អន្តរជាតិ
ក្នុង​មួយជីវិត​ប្រជាជន​អាមេរិកម្នាក់ៗជំពាក់​បំណុល​ធនាគារ​ជា​មធ្យម ២៨ ម៉ឺន​ដុល្លារអាមេរិក
17, Apr 2015 , 11:00 am        
រូបភាព
ដោយ: ថ្មីៗ

ជនជាតិ​អាមេរិកម្នាក់ៗ ត្រូវ​ចំណាយ​លើ​ការប្រាក់​ជា​មធ្យម​ប្រហែល ២៨ ម៉ឺន​ដុល្លារ ក្នុង​មួយជីវិត​របស់​ពួកគេ និង​មានការ​ប្រែប្រួល​ពីរ​ដ្ឋ​មួយ​ទៅ​រដ្ឋ​មួយ ដោយយោង​ទៅតាម​ពិន្ទុ​នៃ​ឥណទាន និង​ទំហំ​នៃ​ប្រាក់កម្ចី​ទិញ​ផ្ទះ​របស់​ពួកគេ។ នេះ​បើ​យោងតាម​កាសែត New York Post ។



ប្រភព​ដែល​បាន​ផ្សាយ​ថា ប្រជាជន​ដែល​រស់នៅក្នុង​សង្កាត់ Columbia រដ្ឋ Washington, D.C.ត្រូវ​ចំណាយ​ការប្រាក់​ច្រើនជាងគេ ក្នុង​មួយជីវិត​របស់​ពួកគេ រហូតដល់​ទៅ ៤៥១ ០០០ ដុល្លារ ដែល​រួមបញ្ចូល​ទាំង កម្ចី​ទិញ​ផ្ទះ​ប្រហែលជា ៤៦២ ០០០ ដុល្លារ​ផ្សេងទៀត​ផងដែរ។

ទិន្នន័យ​ពី​គេហទំព័រ Credit.com របស់​អាមេរិក​បានបង្ហាញ​ថា ប្រជាជន​នៅក្នុង​រដ្ឋ Iowaចំណាយ​ការប្រាក់​តិចជាងគេ​បំផុត ដោយ​ពួកគេ​ត្រូវ​ចំណាយ​តែ ១២៩ ០០០ ដុល្លារ​សម្រាប់​បង់​ទៅលើ​ប្រាក់កម្ចី​នានា ក្នុង​មួយជីវិត​របស់​ពួកគេ។

ពិន្ទុ​នៃ​កាត​ឥណទាន​របស់​ប្រជាជន​អា​មេរ​រិ​ក គឺជា​ផ្នែក​មួយ​យ៉ាងសំខាន់ សម្រាប់​ធនាគារ​ក្នុងការ​ស​ម្រេ​ចិត្ត​ថា​ត្រូវ​ផ្ដល់​ប្រាក់កម្ចី​ចំនួន​ប៉ុន្មាន និង​ត្រូវ​បង់​អត្រា​ការប្រាក់​ប៉ុន្មាន​នោះ ប៉ុន្តែ​ពួកគេ​ត្រូវ​បង់​ការប្រាក់​កាន់តែច្រើន​ប្រសិនបើ​ពួកគេ​ចង់បាន​ប្រាក់កម្ចី​ទិញ​ផ្ទះធំៗ ៕


© រក្សាសិទ្ធិដោយ thmeythmey.com