ជាតិ
កម្ពុជា​ស្ថិត​ក្នុងចំណោម​ប្រទេស​មាន​សេដ្ឋកិច្ច​រីកចម្រើន​ឆាប់​បំផុត​លើ​លោក
11, Mar 2015 , 11:19 am        
រូបភាព
ដោយ:


ប្រធាន​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) លោក TakehikoNakaoបាន​អះអាងថា កម្ពុជា​គឺជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​នានា​ក្នុង​ពិភពលោក ដែលមាន សេដ្ឋកិច្ច​រីកចម្រើន​ឆាប់រហ័ស​បំផុត។ ការអះអាង​របស់លោក​ប្រធាន ADB នេះ ធ្វើឡើង​ក្នុង​សន្និសីទ​សារព័ត៌មាននៅស្នាក់ការ​ធនាគារ ​​ADB ប្រចាំកម្ពុជា​ ក្នុង​​ពេលដែល​រូបលោក​បំពេញ​បេសកម្ម​នៅ​កម្ពុជា​រយៈពេល ២ ថ្ងៃ ចាប់ពី​ថ្ងៃទី ១០ ដល់​ថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៥ ។



«កម្ពុជា​ជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​នានា​ក្នុង​លោក​ដែលមាន​សេដ្ឋកិច្ច​រីកចម្រើន​ឆាប់រហ័ស​បំផុត» ។ នេះ​បើតាម​សម្តី​របស់លោក TakehikoNakao ប្រធាន​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងពេល​លោក​មក​បំពេញ​ទស្សនកិច្ច​ពីរ​ថ្ងៃ​នៅ​កម្ពុជា ។ ក្នុង​សន្និសីទកាសែត​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ លោក​ប្រមុខ​ ADB រូបនេះ បន្ត​សរសើរ​កម្ពុជា​យ៉ាងនេះ​ថា៖ « ការកើនឡើង​សេដ្ឋកិច្ច​ឆាប់រហ័ស​កម្ពុជា ដោយសារ​កំណើន​ដ៏​រឹងមាំ​លើ​វិស័យ​ឧស្សាហកម្ម សេវាកម្ម និង កសិកម្ម ។ ហើយ​វា បានធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ខិត​ទៅជិត​ការផ្លាស់ប្តូរ  ឋានៈ​ពី​ប្រទេស​ដែលមាន​ប្រាក់ចំណូល​ទាប ទៅជា​ប្រទេស​ដែលមាន​ប្រាក់ចំណូល​មធ្យម» ។ បើតាម​លោក TakehikoNakaoកម្ពុជា​បាន​កាត់បន្ថយ​ភាពក្រីក្រ​ពី ៥០ ភាគរយ​នៃ​ប្រជាជន​សរុប​ក្នុង​ឆ្នាំ ២០០៧ មក​ត្រឹមតែ ១៩% ក្នុង​ឆ្នាំ២០១២ ។

យ៉ាងណា​ក៏​សោយ បន្ទាប់ពី​សរសើរ​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា លោក​ប្រធាន ADB ក៏​មិន​ភ្លេច​និយាយ​ពី​បញ្ហា​ប្រឈម​សេដ្ឋកិច្ច​របស់​ប្រទេសមួយ​នេះ​ខ្លះ​ដែរ ។លោក​ថា សេដ្ឋកិច្ច​របស់​កម្ពុជា នៅតែ​ងាយ​រងគ្រោះ​ដោយសារ​វិបត្តិ​ផ្នែក​តម្រូវការ និង​ការប្រែប្រួល​តម្លៃ​ខាងក្រៅ ដែល​ពឹង​ផ្អែកទៅលើ​វិស័យ មួយចំនួន ដូចជា​វិស័យ​កាត់ដេរ ដែលមាន​ចំនួន ៧១% នៃ​ការនាំចេញ​ក្នុង​ឆ្នាំ២០១៣ ។ លោក akehikoNakao បន្តថា​ បញ្ហា​កង្វះថាមពលអគ្គិសនី ក៏បានបង្កផល​បាក​ដល់​អ្នកវិនិយោគ​ផងដែរ។ បើតាមធនាគារអភិវឌ្ឍន៍អាស៊ី ​បច្ចុប្បន្នកម្ពុជា​ ជា​ប្រទេសដែល​មាន​តម្លៃអគ្គិសនី​ខ្ពស់​ជាង​គេ​ក្នុង​តំ​បន់​។

