ជាតិ
អាជ្ញាធរ​អប្សរា​ធ្វើ​បទ​បង្ហាញ​ស្តីពី​បច្ចេកវិទ្យា​LIDAR នៅ​តំបន់​រមណីយដ្ឋាន​អង្គរ
06, Apr 2015 , 9:15 am        
រូបភាព

សៀមរាប៖ ដើម្បី​ឲ្យ​ដឹង​ពី​អត្ថប្រយោជន៍​របស់​ប្រព័ន្ធ​បច្ចេកវិទ្យា​LIDAR អាជ្ញាធរ​អប្សរា ដែល​យក​បច្ចេកវិទ្យា​នេះ​មក​ប្រើ​តាំងពី​ឆ្នាំ២០១២មក បានរៀបចំ​បទ​បង្ហាញ​មួយ​ស្តីពី​ការសិក្សា​ស្រាវជ្រាវ​ថ្មី នៅ​ព្រះរាជាណាចក្រ​កម្ពុជា តាមរយៈ​បច្ចេកវិទ្យា LIDAR។ អ្នកចូលរួម​មាន​បុគ្គលិក មន្ត្រី​ពាក់ព័ន្ធ មគ្គុទ្ទេសក៍ និស្សិត និង​ក្រុម​អ្នកសារព័ត៌មាន​ជាដើម។



សិក្ខាកាម​ប្រមាណ២០០នាក់ បាន​ចូលរួម​ក្នុង​បទ​បង្ហាញ​ពី ការសិក្សា​ស្រាវជ្រាវ​ថ្មី​របស់​ប្រព័ន្ធ​បច្ចេកវិទ្យា​LIDAR។ យោងតាម​ឯកសារ​បញ្ជាក់ថា នៅ​ខែមេសា ឆ្នាំ២០១២ LIDAR ត្រូវបាន​ប្រើប្រាស់​នៅលើ​ផ្ទៃដី​ប្រមាណ ៣០០គីឡូម៉ែត្រ​ការេ ដើម្បី​ឆ្លុះ​មើល​ផ្នែក​កណ្តាល​នៃ​ឧទ្យាន​អង្គរ កោះកែរ និង​ភ្នំ​គូលែន ក្នុង​គោលបំណង​ទទួលបាន​រូបភាព​ច្បាស់​សុក្រឹត និង​មាន​ទំហំ​ពិតប្រាកដ។

ជាទូទៅ LIDAR ត្រូវបាន​ប្រើ​បង្កើតឡើង​ដំបូង​សម្រាប់​យកទៅ​ធ្វើជា​មធ្យោបាយ​ស្រាវជ្រាវ​អំពី​ព្រៃឈើ ការប្រើប្រាស់​ដីធ្លី ធនធាន​រ៉ែ និង​ធនធានទឹក​ជាដើម។ នៅ​ឆ្នាំ២០១២ មាន​ស្ថាប័ន​ស្រាវជ្រាវ​ជាតិ និង​អន្តរជាតិ​ចំនួន៨ បាន​ចូលរួម​សហប្រតិបត្តិការ មិន​ធ្លាប់​មាននៅ​អង្គរ និង​មាន​តំណាង​ប្រទេស​ចំនួន៧ បាន​ចូល​ថវិកា ដើម្បី​នាំ​បច្ចេកវិទ្យា LIDAR មកប្រើប្រាស់។

ជាធម្មតា​នៅ​តំបន់​អង្គរ មិន​អនុញ្ញាត​ឲ្យ​យន្តហោះ​ហោះហើរ​ទេ តែ​គម្រោង​LIDAR ត្រូវបាន​អនុញ្ញាត​ជាពិសេស ដើម្បី​អាច​ថត​យក​រូបភាព​ពី​ខាងលើ​តំបន់​មួយ​នេះ។ ជា​លទ្ធផល ដែល​ទទួលបាន​ហួស​ពី​ការ​ស្មាន រួមមាន ការដឹង​ពី​ការហូរ​ច្រោះ​ដី​យ៉ាងខ្លាំង​នៅ​សម័យអង្គរ ការពង្រីក​ក្រុង​នៅ​ជុំវិញ​អង្គរវត្ត រចនាសម្ព័ន្ធ​ព្រមទាំង​ទំនប់ទឹក​ជាច្រើន​នៅ​រមណីយដ្ឋាន​ភ្នំ​គូលែន ការរៀបចំ​ដី​កសិកម្ម និង​វិស្វកម្ម​ស្របទៅតាម​ស្ថានភាព​ដី​នៅ​កោះកែរ។

គួរ​បញ្ជាក់ថា បទ​បង្ហាញ​នេះ​ធ្វើឡើង​នៅ​ថ្ងៃទី៦ ខែមេសា ដែល​រៀបចំឡើង​នៅ​ស្នាក់ការ​អាជ្ញាធរ​អប្សរា៕






© រក្សាសិទ្ធិដោយ thmeythmey.com