ជាតិ
បទវិភាគ
ហេតុអ្វី​យុវជន​ខ្មែរ​បច្ចុប្បន្ន​មិនសូវ​លេងល្បែង​ប្រជាប្រិយ​នៅ​ថ្ងៃ​ចូលឆ្នាំ?
16, Apr 2017 , 4:59 pm         17324
រូបភាព
ភ្នំពេញ៖ ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ទម្លាប់​លេងល្បែង​ប្រជាប្រិយ ឬ​ការកម្សាន្ត​បែប​ប្រពៃណី​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី នៅតាម​ស្រុកភូមិ​នានា​មានការ​ថយចុះ​បន្តិចម្តងៗ ។ គេ​សង្កេតឃើញ មានតែ​ការរៀបចំ​កម្មវិធី​កម្សាន្ត​នៅតាម​តំបន់​មួយចំនួន និង​នៅក្នុង​ព្រឹត្តិការណ៍ធំៗខ្លះ​តែប៉ុណ្ណោះ។ បញ្ហា​នេះ​គឺ​ដោយសារតែ​មូលហេតុ​មួយចំនួន​ដូចជា ការចូល​ចិត្ត​ទទួលទាន​គ្រឿង​ស្រវឹង​រាល់ពេល​ជួបជុំ ភាព​រីកចម្រើន​ផ្នែក​បច្ចេកវិទ្យា បញ្ហា​អសន្តិសុខ​នៅក្នុង​សហគមន៍ វត្តមាន​គ្រឿងញៀន​នៅ​ទីជនបទ ការប្រកាន់​វណ្ណៈ និង​ភាព​នឿយហត់​នឹង​ការបំពេញ​កិច្ចការងារ​ប្រចាំថ្ងៃ។ កត្តា​ទាំងនេះ​បានធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ភាគច្រើន​ភ្លេច​ការកម្សាន្ត ឬ​លេងល្បែង​ប្រជាប្រិយ​នៅ​ថ្ងៃបុណ្យ​ចូលឆ្នាំ​ប្រពៃណី​របស់ខ្លួន។


កាលពីមុន នៅពេលដែល​មិនទាន់មាន​វត្ត​នាម​ទូរ​សព្ទ​ដៃ​ស្មា​ត​ហ្វូ​នទំនើបៗ  មិនទាន់មាន​វត្តមាន​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក យុវជន​ភាគច្រើន​ខិតខំ​ប្រមូល​ផ្តុំគ្នា​បង្កើត​កម្មវិធី​កម្សាន្ត​បែប​ប្រពៃណី និង​លេងល្បែង​ប្រជាប្រិយ​នៅ​ថ្ងៃ​ចូលឆ្នាំ។ យុវជន ដែល​ខំ​ឆ្លៀតពេល​ទៅ​ចូលរួម​នៅក្នុង​កម្មវិធី​កម្សាន្ត ឬ​លេងល្បែង​ប្រជាប្រិយ​ខ្លះ គឺ​ដើម្បី​ចង់​សប្បាយ និង​លួច​គយគន់នារីៗនៅក្នុង​ភូមិ។ ពេលខ្លះ​ឱកាស​នេះ ជា​វេលា​ដែល​គូរ​ស្នេហ៍​មួយចំនួន​អាច​ណាត់​ជួបគ្នា​បាន។ ជាងនេះទៅទៀត ក៏​ជា​ពេលដែល​ពលរដ្ឋ​មួយចំនួន​អាច​ជួបជុំ​មិត្តភក្តិ​ជិត​ឆ្ងាយ ឬ​ញាតិមិត្ត​បងប្អូន ដែល​បាន​បែក​គ្នា​អស់​រយៈពេល​ជា​យូរ​មកហើយ​ផងដែរ។

បើ​ងា​កមក​មើល​ពេល​បច្ចុប្បន្ននេះ​វិញ មិន​ថា​ពេល​ធម្មតា ឬ​អំឡុង​ថ្ងៃ​ចូលឆ្នាំថ្មី​នោះទេ យុវជន យុវតី​ភាគច្រើន ចូលចិត្ត​នៅ​សម្ងំ​ក្នុងផ្ទះ លេង​ហ្វេ​ស​ប៊ុ​ក​ជាមួយ​មិត្តភក្តិ ឬ​និយាយ​ទូរ​សព្ទ​ជាមួយ​គូសង្សារ ជាជាង​ការជួប​ជុំគ្នា​លេងល្បែង​ប្រពៃណី។  នេះ​មានន័យថា​បច្ចេកវិទ្យា​ទំនើប​កំពុង​សណ្តំ​ចិត្ត​យុវជន​ឲ្យ​ភ្លេច​ការ​សម្សា​ន្ត​បែប​ប្រពៃណី ឬ​ការលេង​ល្បែង​ប្រជាប្រិយ​នៅ​ថ្ងៃ​ចូលឆ្នាំ។

