ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក កឹម សុខា នឹង​ត្រឡប់មក​កម្ពុជា​វិញ​នៅ​ថ្ងៃទី ២៥ មីនា
24, Mar 2015 , 5:23 pm        
រូបភាព
ដោយ:
 
ភ្នំពេញ៖ អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ​លោក កឹម សុខា នឹង​ត្រឡប់មក​កម្ពុជា​វិញ​នៅ​ថ្ងៃទី ២៥ ខែមីនា​ស្អែក​នេះ បន្ទាប់ពី​ជួប​ជាមួយ​អ្នកគាំទ្រ​របស់ខ្លួន​អស់​ជាច្រើន​ថ្ងៃ​នៅ​អាមេរិក។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ ។


មានសំឡេង



ទោះបីជា​ត្រូវបាន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គំរាម​ចាត់​វិធាន​ផ្លូវច្បាប់​ក៏ដោយ ក៏​លោក កឹម សុខា ត្រឡប់មក​កម្ពុជា​វិញ ដោយ​មិនមាន​ភាព​ភ័​ខ្លាច​នោះឡើយ។ ថ្លែងប្រាប់​សារ ព័ត៌មានថ្មីៗជំនួស​ឲ្យ​លោក កឹម សុខា អ្នក​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ បញ្ជាក់ថា លោក កឹម សុខា មិន​បារម្ភ​ពី​ការចាប់ខ្លួន​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា​នោះទេ។ លោក​ថា លោក កឹម សុខា មិនបាន​ធ្វើ​អ្វី​ខុស​ផង មានរឿង​អ្វី ដែល​ត្រូវ​ខ្លាច​នោះ។

«ការផ្លាស់ប្តូរ​ជា​ពាក្យ​ដែល​អ្នកនយោបាយ​ប្រើ​ជាធម្មតា​នៅក្នុង​ស្រុក​ប្រជាធិបតេយ្យ។ ខ្ញុំ​គិតថា ការ​គំរាម​របស់លោក ហ៊ុន សែន គ្រាន់តែ​ជាការ​ស្រែក​តាម​អ្នកនាំពាក្យ​ខ្លួន​ប៉ុណ្ណោះ» ។ នេះ​ជាការ​បញ្ជាក់​របស់លោក យ៉ែម បុញ្ញឫទ្ធិ ។

ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ីសេរី​កន្លងមក លោក កឹម សុខា បាន​បដិសេធថា លោក​មិនបាន​និយាយ​ពាក្យ​ថា​ផ្ដួលរំលំ​រដ្ឋាភិបាល​នោះទេ ។ « គឺអាច​សម្ដេច​ហ៊ុន សែន លោក​ទទួលបាន​របាយ​ការណ៍​ពី​ណា​មក​ច្រឡំ ឬ​ក៍​ដោយសារ​អ្នកព័ត៌មាន​យកពាក្យ​ពេចន៍​ខ្ញុំ យកទៅ​និយាយ​មិន​ពិត ។ គឺ​ខ្ញុំ​អត់​បាន​ប្រើពាក្យ​ថា​ផ្ដួលរំលំ​រដ្ឋាភិបាល ឬ​គណបក្សកាន់អំណាច​នោះទេ ។ នៅក្នុង​សំឡេង​របស់ខ្ញុំ​និយាយ​នេះ ខ្ញុំ​និយាយ​ជា​សាធារណៈ ខ្ញុំ​អត់​មានប្រើ​ពាក្យ​ផ្ដួលរំលំ​ទេ ។ ខ្ញុំ​បាន​ទាំង​បដិសេធថា គណបក្ស​សង្គ្រោះ​ជាតិ​យើង​នេះ ខ្ញុំ​និង​លោក សម រង្ស៊ី​ដឹកនាំ​នេះ​គឺ​គ្មាន​គោលនយោបាយ​ផ្ដួលរំលំ និង​ប្រើ​អំពើហិង្សា​ទេ »។ នេះ​ជាការ​បញ្ជាក់​របស់លោក កឹម សុខា ។

គួររម្លឹកថា នៅ​ថ្ងៃទី​ទី១៨ ខែមីនា​កន្លងមកនេះ ក្នុង​ពិធី​សម្ពោធ​ផ្លូវ​មួយ​ខ្សែ​នៅ​ខេត្តបន្ទាយមានជ័យ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​ពិនិត្យមើល​ពី​អំណាចច្បាប់ ដើម្បី​ចាត់វិធានការ​ចំពោះ លោក កឹម សុខា ដែល​លោក​អះអាងថា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ​រូបនេះ បាន​ប្រាប់​អ្នកគាំទ្រ​នៅ​អាមេរិក​ថា បាន​បរាជ័យ​ក្នុង​ការរៀប​គម្រោង​ផ្តួលរំលំ​រដ្ឋាភិបាល​នោះ។

ដោយឡែក កាលពី​យប់​ថ្ងៃ១៩ មីនា  ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា​ឆ្ពោះទៅកាន់​ប្រទេស​នៅ​តំបន់​អឺរ៉ុប ។  ដោយ​ដំណើរ​របស់លោក សម រង្ស៊ី ដែលមាន​អមដោយ​ភរិយា​របស់ខ្លួន និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​មួយចំនួន​ទៅកាន់​ប្រទេស​អឺរ៉ុប​ជាពិសេស​ក្នុងប្រទេស​បារាំង​នោះ ធ្វើឡើង​ក្នុង​គោលដៅ ដើម្បី​ជួប​អ្នកគាំទ្រ​ខ្លួន​ពន្យល់​ពី​ស្ថានការណ៍​នយោបាយ​កម្ពុជា​បច្ចុប្បន្ន ៕


© រក្សាសិទ្ធិដោយ thmeythmey.com