិទ្យាល័យ​ឯកជន ផ្ទះសំណាក់ សណ្ឋាគារ ភោជនីយដ្ឋាន ស្ថានីយ៍​វិ​ទ្យ​និង​ទូរទស្សន៍...ភាគច្រើន​ជា​កូនចៅ​ចិន ឬ​ជនបរទេស ដែល​និយោជក​ទាំងនេះ​មានឱកាស​ក្នុងការ​ផ្សព្វផ្សាយ និង​ជះឥទ្ធិពល​នៃ​វប្បធម៌​របស់ខ្លួន​មកលើ​និយោជិត ឬ​សង្គម​ខ្មែរ​តាមរយៈ​ការបង្កើត​កម្មវិធី​នានា​ទាក់ទង​នឹង​វប្បធម៌​របស់ខ្លួន និង​ការអនុញ្ញាតឱ្យ​និយោជិត​របស់​ពួកគេ​ឈប់សម្រាក​នាឱកាស​ពិធីបុណ្យ​ទាំងនោះ​ផងដែរ។  

ទី​បួន មន្ត្រីរាជការ​ភាគច្រើន ជាពិសេស អ្នក​ដែលមាន​តំណែងធំៗ អាច​ជាប់សែស្រឡាយ​ចិន និង​វៀតណាម ដែល​ពួកគេ​មានឱកាស​ក្នុងការ​ជះឥទ្ធិពល​ទំនៀមទម្លាប់​ទៅ​ថ្នាក់ក្រោម ឬ​សង្គម​ខ្មែរ តាមរយៈ​ការដឹកនាំ និង​ការគ្រប់គ្រង។ ជាធម្មតា កូន​តែងតែ​ទទួល​ឥទ្ធិពល​ពី​ឪពុកម្ដាយ ឯ​មន្ត្រី​ថ្នាក់ក្រោម តិច ឬ​ច្រើន​ក៏​ទទួល​ឥទ្ធិពល​សព្វបែបយ៉ាង​ពី​អ្នកដឹកនាំ និង​អ្នកគ្រប់គ្រង​របស់ខ្លួន​ដែរ។ ក្នុងសង្គម​ខ្មែរ អ្នកធំ​មួយចំនួន​បាន​អះអាងថា ខ្លួន​ជាប់សែស្រឡាយ​ចិន ហើយ​ក្នុង​ជីវិត​ឯកជន​របស់​ពួកគេ ថ្នាក់ដឹកនាំ​ទាំងនោះ បាន​ប្រតិបត្តិ​តាម​ប្រពៃណី​ចិន ព្រមទាំង​បានបង្ហាញ​ឱ្យ​ពលរដ្ឋ​បានឃើញ​ជា​សាធារណៈ​ផងដែរ។ ក្នុងករណី​ខ្លះទៀត ប្រធាន​ស្ថាប័នរដ្ឋ​មួយចំនួន បាន​បញ្ជា​ឱ្យ​រៀបចំ​សែន​ចូលឆ្នាំ​ចិន​ក្នុង​ស្ថាប័ន​របស់ខ្លួន​ផងដែរ។

ទី​ប្រាំ កត្តា​ទំនាក់ទំនង​នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ សិល្បៈ​រវាង​រដ្ឋាភិបាល​កម្ពុជា​និង​ចិន​ដែលមាន​អ្នកនយោបាយ​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​ស្ពាន​ចម្លង​ផង​នោះ នាំឱ្យ​វា​ក្លាយទៅជា​កត្តា​សំខាន់​មួយ​ក្នុងការ​ជះឥទ្ធិពល​នៃ​វប្បធម៌​ចិន​មកលើ​សង្គម​ខ្មែរ។

ទី​ប្រាំមួយ ផ្ដើមចេញពី​ទស្សនៈ​មួយចំនួន ដូចជា ការ​យល់ថា «សែន​ទៅ​ក៏​មិន​ខាត​ដែរ បាន​ស៊ី​ដែរ​តើ», «សែន​ទៅ​កុំឱ្យ​កូន​មើលមុខ​គេ», «សែន​ទៅ​ដើម្បីឱ្យ​រកស៊ី​មានបាន​ដូច​គេ», «សែន​ទៅ​ដើម្បីឱ្យ​សុខ​សប្បាយ», «ចាប់ពី​ខ្ញុំ​បាន​សែន​មក ខ្ញុំ​ជា​ពី​ជំងឺ»...នាំឱ្យ​ខ្មែរ​មួយចំនួន​ក៏​សែន​ចូលឆ្នាំ​ចិន​ដែរ ទោះបី​ខ្លួន​មិនមែនជា​កូនកាត់​ចិន ឬ​សែស្រឡាយ​ចិន​ក៏ដោយ។

ជារួម​យើង​បាន​មើលឃើញថា បើទោះបីជា​ច្បាប់​ហាម​មិនឱ្យ​ឈប់សម្រាក​នាឱកាស​ចូល​ឆ្នាំ​ចិន​ក៏ដោយ​ ក៏​ជាទូទៅ​នៅ​ស្ថាប័នរដ្ឋ ហាក់ដូចជា​ស្ងាត់ស្ងៀម​នាឱកាស​ចូលឆ្នាំ​ចិន​នេះ តាម​ការសង្កេត មាន​មន្ត្រី​ប្រមាណ​ពី១០ភាគរយ ទៅ៣០ភាគរយប៉ុណ្ណោះ ដែល​មក​បំពេញការងា​រ​ពេញលេញ ។ ក្រៅពីនោះ អ្នក​ខ្លះមក​មួយ​ភ្លែត ក៏រ​ត់ទៅ​សែន​វិញ អ្នកខ្លះ ស្ទើរតែ​ចប់​ម៉ោង​ហើយ​ទើប​មក​អើត​មួយ​ភ្លែត និង​អ្នក​ខ្លះទៀត​ឈប់​ដាច់​តែម្ដង។ បើ​យោងតាម​អ្នក​សង្កេត ខ្លះទៀត បាន​អះអាងថា មាន​សាលារៀន​រដ្ឋ​និង​ឯកជន ប្រមាណ៨០ភាគរយ ​បាន​បិទទ្វារ​នាពេល​ចូលឆ្នាំ​ចិន​នេះ។  វា​មិនមែនជា​រឿង​ចម្លែក​ទេ ដែល​ច្បាប់​មួយ​បានចេញ​ហើយ​មិនមាន​អ្នក​គោរព​តាម ពីព្រោះ​ច្បាប់​សម្រាប់​បន្លាច​តែ​អ្នកខ្លាច និ​ងអ្នកតូច​តែប៉ុណ្ណោះ ។ ប្រ​សិន​បើ​ស្ថានភាព​ដូច​សព្វថ្ងៃនេះ​ នៅតែ​បន្តទៅ​អនាគត បុណ្យចូលឆ្នាំ​ចិន និង​វៀតណាម​នេះ នឹង​ក្លាយជា​បុណ្យ​របស់​ខ្មែរ​ហើយ៕
            


© រក្សាសិទ្ធិដោយ thmeythmey.com