ជាតិ
បទយកការណ៍ / បទសម្ភាសន៍
វត្តមាន Iphone និង Samsung ជំ​រុញអោយ​ពលរដ្ឋ​ខ្មែរ​ជំពាក់​បំណុល​គេ​កាន់តែច្រើន!
23, Mar 2015 , 9:10 am        
រូបភាព

 
ភ្នំពេញ៖ កាលពី​ពេលមុន ពលរដ្ឋ​ខ្មែរ​សុខចិត្ត​ខ្ចីបុល​គេ​ដោយសារ​ជំងឺ, ដោយសារ​ការសាងសង់​លំនៅដ្ឋាន, ដោយសារ​ការរៀប​អាពាហ៍ពិពាហ៍​ជូន​កូនចៅ, ដោយសារ​ជំនួញ។ល។ ប៉ុន្តែ​នៅក្នុង​យុគសម័យ​បច្ចេកវិទ្យា​នេះ ពលរដ្ឋ​ខ្មែរ​មួយចំនួន​សុខចិត្ត​ខ្ចីបុល​គេ​ដើម្បី​ទិញ​សម្ភារ​បច្ចេកវិទ្យា​ព័ត៌មាន ដូចជា ការទិញ​កុំព្យូទ័រ, ការទិញ​ទូរ​សព្ទ​ដៃ។ល។ ជាការ​កត់សម្គាល់​ជាក់ស្តែង ពលរដ្ឋ​ខ្មែរ​កាន់តែច្រើនឡើងៗជំពាក់​បំណុល​គេ​ដោយសារតែ​វត្តមាន Iphone និង Samsung នៅក្នុង​ប្រទេស​កម្ពុជា។



ស្ថិតក្នុង​ជីវភាព​លំបាក​គួរសម យុវជន សុខ ចំរើន មាន​អាជីព​ជាជាង​កាត់សក់​មួយកន្លែង​នៅ​ទីក្រុង​ភ្នំពេញ បានបង្ហាញ​អារម្មណ៍​ដោយ​មិន​ខ្មាសអៀន​ថា ខ្លួនគេ​ត្រូវតែមាន Iphone មួយគ្រឿង​ប្រើប្រាស់​នឹង​គេ​ដែរ ទោះបីជា​ចាស់ ឬ​ថ្មី​ក៏ដោយ។

កាត់សក់​បណ្តើរ​រៀបរាប់​ប្រាប់​បណ្តើ​រថា គាត់​សុខចិត្ត​សន្សំ​មួយថ្ងៃ១ដុល្លារ ឬ២ដុល្លារ​ដើម្បី​ទិញ Iphone 5 ដែល​គេ​ប្រើ​រួចហើយ​ក្នុងតម្លៃ​ជាង២០០ដុល្លារ។ លោក​មិនមាន​ថវិកា​គ្រប់​ចំនួន​ដើម្បី​ទិញ​ទេ។ តែ​លោក​បាន​បង្ខំចិត្ត​ខ្ចី​ពី​ថៅកែ​របស់លោក​បន្ថែមទៀត។

លោក ចំរើន អាយុប្រមាណ​ជា៣០ឆ្នាំ សុខចិត្ត​បេះ​ពី​មាត់​ពី​ករ​សន្សំ​ប្រាក់​បាន​ជាង១០០ដុល្លារ​អាមេរិក​ខ្លួនឯង​ដោយ​ចំណាយ​រយៈពេល​អស់​ជាច្រើន​ខែ។ ដើម្បី​បង្គ្រប់​ចំនួន​ជាង២០០ដុល្លារ​លោក​ក៏បាន​សម្រេចចិត្ត​ខ្ចីប្រាក់​ពី​ថៅកែ​បន្ថែម​ជាង១០០ដុល្លារ​ទៀត។ «ខ្ញុំ​ស្រឡាញ់​ទូរ​សព្ទ​ទំនើប។ ខ្ញុំ​ចង់​ប្រើ​ដូច​គេ​ដែរ ដូច្នេះ ខ្ញុំ​ត្រូវតែ​សន្សំ និង​សុខចិត្ត​ខ្ចីប្រាក់​ពី​ថៅកែ​ខ្ញុំ​បង្គ្រប់។ ខ្ញុំ​ប្រើប្រាស់​វា​ដើម្បី​ទូរ​សព្ទ និង​ឆែក​មើល​ហ្វេ​ស​ប៊ុ​ក​តាមដាន​ព័ត៌មាន»។ នេះ​គឺជា​រៀបរាប់​ប្រាប់​របស់​យុវជន ចំរើន។

