ខ្មែរ​ក្រហម
ជាតិ
សាលាក្តី​ខ្មែរក្រហម​ទុកពេល​ឲ្យ​ភាគី​ពាក់ព័ន្ធ​ពិនិត្យ​ឯកសារ​លើ​សំណុំរឿង០០៣ និង០០៤
07, Apr 2015 , 10:47 am        
រូបភាព
ដោយ:
ភ្នំពេញ៖ អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (អ.វ.ត.ក) បានផ្អាក​សវនាការ​លើ​សំណុំរឿង ០០២ រយៈពេល​ជាង២សប្តាហ៍ ពោលគឺ​ចាប់​ថ្ងៃ​ទី៦ មេសា​ រហូតដល់​ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៥ ដើម្បី​ទុកពេល​វេលា​ឲ្យ​ដើម​បណ្តឹងរដ្ឋប្បវេណី និង​ភាគី​ពាក់ព័ន្ធពិនិត្យមើល​​ឯកសារ​​ពាក់ព័ន្ធ​ជាង ៣ពាន់​ទំព័រ​ដែល​បាន​ដកស្រង់ចេញពី​សំណុំរឿង ០០៣ និង០០៤ ។



អង្គជំនុំជម្រះ​សាលាក្តី​ខ្មែរ បានសម្រេច​ផ្អាក​សវន​ការ​សំណុំរឿង ០០២ ចាប់ពី​ថ្ងៃទី៦នេះហើយ​នឹង​បន្ត​បើក​សវន​ការ​វិញ​នៅ​ថ្ងៃទី២១ ខែមេសា។

អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម លោក នេត្រ ភក្ត្រា បាន​​ឲ្យ​ដឹងថា សហ​ព្រះរាជអាជ្ញា​បានសម្រេច​យក​ឯកសារ​ពាក់ព័ន្ធ​ជាង ៣ពាន់​ទំព័រ​ក្នុង​សំណុំរឿង ០០៣ និង០០៤ ដូចនេះ អង្គជំនុំជម្រះ​ទុកពេល​ឲ្យ​ដើម​បណ្តឹងរដ្ឋប្បវេណី សហ​ចៅក្រម និង​សហ​ព្រះរាជអាជ្ញា​ទាំង​ជាតិ និង​អន្តរជាតិ​ត្រួតពិនិត្យ​ឯកសារ​ទាំងនោះ ​មុន​នឹង​បន្ត​នីតិវីធីស​វ​ន​ការ។

លោក​ថា៖«សហ​ព្រះរាជអាជ្ញា​បាន​សម្រេចយក​ឯកសារ​ពាក់ព័ន្ធ​ក្នុង​សំណុំរឿង០០៣ និង០០៤ ជាង ៣ពាន់​ទំព័រ មក​ត្រួតពិនិត្យ។ ដូច្នេះ​អង្គជំនុំជម្រះ​ក៏បាន​សម្រេច​ទុកពេល​ឲ្យ ភាគី​ពាក់ព័ន្ធ ព្រមទាំង​ដើមបណ្តឹង​រដ្ឋប្បវេណី​ពិនិត្យ និង​ពិភាក្សា​មុននឹង​បន្ត​សវន​ការ»។

គួររម្លឹកថា កាលពី​ថ្ងៃទី ២៦ខែកុម្ភៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​បាន​រិះគន់​សាលាក្តី​ខ្មែរក្រហម ករណី​ពង្រីក​វិសាលភាព​ក្នុងការ​កាត់ទោស​ក្នុង​សំណុំរឿង០០៣ និង០០៤ ថា នឹង​អាចធ្វើ​ឲ្យ​អតីតមន្ត្រី​ក្នុងសម័យ​ខ្មែរក្រហម​មានការ​ភ័យខ្លាច​ហើយ​អាច​រត់​ចូល​ព្រៃ​នាំ​ឲ្យ​មាន​សង្គ្រាមស៊ីវិល​ជាថ្មីទៀត។

