ជាតិ
សង្គមជាតិ
ស្ពាន​អ្នក​លឿង​ស្ថិត​ក្នុង​ចន្លោះ​លេខ​ ៣០ ដល់​ ៤០ ​បើប្រៀប​នឹង​ស្ពាន​លើលោក
06, Apr 2015 , 9:52 am        
រូបភាព
ដោយ: ថ្មីៗ
 នៅ​ថ្ងៃនេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន  បាន​ចូលរួម​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ស្ពាន​អ្នក​លឿង ឬ​ស្ពាន ត្សឹ​បា​សា (Tsubasa) ជា​ផ្លូវការ។ ស្ពាន​នេះ​កសាងឡើង ក្រោម​ជំនួយឥតសំណង​របស់​រដ្ឋាភិបាល​ជប៉ុន​ដែល​ចំណាយ​ទឹកប្រាក់​សរុប​ចំនួន ៩៥ លាន​ដុល្លារ​អាមេរិក។ ​ក្រុម​វិស្វករ​ បាន​វាយ​តម្លៃថា ស្ពាននេះ​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​ចន្លោះ​ពីលេខ ​៣០​ ដល់លេខ ៤០ នៅ​លើ​ពិភព​លោក​ ជាស្ពានដែលវែង​និង​ល្អ​ជាង​គេ​ ។  

     

តំណាង​ក្រុមវិស្វករ​ជប៉ុន​ លោក Abe Yoshinori បានអះអាង​ថា ស្ពាន​អ្នក​លឿង​នេះ ជា​ស្ពាន​ដែលល្អ​ ​និងវែង​​ស្ថិតនៅក្នុង​លំដាប់ថ្នាក់​លេខ ៣០ ដល់ ៤០ បើ​ប្រៀបធៀប​ជាមួយ​ស្ពាន​នៅលើ​ពិភពលោក។ ហើយ​វា​ក៏​ជា​ស្ពាន​ខ្សែកាព ដែលមាន​ប្រវែង​វែង​បំផុត ដូច​នៅ​ប្រទេស​ជប៉ុន​ផងដែរ ។

បើតាមលោក Abe Yoshinori ស្ពាន​នេះ នឹង​ប្រើប្រាស់​រយៈពេល ១០០ ឆ្នាំ​ដោយ​មិនមាន​ការជួសជុល ហើយ​រថយន្ត​ដឹកជញ្ជូន​ដែល​អាច​ឆ្លងកាត់​ស្ពាន​នេះ​បាន​មិន​ឲ្យ​លើសពី ២៥ តោន​នោះឡើយ។ «តែ​នេះ​មិនមែន​មានន័យថា ស្ពាន​ថា ស្ពាន​នេះ​មិនអាច​ទ្រ​ទំងន់​លើសពី ២៥ តោន​នោះទេ គឺអាច​ទ្រ​បាន តែ​ដើម្បី​កុំ​ឲ្យ​រថយន្ត​ដឹក​ធ្ងន់​ឆ្លងកាត់​ស្ពាន​នេះ យើង​ត្រូវ​កំណត់​មិន​ឲ្យ​លើស ២៥ តោន» ។ នេះ​ជាការ​បញ្ជាក់​របស់​អ្នកជំនាញ​ខាងលើ។

លោកតំណាង​វិស្វករ​ជប៉ុន​បន្ថែមថា​  បន្ទាប់ពី​ស្ពាន​នេះ ដាក់​ឲ្យ​ដំណើរការ ខាង​ភាគី​ជប៉ុន​នឹង​ធានា​មើល​ការខុសត្រូវ​រយៈពេល ១ ឆ្នាំ ក្រោយមក​នឹង​ប្រគល់ជូន​រដ្ឋាភិបាល​មើល​ការខុសត្រូវ​វិញ។   

  
សូមបញ្ជាក់ថា ​ស្ពាន​អ្នក​លឿង ត​ភ្ជាប់​ស្រុក​ពីរ ស្ថិតនៅត្រើយម្ខាងៗនៃ​ទន្លេមេគង្គ​ក្រោម គឺ​ស្រុក​លើកដែក​ខេត្តកណ្ដាល និង​ស្រុក​ពាមរ​ខេត្តព្រៃវែង។ស្ពាន​អ្នក​លឿង​នេះ ចាប់ផ្តើម​សាងសង់​នៅ ថ្ងៃទី ៧ ខែធ្នូ ឆ្នាំ២០១០ មាន​បណ្តោយ ៥,៤ គីឡូម៉ែត្រ និង​ទទឹង​ជាង ១៣ ម៉ែត្រ បែងចែក ៥ ផ្នែកធំៗហើយ​មាន​សរសរ​ចំនួន ៣៥ ។ ស្ពាន​នេះ កសាងឡើង​ក្រោម​ជំនួយឥតសំណង​ពី​រដ្ឋាភិបាល​ជប៉ុន ដែល​ចំណាយ​ទឹកប្រាក់​សរុប​ចំនួន ៩៥ លាន​ដុល្លារ​អាមេរិក។ អ្នក​ស្ថាបនា​ស្ពាន​នេះ មាន​អ្នកគ្រប់គ្រង​ជប៉ុន​ចំនួន ៩ នាក់ បុគ្គលិក​ប្រទេស​ទី៣ ចំនួន២៥ នាក់ បុគ្គលិក​កម្ពុជា​ចំនួន ៥៧ នាក់ និង​កម្មករ​កម្ពុជា ចំនួន ៦៤៧ នាក់៕  

© រក្សាសិទ្ធិដោយ thmeythmey.com