សូមបញ្ជាក់ថា ក្នុងពេល​បំពេញ​បេសកម្ម​ការងារ​នៅ​កម្ពុជា ប្រធាន​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) លោក TakehikoNakao បាន​ជួប​ជាមួយ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង លោក ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ។ ជំនួប​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាលនោះ​ លោក​ប្រធាន ADB បាន​ពិភាក្សា​អំពី​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល​កម្ពុជា និង វិធីសាស្ត្រ​ដែល ADB អាច​គាំទ្រ​ដល់​កិច្ចខិតខំ​របស់​រដ្ឋាភិបាល​ក្នុង​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច លើកកម្ពស់​កំណើនសេដ្ឋកិច្ច​សម្រាប់​ទាំងអស់គ្នា និង បន្ត​កាត់បន្ថយ​ភាពក្រីក្រ។

បើតាម​របាយការណ៍រ​បស់ ADB ផលិតផល​ក្នុងស្រុក​សរុប​របស់​ក​ម្ពុ​ជា បាន​កើន​ឡើងជា​មធ្យម​ចំនួន ៦,៥% ក្នុង​មួយឆ្នាំ នៅ​ចន្លោះ​ឆ្នាំ ២០០៧ និង ២០១៥។ ADB បាន​ព្យាករណ៍​កំណើន​ចំនួន ៧,៣% ក្នុង​ឆ្នាំ២០១៥ ដែល​ការព្យាករណ៍​នេះ មាន​មូលដ្ឋាន​គាំទ្រ​ពី​អតិផរណា​ដែល​ត្រូវបាន​គ្រប់គ្រង​យ៉ាង​ល្អ អត្រា​ប្តូរប្រាក់​ដែលមាន​ស្ថេរភាព និង ការប្រកួត ប្រជែង​ប្រកបដោយ​និរន្តរភាព។

គួររម្លឹកថា ធនាគារអភិវឌ្ឍន៍អាស៊ី​បានចាប់ផ្តើម​ប្រតិបត្តិការ​របស់ខ្លួន​ក្នុងប្រទេស​កម្ពុជា​ឡើងវិញ ក្នុង​ឆ្នាំ១៩៩២ ក្រោយ​ជម្លោះ​រយៈពេល​ពីរ​ទស្សវត្ស​រ៍ និង គិត​ចាប់ពីពេលនោះ​មក ADB បានផ្តល់​កម្ចីសម្បទាន ជំនួយ​ឥត សំណង និង​ជំនួយ​បច្ចេកទេស ចំនួន ២,១១ ពាន់​លាន​ដុល្លារ​អាមេរិក ស្ថិតក្រោម​យុទ្ធសាស្ត្រ​ភាពជា​ដៃគូ​ប្រចាំ​ប្រទេស ដែល​ទើបត្រូវ​បានអនុម័ត​នាពេលថ្មីៗនេះ ។ ហើយ​ADB នឹង​គាំទ្រ​ដល់​ប្រទេស​កម្ពុជា ជាមួយនឹង​ថវិកា​ជំនួយ​ជាង ៨០០ លាន​ដុល្លា​សម្រាប់​ចាប់ពី​ឆ្នាំ២០១៤ ដល់​ឆ្នាំ ២០១៨ ដោយ​ផ្តោតលើ​ការបង្កើន​ប្រាក់ចំណូល និង ហេ​ដ្ឋា- រចនាសម្ព័ន្ធ​ជនបទ ការបង្កើន​ការតភ្ជាប់​ទំនាក់ទំនង​រវាង​តំបន់​ជនបទ និង តំបន់​ទីក្រុង និង ការកែលម្អ​គុណភាព គ្រប់គ្រង​វិស័យ​សាធារណៈ៕






© រក្សាសិទ្ធិដោយ thmeythmey.com