ពីនេះ ពីនោះ
គួរ​ឈប់​ប្រើពាក្យ «ប្រតិបត្តិការ​នេះ​ធ្វើឡើង​ក្រោម​ការចង្អុលបង្ហាញ​ពី ១ ២ ៣ ៤ ៥ …»
11, Mar 2015 , 4:08 pm        
រូបភាព
ដោយ: ថ្មីៗ

នៅពេល​មាន​យុទ្ធនាការ ឬ​ប្រតិបត្តិការ​របស់​មន្ត្រី​មាន​សមត្ថកិច្ច និង​ពិសេស​កងកម្លាំងប្រដាប់អាវុធ​ទៅលើ​សកម្មភាព​ល្មើស​អ្វីមួយ មន្ត្រី​មូលដ្ឋាន​ឬ​មន្ត្រី​ដែល​ទទួលបន្ទុក​ដឹកនាំ​ប្រតិបត្តិការ​នោះ តែងតែ​និយាយប្រាប់​អ្នកសារព័ត៌មាន​នេះ​ថា «ក្រោម​ការចង្អុលបង្ហាញ និង​បញ្ជា​ផ្ទាល់» ពី​ថ្នាក់លើ​របស់​ពួកគេ ទើប​ពួកគេ​អាច​សម្រេច​កិច្ចការ​នោះ​ដោយ​ជោគជ័យ។



ពាក្យ​ថា «ក្រោម​ការចង្អុលបង្ហាញ» ឬ «ក្រោម​ការបញ្ជា​ផ្ទាល់»នេះ បើទោះជា​គ្មាន​នរណា​ផ្តល់​និយមន័យ ក៏​ពលរដ្ឋ​ទូទៅ​ដឹង​ហើយ​ថា ជា​ភាសា​លើក​គុណសម្បត្តិ រំលឹក​គុណ​ថ្នាក់លើ។ វា​អាចជា​ការនិយាយ​ល្អ​ពី​ថ្នាក់លើ​របស់ខ្លួន ដើម្បី​ឲ្យ​ថ្នាក់​កំពូល​បានដឹងថា ក្រុម​ថ្នាក់ក្រោម​បានធ្វើការ។

វា​ជាការ​ប្រសើរ​ហើយ​ដែល​មន្ត្រី​គ្រប់គ្នា​ធ្វើការ។ ផ្ទុយទៅវិញ វា​មិនមែនជា​រឿង​ចម្លែក​ទេ ដែល​មនុស្ស​គ្រប់គ្នា​ខំ​សូកប៉ាន់ និង​ប្រឡង​ចូល​ដើម្បី​ធ្វើជា​មន្ត្រី​នោះ។ មន្ត្រីរាជការ គឺត្រូវធ្វើ​ការបម្រើ​ប្រទេសជាតិ បម្រើ​ពលរដ្ឋ​ទៅតាម​តួនាទី ភារកិច្ច។ ពោលគឺ​មិនមែន​រង់ចាំ​ទាល់តែ​មានការ ចង្អុលបង្ហាញ និង​បញ្ជា​នោះទេ។

មន្ត្រី​មួយចំនួន​កំពុង​យល់​ច្រ​ឡំ​ថា ពាក្យ«ចង្អុលបង្ហាញ»នេះ អាចធ្វើអោយ​សាធារណៈមតិ យល់ថា មេ​របស់​ពួកគេ ធ្វើការ​សកម្ម។ ហើយ​ពួកគេ​ទទួល​បានជា​ថ្នូរ​មកវិញ ជាការ​ស្រឡាញ់​ពេញចិត្ត​ពី​មេ។ តាមពិត ពាក្យ​នេះ កំពុងតែ​ត្រូវ គេ​សើចចំអក​យ៉ាងខ្លាំង​ទៅវិញ​ទេ។