បើ​គេ​និយាយ​ពី​បញ្ហា​ស្ថិរភាព និង​សន្តិសុខ​នៅក្នុង​សង្គម​វិញ មាន​ពលរដ្ឋ​នៅក្នុង​សហគមន៍​មួយចំនួន កុំថាឡើយ​ការលេង​ល្បែង​ប្រជាប្រិយ​កម្សាន្ត​នៅ​ថ្ងៃ​ចូលឆ្នាំ សូម្បីតែ​នៅ​ថ្ងៃ​ធម្មតា ពួកគេ​មិន​ហ៊ាន​ចេញ​ក្រៅ​ផ្ទះ​នៅពេល​យប់​ផង ពី​ព្រោះតែ​នៅក្នុង​តំបន់​ដែល​ពួកគេ​រស់នៅ​សម្បូរ​ក្មេង​ទំនើង ក្មេង​ញៀន​ថ្នាំ និង​អំពើចោរកម្ម​ជាដើម។ ភាពអសន្តិសុខ​នៅក្នុង​តំបន់ បានធ្វើ​ឲ្យ​ពលរដ្ឋ​មួយចំនួន​ខ្លាចរអា មិ​ង​ហ៊ាន​នាំគ្នា​លេងល្បែង​ប្រជា​ប្រិ​នៅ​ថ្ងៃបុណ្យ​ចូលឆ្នាំ។

ជាមួយគ្នានេះ វត្តមាន​គ្រឿងញៀន​នៅ​ទីជនបទ ក៏​កំពុង​ជះឥទ្ធិពល​អាក្រក់​ដល់​ការកម្សាន្ត​នៅ​ថ្ងៃ​ចូលឆ្នាំ​ផងដែរ។ នៅពេលដែល​គ្រឿងញៀន​ធ្លាក់​ទៅដល់​ដៃ​យុវជន​នៅ​ស្រុកស្រែ​ចម្ការ​ហើយ​នោះ ពួកគេ​មួយចំនួន​បាន​ក្លាយជា​ក្មេង​ទំនើង ជា​ចោរ និង​បាន​បង្ក​ភាពអនាធិបតេយ្យផ្សេងៗ នៅក្នុង​ភូមិ។ ជាក់ស្តែង​គេ​តែង​សង្កេតឃើញ​មាន​អំពើហិង្សារ​កើតឡើង​រៀងរាល់ឆ្នាំ នៅពេល​មានកម្ម​វិធី​កម្សាន្ត​នៅតាម​ស្រុកភូមិ​មួយចំនួន ដែល​បង្កឡើង​ដោយ​ឥទ្ធិពល​នៃ​គ្រឿងញៀន និង​គ្រឿង​ស្រវឹង។

ចំ​ណែ​ឯ​គម្លាត​រវាង​អ្នកមាន និង​អ្នកក្រ ក៏បាន​ចោទ​ជា​បញ្ហា​ដល់​ការកម្សាន្ត​នៅ​ថ្ងៃ​ចូលឆ្នាំ​ផងដែរ។ អ​ណា​ព្យាបាល​អ្នកមាន​មួយចំនួន មិន​អនុញ្ញាត​ឲ្យ​កូន​របស់​ពួកគេ​មក​កម្សាន្ត ឬ​លេងល្បែង​ប្រជាប្រិយ ជាមួយ​អ្នក​ដែលមាន​ជីវភាព​ទាប​ជាង​ខ្លួន​នោះទេ ព្រោះ​ពួកគេ​យល់ថា​គ្មាន​ប្រយោជន៍ និង​អា​ប៉ះពាល់​ដល់​កិត្តិយស​របស់​ពួកគេ។ លើសពីនេះ​ទៀត យុវជន ឬ​យុវនារី មួយចំនួន ដែលជា​កូន​អ្នក​សម្បូរ​ទ្រព្យធន មាន​សម្រស់​ស្អាត ពួកគេ​ប្រកាន់ខ្លួន មិនសូវ​រាក់ទាក់ ឬ​ចូលរួម​នៅក្នុង​កម្មវិធី​កម្សាន្ត​ប្រចាំ​ភូមិ       របស់​ពួកគេ​ឡើយ។

ដោយឡែក​យុវជន យុវនារី មួយចំនួន​ផ្សេងទៀត​ពួកគេ​ក៏​ចង់​កម្សាន្ត ឬ​នាំគ្នា​លេងល្បែង​ប្រជាប្រិយ​នៅ​ថ្ងៃ​ចូលឆ្នាំ​ផងដែរ ប៉ុន្តែ​ដោយសារតែ​ពួកគេ​នឿយហត់​នឹង​ការងារ​ប្រចាំថ្ងៃ​ខ្លាំងពេក ដូច្នេះ​ពួកគេ​បាន​បំភ្លេច​ការ​សម្សា​ន្ត​នេះ​ចោល​ទៅវិញ។

ទាក់ទិន​នឹង​បញ្ហា​ខាងលើនេះ អាជ្ញាធរ​នៅតាម​មូលដ្ឋាន​របស់ខ្លួន​គួរ​ចាត់វិធានការ​ទប់ស្កាត់ និង​ពង្រឹង​ការយកចិត្តទុកដាក់​ឲ្យ​បាន​ខ្លាំងក្លា​ជាង​មុន។ ហើយ​ម្យ៉ាងវិញទៀត ចៅហ្វាយស្រុក ឬ​មេភូមិ គួរ យកចិត្តទុកដាក់​រៀប​ចំ​ឲ្យ​មាន​កម្មវិធី​កម្សាន្ត និង​ការលេង​ល្បែង​ប្រជាប្រិយ​នៅ​ថ្ងៃបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ឲ្យ​បាន​ផុសផុល​ជាងពេលមុនៗផងដែរ៕




© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានចម្រុះ
prev12345...4041next