អន្តរជាតិ
វៀតណាម៖ ក្មេងប្រុស​ម្នាក់​ត្រូវ​ខ្លែង​អូសទាញ​ទៅលើ​អាកា​សរួច​ធ្លាក់​មកវិញ​ស្លាប់ភ្លាមៗ
19, Mar 2015 , 2:20 pm        
រូបភាព
ដោយ:
ក្មេងប្រុស​វៀតណាម​អាយុ ៥ឆ្នាំ​ម្នាក់ បាន​ស្លាប់​នៅក្នុង​ហេតុការណ៍​ដ៏​រន្ធត់​មួយ គឺ​នៅពេលដែល​កុមារ​រូបនោះ លេង​បង្ហោះ​ខ្លែង​ដ៏​ធំ​មួយ ហើយ​ត្រូវ​ខ្លែង​អូសទាញ​ទៅលើ​អាកាស​កម្ពស់​ជិត ២០ ម៉ែត្រ ដោយបាន​នាំយក​ក្មេងប្រុស​នោះ​ទៅជា​មួយ​ផងដែរ ហើយ​ក្មេង​នោះ​ក៏បាន​ធ្លាក់​មកដល់​ដី​វិញ ធ្វើ​ឲ្យ​ស្លាប់ភ្លាមៗ ។ នេះ​បើ​យោងតាម​កាសែត new york daily news ។



ប្រភព​ដដែល​បាន​ឲ្យ​ដឹងថា ហេតុការណ៍​នៃ​ការស្លាប់​កុមារា Van Minh Dat រស់នៅក្នុង​តំបន់ Dong Dieuទីក្រុង​ហូជីមិញ​នេះ ត្រូវបាន​គេ​បង្ហោះ​នៅក្នុង​ខ្សែ​វីដេអូ​មួយ​ដែល​ត្រូវបាន​គេ​ចែកចាយ​នៅក្នុង​បណ្ដាញ​សង្គម។

កាសែត​ក្នុងស្រុក​វៀតណាម​បាន​ផ្សាយ​ថា ក្មេងប្រុស​ម្នាក់នេះ បាន​យក​ខ្សែ​ខ្លែង​ដ៏​ធំ​សម្បើម​ដែលមាន​ទង់ជាតិ​នៃ​ប្រទេស​វៀតណាម​ខាងជើង មក​ចង​នឹង​ជើង​របស់គេ។ ប៉ុន្តែ​ដោយសារតែ​ខ្លែង​មាន​ទំហំ​ធំ ទើប​ធ្វើ​ឲ្យ​ខ្យល់កួច​វា​ឡើង​ទៅលើ​បាន ហើយ​ក្មេង​នោះ​ក៏ត្រូវ​ខ្យល់កួច​ទៅជា​មួយ​ខ្លែង​ផងដែរ ដោយសារតែ​ជើង​របស់គេ​នៅជាប់​ជាមួយ​ខ្សែ។

នៅក្នុងពេល​កើតហេតុ គ្មាន​នរណាម្នាក់​បានឃើញ​ក្មេង​នោះ ត្រូវ​ខ្យល់កួច​ទៅលើ​អាកាស​នោះទេ តែ​ពួកគេ​បានឃើញ​ក្មេង​នោះ​នៅពេល​ខ្លែង​កួច​ឡើងដល់​កម្ពស់​ជិត ២០ ម៉ែត្រ​ទៅហើយ។ ក្រោយពេល​ឃើញ​ក្មេង​នោះ​នៅលើ​អាកាស មនុស្សម្នា​បាន​ព្យាយាម​តាម​ចាប់​នៅពេល​ក្មេង​នោះ​ធ្លាក់​មកលើ​ដី ប៉ុន្តែអ្វីៗបាន​យឺត​ពេល​ទៅហើយ។ពួកគេ​បាន​បញ្ជូន​កុមារ​ទៅ​មន្ទីរពេទ្យ​ប៉ុន្តែ​ក្មេង​នោះបាន​ស្លាប់​ដោយសារ​គេ​របួស​ធ្ងន់ធ្ងរ​ពេក។

សូមបញ្ជាក់ថា ខ្លែង​ដ៏​ធំ​នេះ​ត្រូវបាន​រៀបចំ​ដើម្បី​សម្រាប់​បង្ហោះ​នៅក្នុង​ពិធីបុណ្យ​ខ្លែង​មួយ​នៅ​ទីក្រុង​មាត់សមុទ្រ​Vung Tau ដែលជា​ផ្នែក​មួយ​នៃ​ទីក្រុង​ហូជីមិញ៕


© រក្សាសិទ្ធិដោយ thmeythmey.com