ពេលខ្លះ​ត្រឹម​នគរបាល​សង្កាត់ ឬ​ឃុំ​ដែល​បំពេញការងារ​អ្វីមួយ ពួកគេ​ត្រូវ​និយាយ​លើក​គុណសម្បត្តិ អធិការ​ស្រុក​ខណ្ឌ អភិបាលស្រុក​ខណ្ឌ ស្នងការ អភិបាល​ខេ​ត្ត ​រាជធានី រហូតដល់​ក្រសួងមហាផ្ទៃ ហើយ​ហួស​ដល់​ប្រមុខ​រដ្ឋាភិបាល​ទៀតផង។ តើ​ទាល់​តែ​​មានការ​ណែនាំ ចង្អុល បង្ហាញ  ទើប​បម្រើ​ប្រទេសជាតិ បម្រើ​ប្រជាពលរដ្ឋ​បាន? បើ​ដូច្នេះ​មែន តើ​មានន័យថា​យ៉ាងដូចម្តេច? តើលោកធំៗ ត្រូវ​អង្គុយ​ចង្អុលបង្ហាញ​រាប់ពាន់​រឿង​ក្នុងមួយថ្ងៃៗ ឬ​យ៉ាងណា? ចុះ​តែ​អ្នក​ដែល​ត្រូវគេ​ចង្អុលបង្ហាញ​នោះ មិនដឹងថា​ត្រូវធ្វើ​អ្វី​ទេ ឬ​យ៉ាងណា?

ដើមទង​នៃ​ការប្រើប្រាស់​ពាក្យ​ទាំងនេះ គឺ​វប្បធម៌​នៃ​អែបអប ឡេមឡឺម លើកជើង​មេ​កើយ​យកបុណ្យ​តែប៉ុណ្ណោះ។ ពាក្យទាំងនេះ ​គ្មាន​ន័យ​នៅក្នុង​សម័យកាល​នេះ​ទៀតឡើយ។ បើ​និយាយ​មិន​ចំណេញ គួរ​កុំ​និយាយ។

លោក ហ៊ុន សែន​ ក៏​ធ្លាប់​បង្ហាញ​ពីអារម្មណ៍​ធុញទ្រាន់​ចំពោះ​មន្ត្រី​ថ្នាក់​របស់​លោក​​ដែរ។ លោក​​តែ​ងតែ​ស្រែក​តាម​មីក្រូ​ពី​វេទិកា​នានា​ស្តីបន្ទោស​មន្ត្រី​ថ្នាក់ក្រោមថា «ទាល់តែស្រែក បាន​នាំគ្នា​ធ្វើ» ឬថា « ... រឿងនេះ វាអាស្រ័យ​លើ​អស់លោក ធ្វើ​ឬ​មិនធ្វើ តែ​ប៉ុណ្ណោះ»។ ក្នុង​ន័យ​នេះ គេអាច​យល់​ន័យ​របស់​លោក​នាយករដ្ឋមន្ត្រី​ដែល​ចង់និយាយថា មន្ត្រី​ក្រោម​ឱវាទ ត្រូវ​តែ​ដឹង​ថា ខ្លួន​ត្រូវ​ធ្វើការងារ​អ្វី។

មន្ត្រីជាន់ខ្ពស់​មួយ​ចំនួន ក៏​មិនគួរ​ស្រើបស្រាល​នឹង​ពាក្យ​ដែល​មន្ត្រី​​ថ្នាក់ក្រោមនិយាយ​លើកសរសើរ​គុណសម្បត្តិ​នោះទេ បើទោះជា​ខ្លួន​ពិត​ជា​បានចង្អុលបង្ហាញ​ និងបញ្ជា​ផ្ទាល់​មែននោះ។ ប្រសិនបើ​ ការងារជោគជ័យ ទទួល​លទ្ធផល​ល្អ ពលរដ្ឋ​ច្បាស់ជាមើលឃើញ និង​ដឹង​យ៉ាង​ច្បាស់ថា អ្នកណា​ជាអ្នកធ្វើ។ ទុកឲ្យគេ​សរសើរ ប្រសើរ​ជាង​ សរសើរ​ខ្លួន​ឯង៕





© រក្សាសិទ្ធិដោយ thmeythmey.com