ជាតិ
ជនជាតិដើម​ភាគតិច ទាមទារ​ឲ្យ​រដ្ឋាភិបាល​អន្តរាគមន៍​ការទន្ទ្រាន​ដី និង​ការកាប់​ព្រៃឈើ​ខុសច្បាប់
17, Mar 2015 , 3:53 pm        
រូបភាព
ដោយ: ថ្មីៗ

 
ប្រជាពលរដ្ឋ​នៅ​ភូមិ​ពូ​គង់ ឃុំ​ស្រែ​ព្រះ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌល​គី​រី ទាមទារ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា​អន្តរាគមន៍​អោយមាន​ប្រសិទ្ធភាព​ទៅលើ​ការទន្ទ្រាន​យក​ដី​និង​ការកាប់​ព្រៃឈើ​ខុសច្បាប់​នៅ​កន្លែង​របស់​ពួកគេ​រស់នៅ ពី​សំណាក់​ក្រុមហ៊ុន កៅស៊ូ​ប៊ិ​ញ ហឿ​ក។



លោក វណ្ណា ខ្វើក ជនជាតិដើម​ភាគតិច​នៅ​ភូមិ​ពូ​គង់ មានប្រសាសន៍ថា ជីវភាព​របស់លោក​បាន​រង​ផលប៉ះពាល់​យ៉ាងខ្លាំង​ពី​ការផ្ដល់​សម្បទាន​ដី​សេដ្ឋកិច្ច​នេះ ។ លោ​កថា​ផលប៉ះពាល់​ដោយសារ​ការទន្ទ្រាន​យក​ដី និង​ការកាប់​ព្រៃឈើ​នៅក្នុង​ភូមិ​ពូ​គង់ ពី​សំណាក់​ក្រុមហ៊ុន កៅស៊ូ​ប៊ិ​ញ ហឿ​ក បាននិងកំពុង​ធ្វើ​ឲ្យ​ជីវភាព​រស់នៅ​របស់​ប្រជាជន​នៅក្នុង​សហគមន៍ ជាពិសេស​ជនជាតិដើម​ភាគតិច​ជួប​ការលំបាក ដូចជា​ការបាត់បង់​ដីធ្លី ព្រៃឈើ ជីវភាព និង វប្បធម៌​ជាដើម ។

ជនជាតិដើម​ភាគ​តិ​ភូមិ​ពូ​គង់​រូបនេះ​បន្ថែមថា ៖«ព្រៃ​គឺជា​ជី​វិ​តិ​របស់​យើង ជាពិសេស ដើម​ច្បោះ ដែល​គឺជា​ធនធានធម្មជាតិ​ដ៏​សំខាន់​ក្នុងការ​រកប្រាក់​ចំណូល​ដើម្បី​ទ្រទ្រង់​ជីវភាព​របស់​សហគម​ន៍ ប៉ុន្តែ​នៅពេលនេះ ក្រុមហ៊ុន​បាន​បំផ្លាញ​អស់​ជាង ៨០ ភាគរយ នៃ​ដើម​ច្បោះ ទាំងអស់​ដែល​យើង​មាន» ។

នៅ​ភូមិ​ភូ​គង់ ជនជាតិដើម​ភាគតិច​កំពុងមាន​វិវាទ ជាមួយនឹង​ក្រុមហ៊ុន កៅស៊ូ​ប៊ិ​ញ ហឿ​ក ក្រចេះ​រ៉ាប់​បឺ​រ ដែល​ទទួលបាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​ចំនួន ៨.៩២៦ ហិកតា សម្រាប់​កិច្ចសន្យា​រយៈពេល ៧០ឆ្នាំ  ដើម្បី​ធ្វើការ​អភិវឌ្ឍ​ដំណាំ កសិឧស្សាហកម្ម ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា (NGOF) និង​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ (CLEC) រួម​នឹង​អ្នករងគ្រោះ​សហគមន៍​ពូ​គង់ នឹង​រៀបចំ​ធ្វើ​សន្និសីទកាសែត​នៅ​ថ្ងៃទី១៨ មិនា ដើម្បី​សម្តែង​នូវ​ក្តីកង្វល់​របស់​ពួកគេ នៅ​ទីស្នាក់ការ​អង្គការ​មិនមែន​រដ្ឋាភិបាល NGOF ។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​អង្គការ​មិនមែន​រដ្ឋាភិបាល ៕



© រក្សាសិទ្ធិដោយ thmeythmey.com