អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
តួ​ក​គី​ជា​សមាជិក​ណា​តូ​តែមួយគត់ ដែល​ទិញ​ប្រព័ន្ធ​មី​ស៊ី​ល​ការពារ​ដែនអាកាស​ពី​ប្រទេស​ចិន
15, Apr 2015 , 6:00 pm        
រូបភាព
ដោយ:

ប្រទេស​ចិន​បាន​បញ្ជាក់ថា ខ្លួន​បាន​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ក្នុង​ការលក់​ប្រព័ន្ធ​មី​ស៊ី​ល​ការពារ​អាកាស​HQ-9 ទៅ​ឲ្យ​ប្រទេស​តួ​ក​គី​កាលពីដើម​សប្ដាហ៍​នេះ ក្នុងអំឡុងពេល​តាំងពិព័រណ៍​ទ័ព​សមុទ្រ​និង​អាវ​កាស​អន្ដរជាតិ​ក្នុង​ទីក្រុង Langkawiប្រទេស​ម៉ាឡេស៊ី។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​ទូរទស្សន៍​ម​ជ្ឈឹ​ម​ចិន CCTV ។



ប្រភព​ដដែល​បាន​ផ្សាយ​ថា តំណាង​សាជីវកម្ម​នាំចូល​និង​នាំចេញ​គ្រឿង​ម៉ាស៊ីន​ជាតិចិន បាន​និយាយថា​FD 2000 របស់​ប្រទេស​ចិន​ដែលជា​ម៉ូ​ដែល​មួយ​នៃ​ប្រព័ន្ធ​មី​ស៊ី​ល​ការពារ​អាកាស​HQ-9 មានកេរ្តិ៍ឈ្មោះ​ល្បីល្បាញ​សម្រាប់​ការនាំចេញ​នោះ ត្រូវបាន​តួ​ក​គី​ជ្រើស​រើសយក​សម្រាប់​កិច្ចសន្យា​ទិញ​មួយ​កាលពី​ឆ្នាំ ២០១៣ ។

យោងតាម​សេចក្ដី​ការណ៍​របស់​CCTVដដែល​នេះ កិច្ចព្រមព្រៀង​នៃ​ការលក់​FD-2000 ទៅ​ឲ្យ​តួ​ក​គី​នេះ គឺជា​ជ័យជម្នះ​ដ៏​ធំ​មួយ​របស់​ចិន ដែល​បាន​យក​ឆ្នះ​លើ​ការដេញថ្លៃ​ពី​សំណាក់ ប្រព័ន្ធ​មី​ស៊ី​ល​ការពារ​អាកាស​Patriotរបស់​អាមេរិក​ប្រព័ន្ធ​មី​ស៊ី​ល​ការពារ​អាកាស​S-400របស់​រុស្ស៊ី​និង​ប្រព័ន្ធ​មី​ស៊ី​ល​ការពារ​អាកាស​Samp-T របស់​ក្រុមហ៊ុន​បារាំង-អ៊ីតាលី Eurosamផងដែរ។

ក្រុមអ្នកវិភាគ​នៅក្នុង​ប្រទេស​តួ​ក​គី​បាន​និយាយថា​មូលហេតុ​ដែល​តួ​ក​គី​ជ្រើស​រើសយក​ក្រុមហ៊ុន​ចិន​នេះ គឺ​ដោយសារតែ​ហេតុផល​បច្ចេកវិទ្យា​ក៏ដូចជា​ការចំណាយ​មាន​ប្រសិទ្ធិភាព​ផងដែរ។

បន្ទាប់ពី​ប្រទេស​តួ​ក​គី​បានប្រកាស​ពី​កិច្ចសន្យា​ទិញ​អាវុធ​ជាមួយ​ប្រទេស​ចិន​នេះ​រួចមក អគ្គលេខាធិការ​អង្គការ​ណា​តូ​លោក Anders Fogh Rasmussen បាន​និយាយថា​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ទៀត​នេះ លោក​រំពឹងថា​ប្រទេស​តួ​ក​គី​នឹង​ការជ្រើសរើស​យក​ប្រព័ន្ធ​មី​ស៊ី​ល​ការពារ​អាកា​សណា​ដែល​សម្ព័ន្ធមិត្ត​ផ្សេងទៀត​បាននិងកំពុង​ប្រើប្រាស់។

ចំណែកឯ​សហរដ្ឋអាមេរិក​វិញ បាន​សម្តែង​នូវ​ក្តីបារម្ភ​យ៉ាងខ្លាំង​ទៅលើ​ប្រទេស​តួ​ក​គី​ដោយបាន​និយាយថា​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​ដែនអាកាស​របស់​ចិន​នឹង​មិនអាច​ធ្វើការ​ស៊ីគ្នា​បាន​ជាមួយនឹង​ប្រព័ន្ធ​ការពារ​ដែនអាកាស របស់​អង្គការ​ណា​តូ​ដែល​កំពុង​ប្រើ​បាន​នោះទេ៕




© រក្សាសិទ្ធិដោយ thmeythmey.com