អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ព្រះសង្ឃ​ប្តឹង​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​មី​យ៉ាន់​ម៉ា​លើ​ការប្រើ​សា​ធាតុគីមី​ពុល​ដើម្បី​បំបែក​ការតវ៉ា
17, Mar 2015 , 4:15 pm        
រូបភាព
ដោយ:
 
ព្រះសង្ឃ​សាសនាព្រះពុទ្ធ​ត្រៀម​ប្តឹង​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​មី​យាន់​ម៉ា ប្រឆាំង​ទៅនឹង​ការបង្ក្រាប​ដែល​ប្រើប្រាស់​សារធាតុ​គីមី​ពុល​ដើម្បី​បំបែកហ្វូង​បាតុករ​កាលពី​ឆ្នាំ២០១២ ។ បន្តឹង​នេះ​ក៏​ធ្វើឡើង ក្នុង​បំណង​ដើម្បី​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​ក្នុង​ដំណើរការ​កែទម្រង់​លទ្ធិប្រជាធិបតេយ្យ​ផងដែរ។


កញ្ញា ខន ចំប៉ា លម្អិតព័ត៌មាននេះ



នៅ​ថ្ងៃ​ម្សិលមិញ​នេះ​ក្រុម​ព្រះសង្ឃ និង​អង្គការសិទ្ធិមនុស្ស បាន​បញ្ជាក់ថា​សមាគម​ព្រះសង្ឃ​កំពុង​ត្រៀម​ដាក់ពាក្យ​បណ្តឹង​ប្រឆាំងនឹង​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​មី​យ៉ាន់​ម៉ា​ពីបទ​ប្រើប្រាស់​សារធាតុ​គីមី​ពុល ដើម្បី​បំបែក​ក្រុមអ្នកតវ៉ា​កាលពី​ឆ្នាំ២០១២កន្លងទៅនេះ។

ក្នុង​ឆ្នាំ២០១២ មានការ​ផ្ទុះ​ការតវ៉ា​របស់​ក្រុម​ព្រះសង្ឃ​សាសនាព្រះពុទ្ធ​នៅក្នុង​ស្ថានីយ៍​រ៉ែ​មួយកន្លែង នៅ​ភាគ​ពាយព្យ​ប្រទេស​មី​យ៉ាន់​ម៉ា ដើម្បី​ប្រឆាំង​ទៅនឹង​ក្រុមហ៊ុន​ចិន​ដែល​ទទួលបាន​អាជ្ញា​បណ្ណ​ពី​រដ្ឋាភិបាល​ដើម្បី​ធ្វើ​អាជីវកម្ម ហើយ​បានធ្វើ​ឲ្យ​មានការ​ប៉ះពាល់​ជីវភាព​រស់នៅ និង​បានធ្វើអោយ​បាត់បង់​ដី​របស់​ប្រជាជន​ដែល​រស់នៅក្នុង​តំបន់​នោះ។

យ៉ាងណាមិញ បើ​យោងតាម​អង្គការ​ការពិត​នៃ​យុត្តិធម៌ ដែលជា​អង្គការសិទ្ធិមនុស្ស​ប្រចាំ​មី​យ៉ាន់​ម៉ា យោង​ហោចណាស់​មាន​ព្រះសង្ឃ១០០អង្គ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​ជាបន្ទាន់​និង៥៦អង្គ​ផ្សេងទៀត​រងរបួស​ធ្ងន់ ដោយសារ​ការដុត​លើ​រូបរាងកាយ និង​ការប្រើប្រាស់​នូវ​សារធាតុ​គីមី​ពុល នៅក្នុង​ការបង្ក្រាប​បំបែក​ការតវ៉ា​របស់​អា​ជ្ញា​ធរ​មី​យ៉ាន់​ម៉ា។

ជាមួយគ្នានេះ​ក្រុមព្រះ​សង្ឃ​បាន​បញ្ជាក់ថា គិត​ចាប់តាំងពី​ពេល​នៃ​ការកើត​ហេតុការណ៍​នេះ​មកដល់​បច្ចុប្បន្ន រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា មិនបាន​ទទួលខុសត្រូវ និង​មិនមាន​ការកែទម្រង់​ស្របទៅតាម​តម្រូវការ​នៃ​ការទាមទារ​នោះទេ។ ឆ្លើយ​ទៅនឹង​ភាពអយុត្តិធម៌​នេះ ក្រុមព្រះ​សង្ឃ​នឹង​ប្តឹង​អាជ្ញាធរ ដែលមាន​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​ដែលជា​អ្នកទទួលខុសត្រូវ លើ​កា​រប​ង្រា្ក​ប​យ៉ាង​សាហាវឃោរឃៅ​នេះ។ ក្រុម​ព្រះសង្ឃ​ក៏បាន​បញ្ជាក់ទៀតថា គម្រោង​នៃ​ការប្តឹង​នេះ ក៏មាន​គោលបំណង​ដើម្បី​ដាក់​សម្ពាធ​ទៅលើ​រដ្ឋាភិបាល ក្នុង​ដំណើរការ​នៃ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​ផងដែរ។

ទាក់ទិន​នឹង​បញ្ហា​នេះដែរ មិនមាន​ការឆ្លើយតប​ពី​សំណាក់​អាជ្ញាធរ​និង​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​នៅឡើយ​នោះទេ។ បើ​យោងតាម​ការអះអាង​រប​ស់​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា មុនពេល​នៃ​ការបង្ក្រាប​នោះ កងកម្លាំង​រដ្ឋាភិបាល​បាន​ជូនដំណឹង​ទៅកាន់​ក្រុមអ្នកតវ៉ា​មុន៥ប្រាំ​នាទី ដើម្បី​ធ្វើការ​ចាកចេញ​ពី​កន្លែងកើតហេតុ ក៏ប៉ុន្តែ​ប្រជាជន​និង​ព្រះសង្ឃ​មិនបាន​អនុវត្តន៍​តាម​បទបញ្ជា​នោះទេ។

គួរបញ្ជាក់​ផងដែរ​ថា ស្រប​ពេលដែល​ការបោះឆ្នោត​ជា​សកល​របស់​មី​យ៉ាន់​ម៉ា​ខិតជិត​មកដល់ ចលនា​ប្រឆាំង​ទៅនឹង​រដ្ឋាភិបាល​ក៏​ចាប់ផ្តើម​ផ្ទុះឡើង​សារជាថ្មី ដើម្បី​ធ្វើការ​ដាក់​សម្ពាធ​ទៅលើ​រដ្ឋាភិបាល​ឲ្យ​មានការ​កែទម្រង់។ ទោះបីយ៉ាងណា​ក៏ដោយ មិនមាន​លទ្ធផល​ជា​ផ្កែ​ផ្កា​ណាមួយ​កើតឡើង ក្រោយ​ការតវ៉ា​ឡើយ ពោលគឺ​ក្រុមអ្នកតវ៉ា​តែងតែ​ទទួលបាន​មកវិញ នូវ​ការបង្ក្រាប​យ៉ាង​ហិង្សា​ពី​សំណាក់​រដ្ឋាភិបាល៕




© រក្សាសិទ្ធិដោយ thmeythmey.com