ជាតិ
​​​ន​យោ​បាយ​ជាតិ​
រដ្ឋសភា​គ្រោង​កោះប្រជុំ​វិសាមញ្ញឆាប់ៗ​ ដើម្បី​អនុម័ត​ច្បាប់​ទាំងពីរ​ទាក់ទង​នឹង​ការបោះឆ្នោត
12, Mar 2015 , 3:12 pm        
រូបភាព
គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​បានអនុម័ត​លើ​សំណើសុំ​កោះប្រជុំ​រដ្ឋសភា​ពេញអង្គ​វិសាមញ្ញ​ក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បី​អនុម័ត​សេចក្តីព្រាងច្បាប់​សំខាន់​ទាំងពីរ​ដែល​ទាក់ទង​នឹង​ការបោះឆ្នោត។ សេចក្តីសម្រេច​នេះ ត្រូវបាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​គណៈអចិន្ត្រៃយ៍​រដ្ឋសភា​នៅ​ព្រឹក​ថ្ងៃទី១២មីនា​នេះ។


គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​បើក​កិច្ចប្រជុំ​នៅ​ព្រឹក​ថ្ងៃទី១២មីនា​នេះ ក្រោម​ការដឹកនាំ​ដោយ​លោក ហេង សំរិន ប្រធានរដ្ឋសភា ដើម្បី​សម្រេច​ប្រគល់​សេចក្តីព្រាងច្បាប់​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តិទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត និង​សេចក្តីព្រាងច្បាប់​ស្តី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ទៅ​គណៈកម្មការ​នីតិកម្ម ដើម្បី​គណៈកម្មការ​ពិនិត្យ។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អគ្គលេខា​ធិ​ការដ្ឋាន​រដ្ឋសភា។

គេ​មិនដឹងថា តើ​គណៈកម្មការ​នីតិកម្ម​នឹងត្រូវ​ប្រើពេល​យូរ​ប៉ុណ្ណា​ដើម្បី​ពិនិត្យ​ខ្លឹមសារ​នៃ​សេចក្តីព្រាងច្បាប់​ដែល​រិះគន់​ដោយ​សង្គម​ស៊ីវិល​មួយចំនួន​នោះទេ ប៉ុន្តែ​គណៈអចិន្ត្រៃយ៍​នៃ​រដ្ឋសភា​បានអនុម័ត​រួចហើយ​សំណើសុំ​កោះប្រជុំ​រដ្ឋសភា​ពេញអង្គ​វិសាមញ្ញ​ដើម្បី​អនុម័ត​សេចក្តីព្រាងច្បាប់​ទាំងពីរ​នេះ។

ការបញ្ជូន​សេចក្តីព្រាងច្បាប់​ទាំងពីរ​ដែល​វិសោធនកម្ម​ដោយ​គណបក្ស​ជាប់ឆ្នោត​ទាំងពីរ ទៅ​គណៈកម្មការ​ជំនាញ​នៃ​រដ្ឋសភា ត្រូវបាន​ធ្វើឡើង​តែ៣ថ្ងៃ បន្ទាប់ពី​គណបក្ស​ទាំងពីរ​បានធ្វើ​សិក្ខាសាលា​ពិគ្រោះ​យោបល់ ប្រមូល​មតិសាធារណៈ​ជន​ស្តីពី​សេចក្តីព្រាង​វិសោធនកម្ម​ច្បាប់​ទាំងពីរ​នេះ៕




© រក្សាសិទ្ធិដោយ thmeythmey.com