ក្រោយពី​ទិញ​ទូរ​សព្ទ​ហើយ ចំរើន ត្រូវ​ដក​ប្រាក់៣០ដុល្លារ​ពី​ប្រាក់ចំណូល​ប្រចាំខែ​ជាង១០០ដុល្លារ​របស់ខ្លួន​ដើម្បី​សង​ទៅ​ថៅកែ​ជា​រៀងរាល់ខែ។ ទឹកមុខ​ស្រពោន​បន្តិច ចំរើន បាន​បន្តទៀតថា គាត់​ត្រូវតែ​ទ្រាំ​ធ្វើ​ដូច្នេះ ពីព្រោះ គាត់​ស្រឡាញ់​ទូរ​សព្ទ។ នារី​ម្នាក់ទៀត​ឈ្មោះ ភា​រី អាយុ​ជាង២០ឆ្នាំ​ដែល​ធ្វើការ​ជាមួយ ចំរើន ដែរនោះ ក៏បាន​ឆ្លើយ​បន្ទរ​មកទៀត​ថា បុគ្គលិក​នៅទីនេះ ខ្ចីលុយ​ថៅកែ​ទិញ Iphone គ្រប់គ្នា។ «ពួកយើង​ជំពាក់​បំណុល​គេ​គ្រប់គ្នា»។ ភា​រី បញ្ជាក់​យ៉ាង​ដូច្នេះ ជាមួយនឹង​សម្តី​លេងសើច​លាយឡំ​ជាមួយនឹង​ក្តីបារម្ភ​តិចតួច។ សម្រាប់ ភា​រី ទិញ​ទូរ​សព្ទ Iphone (ទូរ​សព្ទ​ប្រើ​រួចហើយ) គឺ​ដើម្បី​មើល​ហ្វេ​ស​ប៊ុ​ក មើល Youtube។ល។

នៅក្នុង​ក្រុមហ៊ុន​ឯកជន​មួយទៀត យុវជន ចាន់ណា អាយុ​ជាង២០ឆ្នាំ​មកពី​ខេត្តកំពង់ធំ ហើយ​កំពុង​បម្រើ​ការអោយ​ក្រុមហ៊ុន​មួយ​នៅ​ទីក្រុង​ភ្នំពេញ ក៏​សុខចិត្ត​ខ្ចីបុល​ពី​ថៅកែ​ដើម្បី​ទិញ​ទូរ​សព្ទ Samsung Galaxy S4 ជជុះ​ក្នុងតម្លៃ១៧០ដុល្លារ​ដែរ។ មុននឹង​ទិញ​ទូរ​សព្ទ​នេះ យុវជន ចាន់ណា ធ្លាប់​ស្រមៃ​ចង់បាន​អស់​រយៈពេល​ជាច្រើន​ខែ​មកហើយ។ «ខ្ញុំ​ឃើញ​គេ​ប្រើ​ទូរ​សព្ទ​ទំនើប ខ្ញុំ​ស្រឡាញ់​ណាស់។ ថ្ងៃមួយ​ខ្ញុំ​សម្រេចចិត្ត​ខ្ចីលុយ​ថៅកែ​ខ្ញុំ​ដើម្បី​ទិញ​វា។ ឥឡូវ​ខ្ញុំ​ទិញ​បាន​ហើយ ខ្ញុំ​ស្រឡាញ់​វា​ណាស់។ ខ្ញុំ​លេង​ហ្វេ​ស​ប៊ុ​ក និង​តាមដាន​ព័ត៌មាន»។ នេះ​គឺជា​បញ្ជាក់ប្រាប់​របស់​យុវជន ចាន់ណា។

