ពីនេះ ពីនោះ
ផ្សោត​ក្បាល​ធំ​បំបៅ​ដោះ​កូន​របស់​វា​រហូតដល់​អាយុ ១៥ឆ្នាំ
01, Mar 2015 , 2:35 pm        
រូបភាព
ដោយ: ថ្មីៗ
  
ភិនភាគ៖ ផ្សោត​ក្បាល​ធំ​មាន​ដងខ្លួន​ធំ​ក្រាស់ ហើយ​មាន​ពណ៌​ប្រផេះ​ក្រ​ម៉ៅ ឬ​ខ្មៅ​ស្រិល។ កន្លែង​ខ្លះ​នៃ​ទ្រូង​ពណ៌​ប្រផេះ​ស្រាល។ ក្បាលមាន​រាង​មូល​មាំ ព្រុយ​ខ្នង​មូល​ធំ ដែលមាន​បាត​ធំ​ទូលាយ​ស្ថិតនៅ​ទីតាំង ១/៣ ពី​ក្បាល។ កូន​ទើប​កើតមាន​ប្រវែង ១,៤-១,៨៥ម និង​មាន​ទម្ងន់​ពី៣៧-៨៥គ.ក ហើយ​នៅ​ពេញវ័យ​អាចមាន​ប្រវែង​ពី៥,៣-៧,២ម។



ជីវសាស្ត្រ៖ ផ្សោត​ក្បាល​ធំ​ចូលចិត្ត​រស់នៅ និង​រក​ចំណីអាហារ​ជា​ហ្វូង​ដែលមាន​ចំនួន​រហូតដល់​ទៅ ៣០ក្បាល នៅតាម​បណ្តា​ឆ្នេរសមុទ្រ​ដែលមាន​ទឹកជ្រៅៗ ហើយ​វា​តែងតែ​ហែល​យ៉ាងជិតៗតាម​បណ្តោយ​ក្បាលទូក។ ជួនកាល​គេ​ប្រទះឃើញ​ប្រភេទ​នេះ​រស់នៅ​ជាមួយ​ផ្សោត​ច្រមុះ​ដប។ វា​ជា​សត្វ​រក​ចំណីអាហារ​នៅពេល​យប់ និង​ពេល​ព្រលឹម​ដែល​ចំណី​សំខាន់​របស់​វា​គឺ​ត្រី។ ផ្សោត​ក្បាល​ធំ​ញី​អាច បន្ត​ពូជ​រហូតដល់​អាយុ​ប្រហែល ៣៥ឆ្នាំ និង​បំបៅ​ដោះ​កូន​រហូតដល់​អាយុ ១៥ឆ្នាំ​បន្ថែមទៀត។

រប៉ាយ​រស់នៅ៖ មាននៅ​កម្ពុជា​ដែល​បាន​កត់ត្រា​ចំនួន១ក្បាល​តាមរយៈ​ការជាប់​កើល​នៅ​ឆ្នេរកែប។ វា​មាន​វត្ត​មាននៅ​តំបន់​ត្រូពិច​ក្នុង​សីតុណ្ហភាព​ក្តៅ​ល្មម និង​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វី​ក​រហូតដល់​ភាគ​ខាងជើង​ក្នុង​តំបន់​ទឹក​ដែលមាន​សីតុណ្ហភាព​ត្រជាក់។

ស្ថានភាព​អភិរក្ស៖ ផ្សោត​ក្បាល​ធំ​ជា​ប្រភេទ​ដែល​បាន​ចុះ​ក្នុង​បញ្ជី​ក្រហម IUCN (LR) ជា​ប្រភេទ​រងគ្រោះ​តិចតួច​លើ​ពិភពលោក ប៉ុន្តែ​នៅ​ប្រទេស​ក្ពុ​ជា​ប្រភេទ​នេះ​កំពុង​រងគ្រោះថ្នាក់​ដោយសា​រ​ការនេសាទ និង​ការប្រែប្រួល​ដែន​តំបន់ ដែល​ពួកវា​ធ្លាប់​រស់នៅ និង​រក​ចំណី។



© រក្សាសិទ្ធិដោយ thmeythmey.com