អន្តរជាតិ
ស្វែងយល់​ពី​បុណ្យចូលឆ្នាំ​ប្រពៃណី​ឡាវ Bun Pi Mai
14, Apr 2015 , 8:30 am        
រូបភាព
ដោយ: ថ្មីៗ

ដូច​កម្ពុជា មី​យ៉ាន់​ម៉ា និង​ថៃ ដែរ ប្រទេស​ឡាវ​នឹង​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ​នៅ​សប្តាហ៍​ក្រោយ​ក្នុង​រយៈពេល​បី​ថ្ងៃ ។ ពិធីបុណ្យ​ចូលឆ្នាំ​នេះ​មាន​លក្ខណៈ​ប្រហាក់ប្រហែលគ្នា​នឹង​ថ្ងៃ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​យើង​ដែរ ដូច​ប្រជាជន​ឡាវ​នាំគ្នា​សែនព្រេន ទៅ​វត្ត ស្រង់​ព្រះ ធ្វើបុណ្យ​ដាក់​បាត្រ​ជាដើម។



ពិធីបុណ្យ​ចូលឆ្នាំ​នៅក្នុង​ប្រទេស​ឡាវ ត្រូវបាន​គេ​ហៅថា Bun Pi Mai តែ​ពិធីបុណ្យ​នេះ​គឺមាន​លក្ខណៈ​ប្រហាក់ប្រហែល​ទៅនឹង​ពិធីបុណ្យ​ចូលឆ្នាំ​ស​ង្ក្រា​ន​នៅក្នុង​ប្រទេស​ថៃ​ផងដែរ។ ថ្ងៃបុណ្យ​ចូលឆ្នាំ​នេះ ជា​ថ្ងៃ​ឈប់សម្រាក​របស់​ប្រជាជន​ឡាវ​ទូទាំងប្រទេស ហើយ​វា​ក៏​ជា​ពេលវេលា​ដែល​ប្រជាជន​ឡាវ​ជួបជុំ​ក្រុមគ្រួសារ ញាតិមិត្ត​ជិត​ឆ្ងាយ​ដើម្បី​ប្រារព្ធ​ពី​ធី​បុណ្យ​នេះ។

Bun Pi Mai គឺ​តែង​ត្រូវបាន​គេ​ប្រារព្ធ​ឡើង​ក្នុង​រយៈពេល​បី​ថ្ងៃ ក្នុងអំឡុងពេល​ប្រារព្ធ​ពិធីបុណ្យ​នេះដែរ​ប្រជាជន​ឡាវ​តែងតែ​ជឿជាក់ថា​វិញ្ញាណ​ចាស់​នឹង​ចាកចេញ​ហើយ​ព្រលឹង​ថ្មី​ចួ​លម​ក​ជំនួស។ដូច្នេះហើយ​ទើប​ប្រជាជន​ឡាវ​នាំគ្នា​លាង​សម្អាត​ព្រះ​ពុទ្ធរូប​នៅក្នុង​វិហារ តាម​ទីវ​ត្ត​អា​រ៉ា​ម ហើយ​គេ​នាំគ្នា​យក​បាច់ផ្កា ឬ​កម្រងផ្កា​ម្លឹះ​ជាដើម​នោះ​ដើម្បី​ដាក់ថ្វាយ​ព្រះ​ផងដែរ។

ចំណែក​ក្នុងពេល​ប្រារព្ធ​ពី​ធី​បុណ្យ​នេះ ប្រជាជន​ឡាវ​បាន​ឈប់សម្រាក​ពី​ការងារ ហើយ​ភាគច្រើន​ពួកគេ​ធ្វើដំណើរ​ទៅ​ជួបជុំ​គ្រួសារ និង​មាន​ពិធីជប់លាង​ជាមួយ​ក្រុមគ្រួសារ​ជាដើម​ផង។ មិន​ខុស​អ្វី​ពី​ប្រទេស​ថៃ​ផងដែរ ក្នុង​ចន្លោះ​ពី​ធី​បុណ្យ​ចួ​ល​ឆ្នាំនេះ គេ​សង្កេតឃើញ​មាន​ការបាញ់ទឹក ជះ​ទឹក​ដាក់គ្នា​ជាពិសេស​ក្រុម​យុវវ័យ​ផង នៅតាម​ដងផ្លូវ​នោះ។

ពី​ដើមឡើយ ការលេង​ជះ​ទឹក​នេះ​មិនមែន​ដូច​នៅក្នុង​ប្រទេស​ថៃ​ឡើយ ព្រោះ​ការលេង​ជះ​ទឹក​នេះ​ធ្វើឡើង​ក្នុងចំណោម​បងប្អូន​មិត្តភក្តិ​ប៉ុណ្ណោះ។  ហើយ​ការលេង​ជះ​ទឹក​ដាក់គ្នា​នេះ​ជា​បុណ្យប្រពៃណី​ជាតិ​របស់​ឡាវ​តាំងបី​បុរាណ​មកម្ល៉េះ។ មុន​ចាក់ទឹក​លើ​នរណាម្នាក់ គេ​ត្រូវ​បួងសួង​សុំ​ពរជ័យ​ពី​ទេវតា​ឆ្នាំ​ថ្មី​សិន ហើយ​ក្រោយ​បួងសួង​ហើយ​ទើប​គេ​ចាក់ទឹក។  ប៉ុន្តែ​ក្រោយមក​ការលេង​ជះ​ទឹក​នេះ​ត្រូវបាន​គេ​យកមក​លេង​កម្សាន្ត​ជាមួយ​អ្នក​ទេសចរណ៍ និង​មនុស្ស​រាល់គ្នា​ដែល​ទៅលេង​នៅ​ឡាវ ដោយ​មិន​ប្រកាន់​ថា​ជា​មិត្ត បងប្អូន​ឡើយ។

ក្នុងអំឡុងពេល​ចូលឆ្នាំ​នេះ អ្នកទេសចរ​បរទេស​ច្រើន​អញ្ជើញ​ទៅ​ទស្សនា​នៅក្នុង​ប្រទេស​ឡាវ ហើយ​អ្នកទេសចរ​ភាគច្រើន​ចូលរួម​លេង​កម្សាន្ត​យ៉ាង​រីករាយ​ក្នុង​ពិធីបុណ្យ​នេះ។ បើសិនជា​លោកអ្នក​ចង់ទៅ​ទស្សនា​ប្រទេស​ឡាវ​ក្នុងពេល​ចូលឆ្នាំ ត្រូវ​ប្រាកដថា​លោកអ្នក​បាន​កក់​កន្លែង​ស្នាក់នៅ សំបុត្រ​យន្តហោះ ជាមុន។ ហើយ​ម្យ៉ាង​ពេល​ដើរ​កំសាន្ត​ត្រូវ​រក្សាទុក​លិខិតឆ្លងដែន សម្ភារៈ​អេឡិចត្រូនិក​នានា​អោយបាន​ស្រួលបួល​ក្រែង​ខូចខាត​ដោយសារ​ការលេង​ជះ​ទឹក៕


© រក្សាសិទ្ធិដោយ thmeythmey.com