ជាតិ
លោក ហ៊ុន សែន រីករាយ​សមិទ្ធផល​ឆ្នាំ​ចាស់ ហើយ​សន្យា​បន្ត​អភិវឌ្ឍន៍​ក្នុង​ឆ្នាំ​ថ្មី
13, Apr 2015 , 3:38 pm        
រូបភាព
  លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ផ្ញើ​សារ​មួយ​ជូន​ដល់​ជនរួមជាតិ​ទាំងអស់ នៅក្នុង​ឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណីជាតិ ឆ្នាំមមែ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី១១-១២ និង១៣រោជ ខែចេត្រ ត្រូវ​នឹង​ថ្ងៃទី១៤-១៥-១៦ ខែមេសា។


នៅក្នុង​សារលិខិត​ចំនួន៤ទំព័រ​នោះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើងថា ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណីជាតិ ឆ្នាំមមែ​នេះ បាន​ប្រព្រឹត្ត​ទៅក្នុង​បរិការណ៍​ដែល​កម្ពុជា កំពុង​រក្សាបាន​នូវ​ស្ថេរភាព​នយោបាយ មាន​សុខសន្តិភាព និង​សណ្តាប់ធ្នាប់​សាធារណៈ​ល្អប្រសើរ​នៅ​ទូទាំងប្រទេស ដែល​កត្តា​សារ​វ័​ន្ត​ទាំងនេះ បាន​បង្កលក្ខណៈ​អំណោយផល​ដល់​ការអនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​ដំណាក់កាល​ទី៣ នីតិកាល​ទី៥  ក្នុង​គោលដៅ​កសាង​អនាគត​កម្ពុ​ជាមួយ​ដ៏​រុងរឿង​ឆ្លើយតប​នឹង​បំណងប្រាថ្នា​របស់​ប្រជាជន។
  លោក ហ៊ុន សែន ក៏​មិន​ភ្លេច​ពី​ការរៀបរាប់​គុណសម្បត្តិ និង​បញ្ហា​ប្រឈម ដែល​រាជរដ្ឋាភិបាល បាន​ជួប​នា​ឆ្នាំ​កន្លងទៅ​ដែរ។ តាមរយៈ​លិខិត​ជូនពរ​នោះ លោក ហ៊ុន សែន បានសរសេរថា រយៈពេល​ពេញ១ឆ្នាំមមី ដែល​កន្លងផុត​ទៅនេះ រាជរដ្ឋាភិបាល​បាន​ខិតខំ ប្រឹងប្រែង តស៊ូ ពុះពារ និង​អត់ធ្មត់ ហើយ​ជំ​នៈ​ឞា​ន​នូវ​ការលំបាក និង​បញ្ហា​ប្រឈម​គ្រប់បែបយ៉ាង ទាំង​នៅក្នុង​ប្រទេស និង​ក្រៅប្រទេស ដែល​ធ្វើ​ឲ្យ​សេដ្ឋកិច្ចកម្ពុជា ឈានដល់​ដំណាក់កាល​នៃ​ការអភិវឌ្ឍ​ថ្មី​មួយ សម្រាប់​ការត្រៀមខ្លួន និង​បង្កើន​សមត្ថភាព​សម្រាប់​ការប្រកួតប្រជែង​ក្នុង​ក្របខណ្ឌ​តំបន់ និង​ពិភពលោក ជាពិសេស​ការចាប់ផ្តើម​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន នៅ​ចុងឆ្នាំ២០១៥នេះ។ 
  លិខិត​ដដែល​នោះ បាន​ឲ្យ​ដឹងថា ក្នុង​ឆ្នាំ២០១៤ ការប៉ាន់ស្មាន  កម្ពុជា​សម្រេចបាន​កំណើនសេដ្ឋកិច្ច​ក្នុង​រង្វង់៧ភាគរយ ក្នុងនោះ​វិស័យ​ឧស្សាហកម្ម​កើន៩.៦ភាគរយ វិស័យ​សេវាកម្ម​កើន​ចំនួន៧.៥ភាគរយ និង​វិស័យ​កសិកម្ម​មាន​កំណើន​ចំនួន២.៦ភាគរយ រីឯ​អត្រា​ភាពក្រីក្រ​បាន​កាត់បន្ថយ​ម​កក​នៅក្រោម១៨ភាគរយ នៅ​ឆ្នាំ២០១៤ ពោលគឺ​អត្រា​ភាពក្រីក្រ​ត្រូវបាន​កាត់បន្ថយ​បាន​ជាង១ភាគរយ​ក្នុង​មួយឆ្នាំ។
  រាជរដ្ឋាភិបាល​បានចាត់ទុក​ការងារ​កំណែទម្រង់​គឺជា​ការងារ​ដ៏​មាន​អត្ថន័យ និង​កំណត់​ជោគជ័យ​ចំពោះ​ការអនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​ដំណាក់កាល​ទី៣ នីតិកាល​ទី៥ ដើម្បី​ឈានទៅ​សម្រេចបាន​ការងារ​អភិបាលកិច្ច​ល្អ ដែល​នៅតែ​ជា​ស្នូល​នៃ​យុត្តិធម៌​សង្គម សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព និង​សមធម៌។ 
  សម្រាប់​ឆ្នាំ​ថ្មី​នេះ រាជរដ្ឋាភិបាល បាន​ប្តេជ្ញា​បន្ត​រក្សា​ការពារ​សន្តិភាព ស្ថិរភាព សន្តិសុខ និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​បាន​កាន់តែ​រឹងមាំ ដើម្បី​ធានាបាន​បរិស្ថាន​អនុគ្រោះ សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព ដោយ​បន្ត​អនុវត្តន៍​ដោយ​ឥត​រាថយ​នូវ​ដំណើរការ​កែទម្រង់​ស៊ីជម្រៅ​ឲ្យ​កាន់​តែមាន​ប្រសិទ្ធិភាព​ថែមទៀត សំដៅ​ជំរុញ​ការលើក​កម្បស់​អភិបាលកិច្ច​ល្អ ការលុបបំបាត់​អំពើពុករលួយ ការផ្តល់​សេវាសាធារណៈ​ប្រកបដោយ​ការជឿទុកចិត្ត ការពង្រឹង​យុត្តិធម៌ និង​សមធម៌​សម្រាប់​ប្រជាពលរដ្ឋ​គ្រប់រូប ការគ្រប់គ្រង​ម៉ាក្រូសេដ្ឋកិច្ច​ប្រកបដោយ​ស្ថិរភាព ការគ្រប់គ្រង​ធនធានធម្មជាតិ​ប្រកបដោយ​និរន្តរភាព កំណើនសេដ្ឋកិច្ច និង​ការកាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ ដោយ​ឆ្ពោះទៅរក​អនាគត​មួយ​ដ៏​រុងរឿង ភ្លឺស្វាង ស្របតាម​ឆន្ទៈ និង​បំណងប្រាថ្នា​របស់​ប្រជាជាតិ​កម្ពុជា​ទាំងមូល៕  

© រក្សាសិទ្ធិដោយ thmeythmey.com