ពីនេះ ពីនោះ
ការអភិវឌ្ឍ​ខ្លួនឯង ជា​គន្លឹះ​ដែល«មិនត្រូវ​មើលរំលង»
10, Mar 2015 , 8:00 am        
រូបភាព
ដោយ: ថ្មីៗ
 មនុស្ស​គ្រប់គ្នា​តែងតែ​ចង់​អភិវឌ្ឍ​ខ្លួនឯង តាមរយៈ​ការអភិវឌ្ឍន៍​សមត្ថភាព ដើម្បី​ឲ្យ​មានការ​ផ្លាស់ប្តូរ​ជា​វិជ្ជមាន ហើយ​អាចដឹកនាំ​ជីវិត​ឆ្ពោះទៅរក​ភាពជោគជ័យ និង​រស់នៅ​ប្រកបដោយ​សុខដុមរមនា។ ប៉ុន្តែ​ផ្ទុយ​មកវិញ មនុស្ស​ភាគច្រើន​បានត្រឹមតែ​ចង់​អភិវឌ្ឍន៍​ខ្លួនឯង តែ​មិន​បានដឹង​ពី​គន្លឹះ​នៃ​ការអភិវឌ្ឍ​ខ្លួនឯង​នោះទេ។ តើ​គន្លឹះ​នៃ​ការអភិវឌ្ឍ​ខ្លួនឯង​មាន​អ្វីខ្លះ? ហើយ​ត្រូវ​អនុវត្តន៍​វា ដោយ​របៀប​ណា​ទើប​អាច​ជោគជ័យ​បាន?



១. ស្គាល់​ខ្លួនឯង៖ អ្នក​ត្រូវតែ​ស្វែងយល់​និង​ដឹង​ពី​ខ្លួនឯង​ឲ្យ​បាន​ច្បាស់​ដូចជា ដឹង​ពី​ចំណង់​ចំណូលចិត្ត ទេ​ព្យ​កោសល្យ ចំណុចខ្លាំង-ខ្សោយ​របស់ខ្លួន​ជាដើម។ ប្រសិនបើ​អ្នកដឹង​ចំណុចខ្សោយ​ខ្លួនឯង​ច្បាស់​ហើយ អ្នក​ត្រូវ​ចាប់ផ្តើម​ពង្រឹង​ចំណុចខ្សោយ​នោះ​បន្តិចម្តងៗ រហូត​ឲ្យ​វា​ក្លាយជា​ចំណុចខ្លាំង​របស់​អ្នក​វិញ។

២. កំណត់​គោលដៅ​ជីវិត៖ ចាប់ផ្តើម​កំណត់​គោលដៅ​ជីវិត​របស់​ថា តើ​អ្នក​ចង់​ធ្វើ​អ្វី? ធ្វើ​វា​ដើម្បី​អ្វី? និង​ធ្វើ​វា​ដោយ​របៀប​ណា ទើប​អាច​សម្រេច​នូវ​គោលដៅ​នោះ? ហើយ​អ្នក​ចង់​សម្រេច​គោលដៅ​នោះ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ទៀត? ការកំណត់​គោលដៅ​នេះ​ត្រូវតែ​ផ្សារភ្ជាប់​ទៅនឹង​ចំណង់​ចំណូលចិត្ត ទេ​ព្យ​កោសល្យ និង​ចំណុចខ្លាំង​របស់​អ្នកជា​និច្ច។

៣. រម្លឹក​គោលដៅ​ជីវិត​ប្រចាំថ្ងៃ៖ មិនមែន​គ្រាន់តែ​ស្គាល់​ខ្លួនឯង និង​កំណត់​គោលដៅ​ហើយ អ្នក​ពិតជា​អាច​សម្រេច​គោលដៅ​នោះឡើយ។ អ្នក​ត្រូវតែ​រំលឹក​ខ្លួនឯង​ថា តើ​វា​ដើរ​ដល់​ណា​ហើយ? តើ​វា​ជួបនឹង​ឧបសគ្គ​អ្វីខ្លះ? ហើយ​ដោះស្រាយ​វា​ដោយ​របៀប​ណា? តើ​ត្រូវ​ដើរ​ដល់​ពេលណា​ទៀត ទើប​ដល់​គោលដៅ​ដែល​អ្នក​ចង់បាន?

៤. គ្រប់គ្រង​ពេលវេលា៖ មាន​គន្លឹះ​បួន​ដែល​អ្នក​ត្រូវ​ដឹង​ពី​របៀប​គ្រប់គ្រង​នេះ៖ ទី១. តើ​ការងារ​ណា​សំខាន់ ហើយ​វា​បន្ទាន់ ទី២. តើ​ការងារ​ណា​សំខាន់ ប៉ុន្តែ​វា​មិន​បន្ទាន់ ទី៣. តើ​ការងារ​ណា​មិន​សំខាន់ ប៉ុន្តែ​វា​បន្ទាន់ និង​ទី៤. តើ​ការងារ​ណា​មិន​សំខាន់ ហើយក៏​វា​មិន​បន្ទាន់​ដែរ។ បន្ទាប់​ដឹង​ពី​គន្លឹះ​ទាំងនេះហើយ អ្នក​ត្រូវ​ចាប់ផ្តើម​ចាត់​អាទិភាព​ការងារ និង​ផែនការ​នោះ​ឲ្យ​បាន​ច្បាស់ ថា​តើ​ការងារ​ណា​ត្រូវធ្វើ​មុនគេ ការងារ​ណា​ត្រូវធ្វើ​បន្ទាប់ និង​ការងារ​ណា​ត្រូវ​ទុក​ធ្វើ​ក្រោយ​គេ។

៥. អាន​សៀវភៅ​ជាប់​ជាប្រចាំ​ថ្ងៃ៖ ត្រូវមាន​ទម្លាប់​ស្រាវជ្រាវ និង​អាន​សៀវភៅ ព្រោះ​វា​ជា​ផ្នែក​មួយ​នៃ​ការកម្សាន្ត និង​ធ្វើ​ឲ្យ​អ្នកទទួលបាន​នូវ​ចំណេះដឹង​ច្រើន យល់ដឹង​ពី​សង្គម និង​ជួយ​លើកស្ទួយ​ផ្នែក​ប្រាជ្ញា​ស្មារតី​របស់​អ្នក។ ជាពិសេស​ជួយ​ពង្រឹងសមត្ថភាព​ក្នុងការ​គិតពិចារណារ​បស់​អ្នក​ឲ្យ​កាន់តែ​ស៊ីជម្រៅ និង​កាន់​តែមាន​ប្រសិទ្ធភាព។ 

៦. អនុវត្តតាម​ផែនការ​ជានិច្ច៖ អ្នក​ត្រូវ​អនុវត្តន៍​ទៅតាម​ផែនការ​ដែល​អ្នក​បានកំណត់​ពីមួយ​ជំហាន​ទៅមួយ​ជំហាន ប្រកបដោយ​ការតាំង​ចិត្ត និង​មាន​ភាពជឿជាក់​លើ​ខ្លួនឯង ថា​អ្នក​ប្រាកដជា​អាចធ្វើ​វា​បានសម្រេច និង​ជោគជ័យ​ក្នុង​ជីវិត​របស់​អ្នក៕



© រក្សាសិទ្ធិដោយ thmeythmey.com