ពីនេះ ពីនោះ
គេង​យូរ មាន​ហានិភ័យ​ខ្ពស់ នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល
01, Mar 2015 , 7:30 am        
រូបភាព
ដោយ: ថ្មីៗ
ការស្រាវជ្រាវ​ថ្មី​មួយ​បាន​បង្ហាញថា មនុស្សពេញវ័យ​ដែល​គេង​លើសពី ៨ ម៉ោង ក្នុង​មួយ​យប់ អាច​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់ នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល។
អ្នកស្រាវជ្រាវ​បាន​រកឃើញថា អ្នក​គេង​យូរ គឺមាន ៤៦ ភាគរយ ហាក់ដូចជា​ងាយ​កើត​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ជាង​អ្នក​ដែល​គេង​បានត្រឹមតែ ៨ ម៉ោង​គត់​ក្នុង​មួយ​យប់។



ទោះជា​យ៉ាងណាក៏ដោយ អ្នកស្រាវជ្រាវ​មិនដឹងថា​តើ ការ​គេង​យូរ គឺជា​មូលហេតុ ផលវិបាក ឬ​រោគសញ្ញាភ្លាមៗ នៃ​ការថយចុះ​សុខភាព​ខួរក្បាល ឬ​យ៉ាងណា​នោះទេ។
ការស្រាវជ្រាវ ត្រូវបាន​ចេញផ្សាយ​នៅក្នុង​កាសែត Neurology។

វេជ្ជបណ្ឌិត យូ ឡេង (Yue Leng) បាន​និយាយថា ការស្រាវជ្រាវ​ពីមុន​បានបង្ហាញ​រួចរាល់​ហើយ ពី​ការផ្សារភ្ជាប់​គ្នា​រវាង​ការ​គេង និង​ហានិភ័យ នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល។ ប៉ុន្តែ ការស្រាវជ្រាវ​ថ្មី ក៏បាន​មើល​ពី​ទំនាក់ទំនង រវាង​ការផ្លាស់ប្តូរ​ចំពោះ​រយៈពេល​នៃ​ការ​គេង និង​របៀប​ដែល​បាន​ប៉ះពាល់ លើ​ហានិភ័យ​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល។

នៅក្នុង​ការស្រាវជ្រាវ អ្នកស្រាវជ្រាវ​បាន​មើល​ទៅលើ​មនុស្ស ៩.៧០០ នាក់ ហើយ​បាន​សួរ​អំពី​ទម្លាប់ នៃ​ការ​គេង​របស់​ពួកគេ និង​អត្រា​នៃ​ការកើត​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ក្នុង​រយៈពេល​ជិត ១០ ឆ្នាំនេះ។ បុរស និង​ស្ត្រី ដែលមាន​អាយុ​ជា​មធ្យម ៦២ ឆ្នាំ នៅពេលដែល​ការស្រាវជ្រាវ​បានចាប់ផ្តើម​នោះ បាន​ប្រាប់​ពីរ​រៈ​ពេល នៃ​ការ​គេង​របស់​ពួកគេ នៅ​ចន្លោះ​ឆ្នាំ ១៩៩៨ និង ២០០០ និង​ម្តងទៀត​នៅ ៤ ឆ្នាំក្រោយ។ ពួកគេ​បាន​ប្រាប់​ពី​រយៈពេល ដែល​ពួកគេ​បាន​គេង​នៅពេល​យប់ និង​ថា​តើ​ពួកគេ​បាន​គេង​លក់​ស្រួល​ប៉ុណ្ណា។

ប្រហែល ៧០ ភាគរយ​បាន​និយាយថា ពួកគេ​បាន​គេង​ពី ៦ ទៅ ៨ ម៉ោង​ក្នុង​មួយ​យប់។ ម្នាក់​ក្នុងចំណោម​មនុស្ស ១០ នាក់ បាន​និយាយថា ពួកគេ​បាន​គេង​លើសពី ៨ ម៉ោង។ អ្នក​ដែល​គេង​តិចជាង ៦ ម៉ោង ឬ​លើសពី ៨ ម៉ោង​ហាក់ដូចជា​មនុស្ស​វ័យ​ចំណាស់ ស្ត្រី និង​មិនជា​អ្នកធ្វើ​លំ​ហាត់ប្រាណ។

អំឡុងពេល​នៃ​ការតាមដាន មនុស្ស ៣៤៦ នាក់ មាន​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល។ អ្នក​ដែល​បាន​គេង​យូរ​ជាង ៨ ម៉ោង មានការ​កើនឡើង ៤៦ ភាគរយ នៃ​ហានិភ័យ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ហើយ​អ្នក​ដែល​គេង​តិចជាង ៦ ម៉ោង មានការ​កើនឡើង​ហានិភ័យ ដល់​ទៅ ១៨ ភាគរយ។ វេជ្ជបណ្ឌិត Leng បាន​និយាយថា ប៉ុន្តែ ចំនួន​នៃ​ក្រុម​ដែល​បាន​ប្រាប់ថា គេង​តិចជាង ៦ ម៉ោង​ក្នុង​មួយ​យប់នោះ គឺ​តិច៕


© រក្សាសិទ្ធិដោយ thmeythmey.com