ជាតិ
លោក ម៉ម សូណង់ដូ បំភ្លឺ​រឿង​បុគ្គលិក​ធ្វើ​កូដកម្ម​ក្នុង​មន្ទីរ​ការងារ​រាជធានី​ភ្នំពេញ
16, Mar 2015 , 10:49 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ នៅ​ថ្ងៃទី១៦ មីនា​នេះ លោក ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ និង​ជា​ប្រធាន​សមាគម​អ្នកប្រជាធិបតេយ្យ មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នឹង​កោះហៅ​ភាគី​វិវាទ​នៃ​ស្ថានីយ​វិទ្យុ​សំបុក​ឃ្មុំ ឲ្យ​ចូល​តុ​ចរចា​ដើម្បី​ផ្សះផ្សារ​វិវាទ។ នេះ​បើតាម​លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា។



នាយក​វិទ្យុ​សំបុក​ឃ្មុំ អេ​ហ្វ.អិ​ម ១០៥ មេ​ហ្គា​ហឺត​ស៍ លោក ម៉ម សូណង់ដូ និង​បុគ្គលិក​មួយចំនួនទៀត ដែលមាន​វិវាទ​ជាមួយគ្នា​រឿង​ប្រាក់ខែ និង​ប្រាក់​អតីតភាព​ការងារ កំពុង​ចូលខ្លួន​ដោះស្រាយ នៅ​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​រាជធានី​ភ្នំពេញ។

សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា​ដែល លោក ម៉ម សូណង់ដូ អះអាងថា ជា​អ្នកជំរុញ​ឲ្យ​បុគ្គលិក​វិទ្យុ​សំបុក​ឃ្មុំ​ធ្វើ​កូដកម្ម​នោះ បាន​ឲ្យ​ដឹងថា ការចូល​បំភ្លឺ​រក​ដោះស្រាយ នេះ ដើម្បី​ឈានទៅ​បញ្ចប់​វិវាទ។ ប៉ុន្តែ​ប្រសិនបើ​ការផ្សះផ្សា​យ​មិនបាន​បញ្ចប់​នោះទេ លោក អាត់ ធន់ បាន​លើកឡើងថា វិវាទ​នេះ​នឹង​បន្តទៅ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល។
លោក​បញ្ជាក់ថា៖ «បើ​មិនអាច​បញ្ចប់​ត្រឹមនេះ​ទេ យើង​នឹង​ទៅ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល។ ប៉ុន្តែ​យើង​នឹង​ជំរុញ​ការផ្សះផ្សារ ដើម្បី​បញ្ចប់​វិវាទ​នេះ»។

គួររម្លឹកថា បុគ្គលិក​ស្ថានីយ​វិទ្យុ​សំបុក​ឃ្មុំ​ជាង ១០នាក់ បាននាំគ្នា​ធ្វើ​កូដកម្ម​ទាមទារ​ឲ្យ​លោក ម៉ម សុ​ណង់​ដូ អនុវត្ត​ច្បាប់​ការងារ និង​បើក​ប្រាក់ខែ​សម្រាប់​ខែកុម្ភៈ។ បុគ្គលិក​ទាំងនោះ បាន​ឈរ​លើក​បដា​តវ៉ា​នៅខាងមុខ​ស្នាក់ការ​វិទ្យុ​សំបុក​ឃ្មុំ កាលពី​ថ្ងៃទី១២ មីនា ហើយ​អំឡុង​ពេលធ្វើ​កូដកម្ម​នោះ ពួកគេ​បាន​ចោទប្រកាន់​ប្រធាន​វិទ្យុ​ថា បាន​បញ្ឈប់​បុគ្គលិក ២នាក់​ពី​ការងារ​ផងដែរ។



© រក្សាសិទ្ធិដោយ thmeythmey.com