កីឡាជាតិ
ជាតិ
ជម្រុះ World Cup៖ វឌ្ឍនាកា ជា​កីឡាករ​បម្រុង​តែ​ម្នាក់​គត់​ដែល​រកបាន​ពីរ​គ្រាប់​នៅ​ជើង​ទីមួយ
13, Mar 2015 , 4:29 pm        
រូបភាព
មានការ​ស៊ុត​បាល់​បញ្ចូល​ទី​ចំនួន១៦គ្រាប់​ក្នុង៦ប្រកួត​នា​ជំនួប​វគ្គ​ជម្រុះ​បឋម​ប្រចាំ​តំបន់​អាស៊ី ជើង​ទីមួយ​ក្នុង​ដំណើរ​ឆ្ពោះទៅកាន់​ព្រឹត្តិការណ៍ World Cup ឆ្នាំ២០១៨នៅក្នុង​ប្រទេស​រុស្ស៊ី។ ក្នុងចំណោម​កីឡា​ករបី​រូប ដែល​ស៊ុត​បាល់​បញ្ចូល​ទី​ចំនួន២គ្រាប់ មានតែ​ខ្សែបម្រើ​កម្ពុជា ចាន់ វឌ្ឍនាកា តែ​ម្នាក់​គត់​ដែលជា​កីឡាករ​បម្រុង។



នា​ជំនួប​នៅលើ​ទីលាន​កងយោធពល​ខេមរភូមិន្ទ កាលពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី១២ ខែ​មិនា ចាន់ វឌ្ឍនាកា បាន​ស៊ុត​បាល់​បញ្ចូល​ទី​ចំនួន២គ្រាប់​សម្រាប់​កម្ពុជា បន្ទាប់ពី​រូបគេ​ចូល​លេង​ជំនួស សុះ ស៊ូ​ហា​ណា នៅក្នុង​នាទី ទី៥៥ ។ ៩នាទី​ក្រោយមក ខ្សែបម្រើ​ក្លិប​បឹងកេត​អង្គរ​រូបនេះ រកបាន​គ្រាប់​បាល់​ដំបូង និង​បន្ត​រកបាន​មួយ​គ្រាប់​ទៀត នា​រយៈពេល១៧នាទី​បន្ទាប់។

វឌ្ឍនាកា អាយុ២១ឆ្នាំ គឺជា​កីឡាករ​បម្រុង​តែ​ម្នាក់​គត់​ដែល​ស៊ុត​បាល់​បញ្ចូល​ទី​ចំនួន២គ្រាប់ ខណៈ​កីឡាករ​បម្រុង​ផ្សេងទៀត​ដែល​រកបាន​មួយ​គ្រាប់​រួមមាន កីឡាករ​យ៉េ​មែន Ala Al Sasi ក្នុង​ជ័យ​ម្នះ ៣-១ លើ​ប៉ា​គី​ស្ថាន និង​កីឡា​ករទី​ម័​រ​ខាងកើត Jairo Neto ក្នុង​ជ័យជម្នះ ៤-១ លើ​ម៉ុង​ហ្គោ​លី។

ក្រៅពី​ចាន់ វឌ្ឍនាកា កីឡាករ​ពីររូប​ទៀត​ដែល​បាន​ស៊ុត​បាល់​បញ្ចូល​ទី​ចំនួន២គ្រាប់​ឲ្យ​ក្រុម​ជម្រើសជាតិរៀងៗខ្លួន ដែល​ក្នុងនោះ​មាន កីឡាករ​ទី​ម័​រ​ខាងកើត Chiquito DO CARMO រក​គ្រាប់​បាល់​បញ្ចូល​ទី​នៅ​នាទី ទី៤ និង​ទី៧ លើ​ក្រុម​ម៉ុង​ហ្គោ​លី មុននឹង​ត្រូវបាន​ផ្លាស់ប្តូរ​ចេញ​នៅ​នាទី៦៧ និង​កីឡាករ​ឥណ្ឌា Sunil Chetri ដែល​លេង​ពេញ​ម៉ោង​ដើម្បី​នាំ​ជ័យជម្នះ ២-០ លើ​ក្រុម​ភ្ញៀវ​ណេ​ប៉ាល់។

ការរកបាន​ពីរ​គ្រាប់​របស់ ចាន់ វឌ្ឍនាកា នាំ​ឲ្យ​រូបគេ​ក្លាយជា​កីឡា​ករទី៧ដែល​រក​គ្រាប់​បាល់​បញ្ចូល​ទី​ឲ្យ​ក្រុម​ជម្រើសជាតិ​កម្ពុជា​នៅក្នុង​ការប្រកួត​ជម្រុះ​បឋម​ព្រឹត្តិការណ៍ World Cup  និង​ជា​កីឡាករ​ទី​បី​ដែល​រកបាន​គ្រាប់​បាល់​បញ្ចូល​ទី២គ្រាប់​ក្នុង​មួយ​ប្រកួត បន្ទាប់ពី សំអែល ណា​សា និង​គួច សុគ​ម្ភៈ។

បច្ចុប្បន្ន សំអែល ណា​សា នៅតែ​ស្ថិត​ជា​កីឡាករ​មាន​គ្រាប់​បាល់​បញ្ចូល​ទី​ច្រើនជាងគេ​ក្នុងការ​ប្រកួត​ជម្រុះ World Cup សម្រាប់​ក្រុម​កម្ពុជា តាមរយៈ​ការសម្រេចបាន៣គ្រាប់។ ចាន់ វឌ្ឍនាកា មាន​ចំនួន២គ្រាប់​ស្មើ ហុក សុចិ​ត្រា ជា មករា គួច សុគ​ម្ភៈ និង ឃួន ឡា​បូ​រ៉ាវី ដែល​បានតែ​តបាល់​បញ្ចូល​ទី​ចុងក្រោយ​នាំ​ឲ្យ​កម្ពុជា​ឈ្នះ​ម៉ា​កាវ ៣-០ កាលពី​ថ្ងៃ​ព្រហស្បតិ៍។ ឈិន ឈឿន ក៏មាន​មួយ​គ្រាប់​ផងដែរ​នៅក្នុង​ដៃ៕







© រក្សាសិទ្ធិដោយ thmeythmey.com