សព្វថ្ងៃ ចាន់ណា មាន​ទូរ​សព្ទ​ថ្មី​ប្រើប្រាស់​ក្នុង​ដៃ​យ៉ាង​សង្ហារ​មែន។ តែ ចាន់ណា ត្រូវមាន​កាតព្វកិច្ច​ស​ង​បំណុល​ទៅ​ថៅកែ​វិញ​ចំនួន៣០ដុល្លារ​ក្នុង​មួយខែ​ដោយ​ដក​ពី​ប្រាក់ខែ​សរុប​របស់ខ្លួន​ចំនួន៨០ដុល្លារ​ក្នុង​មួយខែ។ ក្រោយពី​ដក​សងបំណុល៣០ដុល្លារ​រួចហើយ ចាន់ណា នៅសល់៥០ដុល្លារ​ដើម្បី​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ។ សម្រាប់ ចាន់ណា ប្រាក់​អស់​មែន តែ ចាន់ណា សប្បាយចិត្ត។ ជា​រៀងរាល់ថ្ងៃ យុវជន ចាន់ណា ចុច​ទូរ​សព្ទ​ស្ទើរ​គ្រប់​ពេលដែល​ពេលខ្លះ ធ្វើអោយ​ថៅកែ​របស់គាត់​មិន​សប្បាយចិត្ត​ទៅវិញ។


ថៅកែ​មួយចំនួន​ដែល​ត្រូវបាន​សម្ភា​ន៍​បាន​ទទួលស្គាល់ថា កម្មករ បុគ្គលិក​មួយចំនួនធំ​នាំគ្នា​ខ្ចីប្រាក់​ដើម្បី​ទិញ​ទូរ​សព្ទ។ ការទិញ​នេះ​ផ្តល់​ផលប្រយោជន៍​ដល់​ក្រុមហ៊ុន​ផង និង​សម្រាប់​បុគ្គលិក​កម្មករ​ខ្លួនឯង​ផង។

ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ប្រជាពលរដ្ឋ​ខ្មែរ​ស្ទើរ​ជាង៥០%មាន​និន្នាការ​ខ្ចីបុល​ពី​ធន​គារ​កាន់តែច្រើន មាន​និន្នាការ​ខ្ចី​ពី​មីក្រូហិរញ្ញវត្ថុ​កាន់តែច្រើន មាន​និន្នាការ​ខ្ចីបុល​ដើម្បី​ទិញ​ទូរ​សព្ទ​កាន់តែច្រើន។

ជាក់ស្តែង យុវជន ជាពិសេស បាន​ខ្ចីបុល​គេ​ផ្លូវការ និង​មិន​ផ្លូវការ​ជាច្រើន​ដើម្បី​ទិញ​ទូរ​សព្ទ​ដៃ Iphone និង​Samsung។ Iphone និង​Samsung មិនមែន​គ្រាន់តែ​ជា​សម្ភារ​សម្រាប់​ប្រើប្រាស់​ទំនាក់ទំនង​គ្នា​ប៉ុណ្ណោះ​ទេ។ តែ Iphone និង​Samsung ត្រូវបាន​គេ​សន្ម​ត់​ថា ជា​វត្ថុ​មានតម្លៃ និង​លើក​តម្លៃ​អ្នកប្រើប្រាស់​ទៅវិញ។ កាន់ Iphone និង​Samsung នៅក្នុង​ដៃ​ធ្វើអោយ​ម្ចាស់​ទូរ​សព្ទ​មាន​មោទនភាព​ខ្លួនឯង និង​ធ្វើអោយ​អ្នក​នៅ​ជុំវិញខ្លួន​កោតសរសើរ៕



© រក្សាសិទ្ធិដោយ thmeythmey.com