ប៉ុន្តែ​​ អ្នកនាំពាក្យ​សាលាក្តី​ខ្មែរ​បាន​បញ្ជាក់ថា ការសម្រេច​ដកស្រង់​ឯកសារ ពី​សំណុំរឿង ០០៣ និង០០៤ មក​ពិនិត្យ​នោះ គឺ​មិន​ប៉ះពាល់​​​ដល់​ដំ​ណើ​ស៊ើ​ប​ក្តី​​នោះ​ទេ ពោលគឺ ជន​ត្រូវ​ចោទ​ ​អ៊ឹម ចែម និង មាស ​មុត ដែល​អតីត​មេដឹកនាំ​ខ្មែរក្រហម​ត្រូវ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​ដោយ​កំបាំងមុខ​ដដែល។ លោក​ថា៖«សហ​ព្រះរាជអាជ្ញា​សម្រេច​ដកស្រង់​ឯកសារ​មក​ពិនិត្យ​ជាង ៣ពាន់​ទំព័រ​នោះ គឺជា​ឯកសារ​ដែល​ពាក់ព័ន្ធ​នឹង​សំណុំ​បទឧក្រិដ្ឋ​ក្នុង​សហករណ៍​ត្រាំកក់​មន្ទីរ​សន្តិសុខ ស-២១ និង​មន្ទីរ​សន្តិសុខ​ក្រាំង​តា​ចាន់។ ហើយ​សំណុំរឿង ០០៣ និង០០៤ នៅតែ​ដាក់​ឲ្យ​ស្ថិតក្រោម​​ការអ​ង្កេតដូចធម្មតា​»។

កាលពី​ដើមខែ​មិនា ​អតីត​មេដឹកនាំ​កម្ពុជា​ប្រជាធិបតេយ្យ​ពីររូប​ត្រូវបាន​ចៅក្រម​អន្តរជាតិ​នៃ​សាលាក្តី​ខ្មែរក្រហម​ដាក់ឱ្យ​នៅក្រោម​ការត្រួតពិនិត្យ​ដោយ​កំបាំងមុខ​ក្នុង​សំណុំរឿង ០០៣ និង ០០៤ ស្របពេលដែល​ភាគី​ចៅក្រម​ជាតិ​បន្ត​ប្រកាន់​គោលជំហរ​នៅ​ស្ងាត់ស្ងៀម។

លោកស្រី អ៊ឹម ចែម ដែលជា​អតីត​ចៅហ្វាយស្រុក​ព្រះ​នេ​ត​ព្រះ និង​លោក មាស មុត​អតីត​មេ​ទា​ហ៊ាន​ជើង​ទឹក បាន​រង​ការចោទប្រកាន់​ពីបទ​មនុស្សឃាត​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ និង ឧក្រិដ្ឋកម្ម​សង្គ្រាម។

ជនជាប់ចោទ​ទាំងពីរ​គឺជា​មនុស្ស​ពីរ​នាក់​ក្នុងចំណោម​ជនជាប់ចោទ​ទាំង​ប្រាំ​ក្នុង​សំណុំរឿង ០០៣ និង ០០៤។ ចៅក្រម​អន្តរជាតិ​រកឃើញថា លោក មាស មុត​ ក្នុង​អំណាច​របស់លោក បាន​ជាប់​ពាក់​ព័​ន្ធឹ​នឹង​ការធ្វើឃាត​មនុស្ស​ការសម្លាប់​រង្គាល និង​ការ​ធ្វើទុក្ខបុកម្នេញ​ ដោយសារ​មូលហេតុ​នយោបាយ ​និង​ពូជសាសន៍​ជាដើម។ ដោយឡែក លោកស្រី អ៊ឹម ចែម​ ក៏​ត្រូវបាន​ចៅក្រម​អន្តរជាតិ​បាន​រកឃើញថា​ បានជា​ប់​ពាក់ព័ន្ធ​នឹង​ការសម្លាប់​មនុស្ស នៅ​មន្ទីរ​សន្តិសុខ​ភ្នំ​ទ្រ​យោង​ និង​ការដ្ឋាន​ស្ពាន​ស្រែង ដោយបាន​ធ្វើឃាត​មនុស្ស​ និង​បង្ខំ​មនុស្ស ​ឱ្យធ្វើជា​​ទាស​ករ​ជា​ដើម៕


© រក្សាសិទ្ធិដោយ thmeythmey.com